រាជធានីភ្នំពេញ៖ថ្ងៃទី១៤ កក្កដា ឆ្នាំ២០១៧ នេះក្រុមហ៊ុន អេស ស៊ី ជី ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងតំបន់អាស៊ាន។ ក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសក្នុងសន្និសីទសារព័ត៌មានថា ក្រុមហ៊ុន និងដៃគូបានត្រៀមរៀបចំរួចជាស្រេចសម្រាប់ព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ SCG Muangthong United ASEAN Tour ឆ្នាំ២០១៧ នៅកម្ពុជា ។

ព្រឹត្តិការណ៍ដ៏កក្រើកនេះ គឺការជួបប្រកួតជាថ្មីម្តងទៀត រវាងក្រុមបាល់ទាត់ថៃ SCG Muangthong United និងក្រុមកម្ពុជាគឺ K-Cement Cambodia All Stars ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ កក្កដា នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ ។

ក្នុងអំឡុងសន្និសីទកាសែតនោះ លោក Somwang Manpimolchai នាយកប្រចាំប្រទេសនៃក្រុមហ៊ុន អេស ស៊ី ជី នៅកម្ពុជា បានមានប្រសាសន៍ថា “យើងមានក្តីរំភើបរីករាយចំពោះព្រឹត្តិការណ៍ប្រកួតបាល់ទាត់ SCG Muangthong United ASEAN Tour ឆ្នាំ២០១៧ នៅកម្ពុជា ។ 

ដោយបានរៀបចំម្តងរួចហើយកាលពីឆ្នាំមុន ព្រឹត្តការណ៍នេះបានរួមចំណែកយ៉ាងសំខាន់មួយក្នុងការលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជា ហើយក្នុងឆ្នាំនេះ យើងបានត្រលប់មកវិញជាថ្មីម្តងទៀត ដើម្បីផ្តល់ជូននូវការប្រកួតបាល់ទាត់ដ៏អស្ចារ្យ សម្រាប់អ្នកស្រឡាញ់គាំទ្រកីឡាបាល់ទាត់ ក៏ដូចជាលើកកម្ពស់កីឡាករបាល់ទាត់ និងវិស័យបាល់ទាត់នៅកម្ពុជាបន្ថែមទៀត ។

លោក Somwang Manpimolchai នាយកប្រចាំប្រទេសនៃក្រុមហ៊ុន អេស ស៊ី ជី នៅកម្ពុជា

លោក Somwang បានបន្ថែមទៀតថា៖ «តាមរយៈការប្រកួតកីឡាបាល់ទាត់មិត្តភាពនេះ យើងមានបំណងបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន អេស ស៊ី ជី ក្នុងនាមជាក្រុមហ៊ុនឈានមុខគេមួយក្នុងតំបន់ ដែលតែងតែចូលរួមចំណែកលើកស្ទួយការរស់នៅ នៅគ្រប់ប្រទេសដែលយើងធ្វើប្រតិបត្តិការ »។

ព្រឹត្តិការណ៍នេះ ក៏មានគោលបំណងឲ្យអតិថិជនស្គាល់ម៉ាកយីហោ និងផលិតផលរបស់ អេស ស៊ី ជី កាន់តែច្បាស់ ។ បច្ចុប្បន្ន អតិថិជននៅកម្ពុជាអាចសាងសង់គេហដ្ឋាន ឬអាគារទាំងមូល ដែលប្រើប្រាស់ផលិតផល អេស ស៊ី ជី ដែលរួមមានដូចជា ស៊ីម៉ងត៍ អេស ស៊ ជី ផលិតផល SCG Smartbaord និង SCG Smartwood ស៊ីម៉ង់ត៍លាយស្រេច អេស ស៊ី ជី បំពង់ទីបជ័រ អេស ស៊ី ជី និងស៊ីម៉ង់ត៍ K-Cement ។

រូបភាពសន្និសិទ្ធកាសែត ស្ដីពីព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ SCG Muangthong United ASEAN Tour ឆ្នាំ២០១៧
លោក ម៉ៃ តុលា អគ្គលេខាធិការស្តីទី នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

