បរទេស៖ កំពូលអ្នកប្រដាល់សញ្ជាតិហ្វីលីពីន Manny Pacquiao ដែលមានវ័យជិត៣៩ឆ្នាំហើយនោះ បាននឹងកំពុងខិតខំហ្វឹកហាត់ឡើងសង្វៀនជាលើកទី៦៨របស់ខ្លួន ដោយត្រូវតទល់នឹងជើងខ្លាំងសញ្ជាតិអូស្ដ្រាលី Jeff Horn នៅដើមខែកក្កដា ខាងមុខនេះ។

Pacquiao បានចាប់ផ្ដើមត្រៀមរៀបចំការប្រកួតរបស់ខ្លួន ដោយបានខិតខំហ្វឹកហាត់នៅកន្លែងហាត់ប្រាណហើយបានបង្ហោះវីដេអូអំពីការហ្វឹកហាត់របស់គេថែមទៀតផង កាលពីយប់ថៃ្ងអាទិត្យកន្លងទៅ។

នៅក្នុងវីដេអូនោះ Pacquiao បានសរសេរថា «ខ្ញុំត្រៀមខ្លួនរួចរាល់ហើយសម្រាប់ថៃ្ងទី២ ខែកក្កដា»។  

Pacquiao បង្ហោះវីដេអូហ្វឹកហាត់របស់ខ្លួន
Pacquiao ធើ្វជាដាល់នៅពីមុខកាមេរ៉ា

Pacman បានហ្វឹកហាត់ជាមួយបងប្អូនរបស់គេ នៅប្រទេសហ្វីលីពីន ក្នុងរយៈពេល២,៣សប្ដាហ៍ចុងក្រោយនេះ ដែលជាធម្មតាបុរសសញ្ជាតិហ្វីលីពីន តែងតែបង្ហោះនូវរូបភាព ក៏ដូចជាវីដេអូដែលទាក់ទងទៅនឹងការហ្វឹកហាត់របស់គេ។

ការប្រកួតនៅខែកក្កដា នេះ គឺជាការប្រកួតដំបូងដែល Pacquiao បានឡើងសង្វៀនក្នុងប្រទេសអូស្ដ្រាលី ហើយរូបគេបានទទួលស្គាល់ថា ខ្លួននឹងមិនមើលស្រាលលើដៃគូដែលមានវ័យក្មេងជាងឡើយ។

Pacquiao នឹងឡើងសង្វៀនក្នុងប្រទេសអូស្ដ្រាលី ជាលើកដំបូង

Pacquiao បាននិយាយទៅលើ Jeff Horn ថា៖ «គេគឺជាអ្នកប្រដាល់ល្អ មានភាពរហ័ស និងជាអ្នកប្រយុទ្ធដ៏ខ្លាំង»។

រូបគេបន្ដថា«ខ្ញុំខិតខំហ្វឹកហាត់ទៅលើល្បឿន និងធើ្វឲ្យរាងកាយមាំឡើងវិញ សម្រាប់ការប្រកួតនេះ ហើយភាពរហ័សនឹងជួយឲ្យខ្ញុំបំបាក់គេ»។  

គួរបញ្ជាក់ថា Jeff Horn ធ្លាប់ជាគ្រូបង្រៀនក្នុងប្រទេសអូស្ដ្រាលី មុនពេលដែលចូលជាកីឡាករប្រដាល់ ហើយនាពេលនេះ រូបគេពុំទាន់ស្គាល់ពាក្យថាចាញ់ឡើយ ដោយប្រកួតជាផ្លូវការ១៦ដង ឈ្នះទាំង១៦ដង៕

Manny Pacquiao
Jeff Horn
Manny Pacquiao និង Jeff Horn

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]