រាជធានីភ្នំពេញ ៖ បុរស៤នាក់មានចាប់ចិត្តនារីខារ៉ាអូខេ រាត្រីសេកុង២ បានទៅផឹកស៊ីច្រៀងខារ៉ាអូខេអង្គុយកៀកកើយនារីខារ៉ាអូខេ ចេញមកវិញបាត់សំបុត្របង្កហិង្សាវាយមេកាខារ៉ាអូខេប៉ោងភ្នែក ហើយរត់ចោលម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចហាង រាត្រីសេកុង២ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុ ជនបង្កមានគ្នា៤នាក់ ជិះម៉ូតូ១គ្រឿងម៉ាក យ៉ាម៉ាហាស្ប៉ាក ពណ៍ស្លែ ពាក់ស្លាកលេខ ភ្នំពេញ ១D-០០៦៦ បានចូលផឹកស៊ីនៅហាងខារ៉ាអូខេ រាត្រីសេកុង២ បានផឹកអស់ស្រាបៀរអស់១កេសកន្លះ មាន Free ម្ហូប២មុខ គឺត្រីដុត និងមាន់ដុត និងមាននារី៤នាក់អង្គុយកំដរកៀកកើយផឹកអស់ស្រា ហើយបានហៅគិតលុយអស់៥០ដុល្លារ ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ជនបង្កខាងលើឧស្សាហ៍មកផឹកស៊ីច្រៀងខារ៉ាអូខេ នៅ ហាងខាងលើនេះ ដោយសារពួកគេមានស្រីស្នេហ៍នៅក្នុងហាងនេះ ។ នៅយប់កើតហេតុ ពេលផឹកស៊ីចប់ ហើយបានគិតលុយរួចត្រលប់ទៅផ្ទះវិញ ចៃដន្យជ្រុះបាត់សំបុត្រផ្ញើម៉ូតូ ត្រូវបានមេការ មិនអនុញ្ញាតឲ្យយកម៉ូតូត្រលប់ទៅផ្ទះវិញទេ ស្រាប់តែជនបង្កដែលផឹកស៊ីស្រវឹងផងនោះ បានរករឿងវាយមេការ បណ្តាលឲ្យប៉ោងភ្នែកខាងឆ្វេង ហើយនាំគ្នារត់ចោលម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចទៅដល់កន្លែងកើតហេតុ បានយកម៉ូតូមួយគ្រឿងរបស់ជន បង្ក ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលកាកាប រង់ចាំជនបង្កចូលខ្លួនមកដោះស្រាយជាមួយជនរងគ្រោះ ជាមេការខារ៉ាអូខេ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]