លោក ម៉ៃ តុលា អគ្គលេខាធិការស្តីទី នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានលើកឡើងស្រដៀងគ្នាថា៖ “កីឡាបាល់ទាត់នៅកម្ពុជា ពិតជាទទួលបានការគាំទ្រច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ 

វិស័យបាល់ទាត់ និងកីឡាករបាល់ទាត់ បានរីកចម្រើនយ៉ាងឆាប់រហ័ស តាមរយៈការសហការឧបត្ថម្ភពីដៃគូជាច្រើន ដូចជាព្រឹត្តិការណ៍ SCG Muangthong United ASEAN Tour នេះជាដើម ។ 

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងកិច្ចសហការពីសំណាក់ក្រុមហ៊ុន អេស ស៊ី ជី និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺក្រុមហ៊ុនស៊ីម៉ង់ត៍ K-Cement ដែលញ៉ាំងឲ្យមានព្រឹត្តិការណ៍នេះឡើង និងរួមចំណែកលើកស្ទួយវិស័យបាល់ទាត់នៅកម្ពុជា ។”

លោក Leonardo Luiz គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិ និងជាគ្រូបង្វឹកក្រុម K-Cement Cambodia All Stars

លោក Leonardo Luiz គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិ និងជាគ្រូបង្វឹកក្រុម K-Cement Cambodia All Stars បានលើកឡើងអំពីការប្រកួត នាពេលខាងមុខនេះថា៖ “កីឡាករ K-Cement Cambodia All Stars បានខិតខំហ្វឹកហាត់យ៉ាងខ្លាំងក្លា ហើយយើងបានសម្រិតសម្រាំងជ្រើសរើសកីឡាករល្អៗ។

ដើម្បីឲ្យការប្រកួតនេះបានបង្ហាញពីភាពរីកចំរើននៃកីឡាបាល់ទាត់នៅកម្ពុជា ក៏ដូចជាផ្តល់ឱកាសឲ្យ កីឡាករទាំងពីរក្រុមបានចែករំលែកបទពិសោធន៍ប្រកួតល្អប្រសើរផងដែរ ។

ខ្ញុំជឿជាក់ថា ការប្រកួតនឹងផ្តល់ភាពរំភើបរីករាយដល់មិត្តទស្សនិកជន ហើយខ្ញុំសូមលើកទឹកចិត្តអោយអ្នកគាំទ្រទាំងអស់ នៅថ្ងៃទី១៦ កក្កដា ខាងមុខនេះ មកចូលរួមទស្សនាការប្រកួតនៅឯពហុកីឡាដ្ឋានឲ្យបានច្រើនកុះករ និងតាមដានតាមកញ្ចក់ទូរទស្សន៍ឲ្យបានគ្រប់ៗគ្នា ។”

លោក Totchtawan Sripan គ្រូបង្វឹករបស់ក្រុម SCG Muangthong United

លោក Totchtawan Sripan គ្រូបង្វឹករបស់ក្រុម SCG Muangthong United បាននិយាយថា៖  «កីឡាករ និងក្រុមការងាររបស់ក្លឹបបាល់ទាត់ SCG Muangthong United បានហ្វឹកហាត់ និងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីត្រៀមសម្រាប់ការប្រកួតដ៏ពិសេសនេះ ។ 

យើងសង្ឃឹមថា ការប្រកួតនឹងប្រព្រឹត្តិទៅដោយរលូន ហើយយើងសង្ឃឹមថា   បទពិសោធន៏ពីការប្រកួតនេះនឹង ជួយលើក កម្ពស់ទេពកោសល្យកីឡាករបាល់ទាត់របស់យើង និងរួមចំណែកអភិវឌ្ឍវិស័យបាល់ទាត់ សម្រាប់ប្រទេសទាំងពីរ »។

