** ប្រលោមលោកខ្មែរឡូត ** 

ជីវិតដ៏ល្អប្រពៃ មានផ្ទះវីឡាធំស្កឹមស្កែ លុយចាយរាប់មិនអស់ ឪពុកម្តាយបងប្អូនក៏រស់នៅស្រួលគ្មានខ្វះខាតអ្វីជាអ្វីដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន ហើយពេលនេះ នាងក៏មានរបស់អស់ទាំងនោះរួចមកហើយដែរ  ប៉ុន្តែ...នាងរស់នៅពោរពេញដោយភាពអផ្សុក ជីវិតគ្មានសេរីភាព។

ចាំថាប៉ុន្មានឆ្នាំមុន សារិកាគ្រាន់តែសិស្សអនុវិទ្យាល័យ ដែលមានជីវិតស្រស់បំព្រង ចេញពីរៀន មកផ្ទះជួយការងារពុកម៉ែ។ ជីវិតនាងសាមញ្ញណាស់ តែពោរពេញដោយសុភមង្គល។ តែពេលដែលម៉ែធ្លាក់ខ្លួនឈឺ វាជាពេលវេលាដែលផ្លាស់ប្តូរជីវិតនាងទាំងស្រុង។ ម៉ែឈឺធ្ងន់ណាស់ត្រូវការវះកាត់បន្ទាន់ ទោះជាគ្រួសារនាងមិនក្ររហូតដល់ថ្នាក់គ្មានបាយហូប ប៉ុន្តែការ វះកាត់របស់ម៉ែនាងដែលទាមទារថ្លៃខ្ពស់ពីពេទ្យជំនាញ វាហួសពីសមត្ថភាពរបស់គ្រួសារនាង។ ចំណែកឯប្អូនប្រុសរបស់នាងវិញក៏ជាប់រឿងក្តីប៉ូលីសចាប់ខ្លួនពីបទសេពគ្រឿងញៀន។ នាងពិបាកចិត្ត មិនដឹងរកច្រកណាបានទេ ទុក្ខវាសង្កត់មកផ្ទួនៗស្ទើរតែដួលទាំងឈរ។

នាងយំ នាងខ្លាចបាត់បង់ម៉ែ និងគ្រួសារនាងណាស់ ប៉ុន្តែនាងគ្មានវិធី ឬច្រកមួយណាដែលអាចរកលុយបានច្រើនបែបនេះឡើយ?

ស្រាប់តែពេលមួយនោះអ្នកជិតខាងរបស់នាងម្នាក់ដែលធ្លាប់នៅក្រុងបានមកជួបនាង។ អ្នកស្រុកអ្នកភូមិនាំគ្នានិយាយល្ហៀងៗថា មីងម្នាក់នោះគាត់ជាមេខ្យល់ និងមេបននៅទីក្រុង។ នាងក៏មិនខុសពីក្មេងស្រីៗដែលមីងគាត់ធ្លាប់លួងលោម តែអាចថាសំណាងខ្លះដែរទេ? ដោយសារតែឃើញរូបសម្បត្តិ និងអត្តចរិតស្រីក្រមុំរបស់នាង មីងគាត់បានប្រាប់នាងថាមានលោកធំចង់រកស្រីកំដរ ឬភាសាងាយៗថាស្រីកំណាន់ ១ យប់។ នាងភ័យខ្លាចខ្លាំងណាស់ ប៉ុន្តែស្ថានភាពរបស់ម៉ែធ្វើឱ្យនាងហ៊ានប្រថុយ។ ជីវិតស្រីក្រមុំអាយុ ១៨ ឆ្នាំបានខ្ទេចខ្ទីក្រោមដៃអ្នកធំម្នាក់ដែលមានអាយុលើសពុករបស់នាងទៅទៀត។ នាងស្រែកទ្រហោយំស្តាយក្រោយ តែយ៉ាងណាទីបំផុតនាងក៏អាចជួយគ្រួសាររបស់នាងបានពិតមែន។ ម៉ែបានជាសះស្បើយផុតគ្រោះថ្នាក់ ប្អូនក៏បានរួចផុតពីឃុំឃាំងព្រោះតែមានលុយសូកគេ ក្រោមការលះបង់សាច់ស្រស់ឈាមស្រស់របស់សារិកាអភ័ព្វ។ ។

