អង់គ្លេស៖  ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៧, នៅថ្ងៃនេះ ក្រុមហ៊ុនរថយន្ត Rolls-Royce ប្រកាសថាខ្លួននឹងអបអរខួប ៥០ ឆ្នាំ នៃអាលប៊ុមចម្រៀង Sgt Pepper’s Lonely Hearts Club Band ដោយនាំយករថយន្ត Rolls-Royce Phantom V មានពណ៌ចម្រុះ ដែលជារបស់តារាចម្រៀង John Lennon មកកាន់ទីក្រុងឡុងដ៍ ដើម្បីឲ្យសាធារណជនអង់គ្លេសបានឃើញ ។

បច្ចុប្បន្ន រថយន្តនេះជាកម្មសិទ្ធិរបស់សារមន្ទីរ Royal British Columbia Museum ក្នុងប្រទេសកាណាដា ហើយរថយន្ត John Lennon Phantom V នឹងធ្វើដំណើរពីប្រទេសកាណាដា មកកាន់ទីក្រុងឡុងដ៍ ដើម្បីចូលរួមពិព័រណ៍រថយន្ត Rolls-Royce “រថយន្ត Phantom ដ៏អស្ចារ្យ ទាំង ៨” ដែលប្រព្រឹត្តទៅនៅឯវិចិត្រសាលដេញថ្លៃ Bonhams ស្ថិតនៅផ្លូវ Bond Street ដែលតំបន់នេះត្រូវបានលោក Lennon ជិះរថយន្តមួយគ្រឿងនេះមកលេងជាប្រចាំនៅចុងទសវត្ស ១៩៦០ ។

កាលពី ៥០ ឆ្នាំមុន ក្រុមចម្រៀង The Beatles ជាក្រុមចម្រៀងប៉ុប ដែលមានលោក Lennon ជាស្ថាបនិក និងជាសមាជិកផងនោះ បានឈរនៅលើកំពូលតារាងជាមួយនិងបទចម្រៀងពេញនិយម មានដូចជា I Saw Her Standing There, Can’t Buy Me Love, A Hard Day’s Night, All My Loving, I Should Have Known Better និងបទ I Feel Fine ។

រថយន្ត Rolls-Royce ប្រារព្វខួប ៥០ ឆ្នាំ នៃអាលប៊ុមចម្រៀង Sgt. Pepper’s Lonely Hearts Club Band

រថយន្ត “John Lennon Phantom V”

មួយឆ្នាំក្រោយមក នៅថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ១៩៦៥ នៅថ្ងៃតែមួយដែលលោក Edward H White ឈានជើងចេញពីយានអវកាស Gemini 4 របស់ខ្លួន ដើម្បីក្លាយជាជនជាតិអាមេរិកដំបូងគេដែលដើរក្នុងអវកាសដែរនោះ លោក John Lennon ត្រូវបានប្រគល់ទំនិញដ៏ពិសេសមួយ ។ នោះគឺរថយន្ត Rolls-Royce Phantom V ដែលមានពណ៌ខ្មៅយ៉ាងរលើប ។ ក្រោយមក លោកនិយាយថា លោកតែងចង់ក្លាយជាមហាសេដ្ឋីដែលប្លែកគេ ហើយរថយន្ត Phantom នោះនឹងក្លាយជាការបោះជំហានមួយឆ្ពោះទៅរកក្តីស្រមៃនោះ ។

លោក Lennon បានកម្ម៉ង់ឲ្យច្នៃរថយន្ត Phantom V របស់គាត់ក្នុងលក្ខណៈជាតារាតន្ត្រីរ៉ុកពិតៗ ។ កន្លែងអង្គុយផ្នែកខាងក្រោយត្រូវបានកែច្នៃជាកន្លែងគេងសម្រាប់មនុស្សពីរនាក់ ហើយក៏មានការតម្លើងទូរទស្សន៍មួយគ្រឿង ទូរស័ព្ទ និងទូរទឹកកក នៅក្នុងនោះដែរ ព្រមជាមួយនឹងម៉ាស៊ីនចាក់ថាសចម្រៀង និងប្រព័ន្ធសម្លេងពិសេស (ដែលមានបំពាក់គ្រឿងបំពងសម្លេងផងដែរ) ។

ក្រោយមក នៅ ខែមេសា ឆ្នាំ ១៩៦៧ នៅពេលដែលការថតចម្រៀងសម្រាប់អាលប៊ុម Sgt. Pepper’s Lonely Hearts Club Band កំពុងតែស្ថិតក្នុងដំណាក់កាលសម្រេច លោក Lennon បានទៅជួបក្រុមហ៊ុនផលិតនាវាឈ្មោះ JP Fallon នៅឯទីក្រុង Surrey ឲ្យបាញ់ថ្នាំថ្មីសម្រាប់រថយន្ត Phantom នេះ ។ រថយន្ត Phantom ដែលត្រូវបានបាញ់ថ្នាំថ្មីៗស្រស់ៗ ត្រូវបានបង្ហាញខ្លួននៅប៉ុន្មានថ្ងៃ មុនការចេញអាលប៊ុម Sgt. Pepper’s ទូទាំងសកលលោក នាថ្ងៃទី ០១ ខែមិថុនា ហើយរថយន្តនេះ ហាក់ប្រៀបបាននឹងផ្នែកមួយនៃគោលគំនិតរួមអំពីអាល់ប៊ុមចម្រៀងនោះ ។ ទស្សនាវដ្ដីល្បីៗ បានសរសេរថា “នេះជាការចេញដំណើរជាប្រវត្តិសាស្ត្រក្នុងដំណើរវិវត្ដន៍របស់វិស័យតន្ត្រី គឺគ្រប់ប្រភេទតន្ត្រីទាំងអស់ ហើយវាពិតជា ស្នាដៃឯក” ។

