បរទេស៖ ខែ្សបម្រើស្លាបរបស់ក្រុម Paris Saint-Germain កីឡាករ Angle Di Maria ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ និងពិន័យជាប្រាក់ ១.៧៦លានផោន (ជាង២លានដុល្លារ) ក្រោយពីរូបគេបានទទួលស្គាល់ និងសារភាពថាបានក្លែងបន្លំពន្ធ។

អតីតកីឡាកររបស់ក្រុមបិសាចក្រហម Manchester United បានទទួលស្គាល់នូវការក្លែងបន្លំឯកសារពន្ធដាច់ដោយឡែកចំនួនពីរ ដោយក្នុងឯកសារមួយគឺត្រូវកាត់ទោសជាប់ពន្ធនាគាររយៈពេល៦ខែ។  

Di Maria ត្រូវពិន័យជាប្រាក់ ១.៧៦លានផោន និងត្រូវជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ពីបទក្លែងបន្លំពន្ធ

បច្ចុប្បន្នខែ្សបម្រើស្លាបរបស់ក្រុមអ្នកមានបារាំង PSG ត្រូវបានគេរកឃើញថាបានក្លែងបន្លំពន្ធរបស់រដ្ឋាភិបាលនៃប្រទេសអេស្ប៉ាញ ក្នុងចំនួនទឹកប្រាក់ ១.១៤លានផោន (១.៤៤លានដុល្លារ) អំឡុងពេលដែលរូបគេលេងឲ្យក្លិបអធិរាជស Real Madrid ចន្លោះឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៤។

ទោះជាយ៉ាងណា កីឡាករវ័យ២៩ឆ្នាំ នេះ ទំនងមិនចំណាយពេលណាមួយចំពោះករណីនេះឡើយ។ នៅប្រទេសអេស្ប៉ាញ ទោសជាប់ពន្ធនាគារក្រោម២ឆ្នាំ ត្រូវបានព្យួរជាញឹកញាប់ប្រសិនបើជនជាប់ចោទមិនធ្លាប់មានបទឧក្រិដ្ឋពីមុនមកទេនោះ៕ 

Di Maria អំឡុងពេលលេងឲ្យ PSG

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]