នឹកស្មានថាជីវិតដ៏ខ្មៅកខ្វក់របស់នាងនឹងបានរួចទុក្ខទោសទៅហើយ ប៉ុន្តែមីងម្នាក់នោះបានមកម្តងទៀត ហើយនិយាយថាលោកធំនោះស្រលាញ់ពេញចិត្តនាង ចង់បាននាង និងចិញ្ចឹមជាស្រីកំណាន់ផ្តាច់មុខ។ នាងបានបដិសេធដាច់ខាត ប៉ុន្តែទទួលនូវការគំរាមពីអ្នកធំម្នាក់នោះដែលជាអ្នកមានអំណាច បើនាងហ៊ានជំទាស់មានតែផ្លូវស្លាប់តែមួយគត់ មិនមែនតែម្នាក់ទេគឺទាំងគ្រួសារ។

ទីបំផុតនាងបានឡើងមករស់នៅផ្ទះវីឡាដ៏ស្កឹមស្កែមួយ ដោយមានអ្នកបំរើឆ្វេងស្តាំ និងអង្គរក្ស ការពារគ្រប់ច្រកល្ហក។ ក្រៅពីសំងំនៅផ្ទះ ចាំមនុស្សបំរើបាយទឹក និងចាប់តុបតែងខ្លួន រាល់យប់នាងត្រូវធ្វើជាកញ្ជះតណ្ហាអ្នកធំម្នាក់នោះ។ នាងយំឡើងលែងមានទឹកភ្នែកស្រក់ហើយ ព្រោះទឹកភ្នែកបានក្លាយជាទឹកកក ខ្លួនប្រាណគ្រាន់តែជាតុក្កតាគ្មានវិញ្ញាណចាំបំរើតណ្ហាគេ។ នាងឈឺចាប់ នាងអផ្សុក និងសែនស្អប់ជីវិតដ៏ថោកទាបរបស់ខ្លួនណាស់ តែនាងត្រូវតែទ្រាំដើម្បី គ្រួសារនាងរស់នៅបានស្រួល។

លោកធំម្នាក់នោះដែលមិនស្គាល់សូម្បីតែឈ្មោះ និងឋានៈក្នុងសង្គម ចាប់ផ្តើមស្រលាញ់ និងយកចិត្តនាងកាន់តែខ្លាំង។ នាងត្រូវបានផ្តល់គ្រប់យ៉ាងតាំងពីផ្ទះ Apartment ឡានទំនើបៗ គ្រឿងអលង្ការ កាតក្រេឌីតដែលចាយគ្មានកំណត់ និងដំណើរកំសាន្តគ្រប់ប្រទេស។ តែនាងគ្មានសេរីភាព។ នាងអាចដើរកំសាន្តគ្រប់ទីកន្លែង ទិញអ្វីបានគ្រប់យ៉ាង តែត្រូវតែមានអង្គរក្សដើរតាមគ្រប់ជំហាន។  នាងអាចទូរស័ព្ទទៅលេងអ្នកផ្ទះបាន តែត្រូវបានគេឃ្លាំមើល និងថតសម្លេងទុក ហើយគ្មានសិទ្ធ ទៅលេងឪពុកម្តាយឯស្រុកបានទេ។ នាងមិនអាចមានមិត្តភក្តិ និងមិនអាចរាប់អានអ្នកក្រៅ នេះជាបទបញ្ជាផ្តាច់ការរបស់លោកធំ។ នាងគ្មានសិទ្ធជំទាស់ អ្វីដែលអាចធ្វើបាននោះគឺ ងក់ក្បាលយល់ព្រម និងឆ្លើយចាស៎តែប៉ុណ្ណោះ។

សារិកាជាប់ទ្រុងដូចជានាង គ្មានសិទ្ធសូម្បីតែស្រែកយំ ទោះបីជាឈឺចាប់យ៉ាងណាក៏ដោយ។ នាងពិតជាចង់បានសេរីភាពមួយមកវិញខ្លាំងណាស់ ប៉ុន្តែមិនអាចធ្វើបាន។ ផ្លូវដែលអាចជ្រើសបានដើម្បីសេរីភាពមួយនេះគឺមានតែ២គត់ ទី១ គឺសេចក្តីស្លាប់ ទី២គឺពេលដែលលោកធំម្នាក់នោះព្រមដោះលែងនិងលែងត្រូវការនាងទៀត។ សម្លឹងមើលទេសភាពខាងក្រៅចេញពិបន្ទប់គេងរបស់នាង ពិតជាស្រងោះស្រងាចខ្លួនឯង ណាស់ ចង់យំក៏យំមិនចេញ ចង់ស្លាប់ក៏ស្លាប់មិនបាន អ្វីដែលអាចធ្វើបាននោះគឺទ្រាំ ទ្រាំដែលមិនដឹងថាពេលណានឹងអាចរត់រួចទោសនរកលោកកិយ៍មួយនេះបាន៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]