រចនាបថរ៉ូមានី បែបផ្កាភ្ញី ដូចមានប្រើសម្រាប់រចនារទេះអ្នកដំណើរ និងនាវាដឹកមនុស្សតាមព្រែក

ផ្ទៃពណ៌ថ្មី ត្រូវបានពណ៌នាថា “រវើរវាយ” ហើយពណ៌ទាំងនោះ ជាពិសេស គឺពណ៌លឿងដែលច្រើនជាងគេ ឆ្លុះបញ្ចាំងឲ្យឃើញអំពីពណ៌ក្របអាល់ប៊ុម Sgt. Pepper’s Lonely Hearts Club Band ។ ប៉ុន្តែ បើសម្លឹងឲ្យហ្មត់ចត់ អ្នកនឹងឃើញថា ផ្ទៃពណ៌នោះ មិនមែនមានរាងបត់បែនចៃដន្យនោះទេ ប៉ុន្តែជារចនាបថរ៉ូមានី បែបផ្កាភ្ញី ដូចមានប្រើសម្រាប់រចនារទេះអ្នកដំណើរ និងនាវាដឹកមនុស្សតាមព្រែកដូច្នោះដែរ ។ ទន្ទឹមនឹងនេះ នៅលើដំបូលរថយន្តក៏មានជាការរចនារូបរាសីចក្រថែមទៀតផង ។

រថយន្ត Phantom V ត្រូវបានលោក Lennon ប្រើប្រាស់ជាប្រចាំរហូតដល់ឆ្នាំ ១៩៦៩ (លោក Lennon ក៏មានរថយន្ត Phantom V ពណ៌សមួយគ្រឿងទៀតដែរ) ។ មុនពេលប្ដូរពណ៌ លោកបានប្រើប្រាស់រថយន្តនេះ ដើម្បីទៅទទួលគ្រឿងឥស្សរយស MBE ជាមួយនឹងសមាជិករួមក្រុម នៅឆ្នាំ ១៩៦៥ ហើយបន្ទាប់មកបានប្រើប្រាស់រថយន្តនេះម្ដងទៀត នៅឆ្នាំ ១៩៦៩ ដើម្បីប្រគល់ MBE ទៅឲ្យព្រះបរមរាជវាំងវិញ ដើម្បីសម្ដែងការតវ៉ានឹងសង្គ្រាមវៀតណាម និងបញ្ហាផ្សេងទៀត ។

រថយន្តនោះ ត្រូវបានដឹកទៅសហរដ្ឋអាមេរិកនៅឆ្នាំ ១៩៧០ នៅពេលដែលលោក Lennon ផ្លាស់ទីលំនៅទៅសហរដ្ឋអាមេរិក ហើយបានជូលឲ្យក្រុមតារាតន្ត្រីរ៉ុកផ្សេងទៀត ដូចជា The Rolling Stones, Bob Dylan និង The Moody Blues ។ នៅឆ្នាំ ១៩៧៧ បន្ទាប់ពីរក្សាទុកក្នុងឃ្លាំងមួយរយៈ រថយន្តនេះត្រូវបានបរិច្ចាគដោយមហាសេដ្ឋីមួយរូបឈ្មោះ Jim Pattison ទៅឲ្យសារមន្ទីរ Royal British Columbia Museum នៅឯតំបន់ Victoria ទីក្រុង British Columbia នៃប្រទេសកាណាដា ។

ពិព័រណ៍រថយន្ត Rolls-Royce ដែលមានឈ្មោះថា “រថយន្ត Phantom ដ៏អស្ចារ្យទាំង ៨” នឹងប្រព្រឹត្តទៅនៅវិចិត្រសាល Bonhams ដែលស្ថិតនៅដងវិធី New Bond Street ទីក្រុងឡុងដ៍ ចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ០២ ខែសីហា ៕ 

រថយន្តនេះជាកម្មសិទ្ធិរបស់សារមន្ទីរ Royal British Columbia Museum ក្នុងប្រទេសកាណាដា
លោក Lennon បានកម្ម៉ង់ឲ្យច្នៃរថយន្ត Phantom V របស់គាត់ក្នុងលក្ខណៈជាតារាតន្ត្រីរ៉ុកពិតៗ
រថយន្ត John Lennon Phantom V នឹងធ្វើដំណើរពីប្រទេសកាណាដា មកកាន់ទីក្រុងឡុងដ៍
រថយន្ត Phantom ដែលត្រូវបានបាញ់ថ្នាំថ្មីៗស្រស់ៗ ត្រូវបានបង្ហាញខ្លួននៅប៉ុន្មានថ្ងៃ
រថយន្តនេះ ហាក់ប្រៀបបាននឹងផ្នែកមួយនៃគោលគំនិតរួមអំពីអាល់ប៊ុមចម្រៀងនោះ
“នេះជាការចេញដំណើរជាប្រវត្តិសាស្ត្រក្នុងដំណើរវិវត្ដន៍របស់វិស័យតន្ត្រី គឺគ្រប់ប្រភេទតន្ត្រីទាំងអស់ ហើយវាពិតជា ស្នាដៃឯក”
នៅលើដំបូលរថយន្តក៏មានជាការរចនារូបរាសីចក្រថែមទៀតផង
ផ្ទៃពណ៌ថ្មី ត្រូវបានពណ៌នាថា “រវើរវាយ” ហើយពណ៌ទាំងនោះ ជាពិសេស គឺពណ៌លឿងដែលច្រើនជាងគេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]