កីឡាករ ស៊ូ យ៉ាទី ជាអ្នកចាំទីសម្រាប់ក្រុម K-Cement Cambodian All Stars

កីឡាករ ស៊ូ យ៉ាទី ជាអ្នកចាំទីសម្រាប់ក្រុម K-Cement Cambodian All Stars បាននិយាយថា៖ «ខ្ញុំនឹងខំឲ្យអស់ពីសមត្ថភាព ដើម្បីបង្ហាញឲ្យអ្នកគាំទ្របានឃើញនូវផ្លែផ្កា នៃការហ្វឹកហាត់ដ៏ច្រើនរបស់យើង ។ ខ្ញុំជឿជាក់ថា ការប្រកួតនេះនឹងមានភាពអស្ចារ្យ ហើយខ្ញុំសង្ឃឹមថានឹងនាំជ័យជម្នះជាថ្មីម្តងទៀត សម្រាប់ប្រទេសកម្ពុជា »។

កីឡាករ Charyl Chappuis នៃក្រុម SCG Muangthong United

ដូចគ្នាដែរ កីឡាករ Charyl Chappuis នៃក្រុម SCG Muangthong United បាននិយាយថា៖ «ខ្ញុំ និងក្រុមខ្ញុំ ទន្ទឹងរង់ចាំការប្រកួតនេះជាយូរមកហើយ ។ យើងបានហ្វឹកហាត់យ៉ាងខ្លាំងក្លា ដូចគ្រូបង្វឹករបស់យើងបានលើកឡើង ហើយយើងពិតជាចង់ឈ្នះ ។ ប៉ុន្តែ លទ្ធផលឈ្នះឬចាញ់ មិនអាចប្រៀបផ្ទឹមនឹងឱកាសបង្កើតចំណងមិត្ដភាពរឹងមាំរវាងកីឡាករនៃក្រុមទាំងពីរ និងប្រទេសទាំងពីរបានឡើយ ‍»។

គួរកត់សម្គាល់ផងដែរថា ជាផ្នែកនៃព្រឹត្តិការណ៍ SCG Muangthong United ASEAN Tour ឆ្នាំ២០១៧ នេះ កីឡាករឆ្នើមៗពីក្រុម SCG Muangthong United ក៏នឹងឆ្លៀតរៀបចំសកម្មភាពហ្វឹកហ្វឺនបាល់ទាត់សម្រាប់កុមារ និងយុវវ័យរាប់រយនាក់ ហៅថា “Kick and Share by SCG” នៅពហុកីឡាដ្ឋានជាតិ ក្នុងថ្ងៃទី១៥ កក្កដា សំដៅលើកទឹកចិត្តឲ្យពួកគាត់ស្រឡាញ់ការលេងកីឡា និងចេះប្រើប្រាស់ពេលធ្វើសកម្មភាពដែលមានអត្ថប្រយោជន៍ ។

អ្នករៀបចំកម្មវិធីនេះ លើកទឹកចិត្តឲ្យអ្នកគាំទ្រចូលរួមទស្សនាការប្រកួតដោយផ្ទាល់ឲ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តដល់ក្រុមទាំងពីរ និងទស្សនាការប្រកួតដោយរីករាយ ក៏ដូចជាចូលរួមចំណែកលើកស្ទួយគាំទ្រវិស័យបាល់ទាត់នៅកម្ពុជាផងដែរ ។

សំបុត្រចូលទស្សនាការប្រកួតអាចរកជាវបាននៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៦ កក្កដា ដោយតម្លៃសំបុត្រគឺ ១ដុល្លារសម្រាប់សំបុត្រធម្មតា និង ២ដុល្លារសម្រាប់សំបុត្រវីអាយភី (កន្លែងអង្គុយដែលមានដំបូល) ។

បន្ថែមពីនេះ អ្នកចូលរួមអាចទិញអាវយឺតអនុស្សាវរីយ៍ មួយតម្លៃ៥ដុល្លារ ។ ថវិកាដែលទទួលបានពីការលក់សំបុត្រ លក់អាវយឺតទាំងអស់ នឹងប្រគល់ទៅឲ្យដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាទាំងស្រុង ដើម្បីបន្តអភិវឌ្ឍកីឡាករ និងវិស័យកីឡាបាល់ទាត់នៅកម្ពុជា ឲ្យឈានឡើងមួយកម្រិតទៀត ៕

រូបភាពសន្និសិទ្ធកាសែត ស្ដីពីព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ SCG Muangthong United ASEAN Tour ឆ្នាំ២០១៧

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]