ភ្នំពេញ៖ ខ្សែបម្រើប្រយុទ្ធរបស់ក្រុមជម្រើសជាតិជប៉ុន និងក្លិបយក្សនៅអ៊ីតាលីនៅ Ac Milan កីឡាករ Keisuke Honda បានប្រាប់ខាងសារព័ត៌មានឲ្យដឹងថា ខ្លួនបានសម្គាល់ឃើញកីឡាករកម្ពុជាមួយរូបមានសមត្ថភាពជាងគឺ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅប្រទេសជប៉ុន។ នេះបើយោងតាមវីដេអូសម្ភាសរបស់ PNN 

អំឡុងពេលដែលក្រុមជម្រើសជាតិជប៉ុន មកប្រកួតជាមួយកម្ពុជា ក្នុងវគ្គជម្រុះពានរង្វាន់ World Cup កាលពីឆ្នាំ២០១៥ Honda បានសម្គាល់ឃើញថា កីឡាកររបស់កម្ពុជាមួយចំនួន កំពុងមានសក្តានុពល ហើយមានការវិវត្តន៍ ជាពិសេសនោះ គឺ កីឡាករ ចាន់ វឌ្ឍនាកា ដែលជាកីឡាករឆ្នើមជាងគេ ហើយបច្ចុប្បន្នកំពុងលេងនៅលីកប្រទេសជប៉ុន។

គួរបញ្ជាក់ថា Honda សព្វថ្ងៃ គឺជាម្ចាស់ភាគហ៊ុនរបស់ក្លិបនៅកម្ពុជាមួយគឺ Soltilo Angkor FC ដែលមានមូលដ្ឋានមកពីខេត្តសៀមរាប។

Honda បានបន្ថែមទៀតថា ខ្លួនមានបំណងចង់ឲ្យក្លិប Soltilo ផលិតយុវជនឲ្យបានច្រើន និងមានសមត្ថភាពដូច ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ដើម្បីជួយដល់ក្រុមជម្រើសជាតិកម្ពុជា។

គួរឲ្យដឹងទៀតថា ក្លិប Soltilo កំពុងស្ថិតនៅក្នុងប្រទេសជប៉ុន ដើម្បីធ្វើការហ្វឹកហាត់ និងទទួលបទពិសោធន៍មួយចំនួនពាក់ព័ន្ធនឹងបាល់ទាត់ ពីម្ចាស់ក្លិបដែលជាកីឡាករបាល់ទាត់ផ្ទាល់ គឺ Keisuke Honda៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]