បង់ក្លាដេស៖  ភ្លៀងមូសុងដ៏កាចសាហាវ បានបង្កឲ្យបាក់ដីយ៉ាងធ្ងន់ធ្ងរ នៅតំបន់ភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដេស បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១០៧នាក់បានស្លាប់បាត់បង់ជីវិត។ ក្នុងនោះរួមមានកងទាហានចំនួន ៥នាក់ផងដែរ។ នេះបើយោងតាមការចុះផ្សាយ ពីសារព័ត៌មាន BBC ។

តាមសម្តីអ្នកនាំពាក្យរដ្ឋបាលស្រុក Rangamati បានឲ្យដឹងថា ការបាក់ដីតែមួយកន្លែងនេះ បានឆក់ជីវិតមនុស្សយ៉ាងហោចណាស់៦០នាក់។ ក្រុមភ្នាក់ងារជួយសង្គ្រោះជាច្រើន កំពុងមានភាពស្មុគស្មាញ និងការលំបាកក្នុងការជួយសង្គ្រោះជនរងគ្រោះយ៉ាងខ្លាំង ដោយសារបញ្ហាអាកាសធាតុ។  រីឯបណ្តាញទូរគមនាគមន៍ និងបណ្តាញអគ្គិសនីក្នុងតំបន់មួយចំនួន ត្រូវបានកាត់ផ្តាច់ និងផ្អាកដំណើរការបណ្តោះអាសន្ន។

លោក Reaz Ahmed ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ឲ្យដឹងថា «ពួកយើងមិនទាន់អាចទៅដល់ គ្រប់តំបន់មួយចំនួនដែលរងគ្រោះបានទេ ដោយសារភ្លៀងមានសម្ពាធខ្លាំងពេក»

បើតាមប្រភពបានឲ្យដឹងថា តំបន់ក្នុងស្រុក Rangamati ដែលមានជួរកូនភ្នំតូចៗជាច្រើន មានព្រំប្រទល់ជាប់ប្រទេសឥណ្ឌា បានរងការស្រុតបាក់ដីយ៉ាងខ្លាំង បណ្តាលឲ្យគ្របសង្កត់លើផ្ទះរបស់ប្រជាពលរដ្ឋ។

អ្នកនាំពាក្យរដ្ឋបាលស្រុក Rangamati បានឲ្យដឹងថា ការបាក់ដីតែមួយកន្លែងនេះ បានឆក់ជីវិតមនុស្សយ៉ាងហោចណាស់៦០នាក់

មេប៉ូលិសប្រចាំតំបន់ បានថ្លែងប្រាប់សារព័ត៌មាន AFP ឲ្យដឹងថា ភាគច្រើននៃជនរងគ្រោះដែលបានស្លាប់ គឺសុទ្ធសឹងកំពុងសម្រាកលង់លក់ក្នុងផ្ទះរបស់ពួកគេ។ រីឯកងទាហានវិញ ស្លាប់នៅពេលកំពុងឈូសឆាយផ្លូវ ដែលត្រូវបានដីបាក់សង្កត់ស្លាប់។

លើសពីនេះ កំពង់ផែសំខាន់ៗនៅរាជធានី Dhaka និង Chittagong នៃប្រទេសបង់ក្លាដេស ក៏ទទួលរងបញ្ហារំខាន និងរាំងស្ទះ ដោយសារភ្លៀងមូសុងដ៏ខ្លាំងក្លានេះផងដែរ។

គួររំឮកផងដែរថា កាលពីខែឧសភាមុននេះ មនុស្សយ៉ាងហោចណាស់ ៨នាក់បានស្លាប់បាត់បង់ជីវិត និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋរាប់ពាន់ខ្នង ត្រូវបានរងការបំផ្លិចបំផ្លាញ បន្ទាប់ពីមានខ្យល់ព្យុះស៊ីក្លូន (Cyclone Mora) វាយប្រហារមកលើតំបន់ភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដេស ខណៈប្រជាជនជាងមួយលាននាក់ ត្រូវបានជម្លៀសចេញ។

ការបាក់ដីដែលបង្កឡើងដោយខ្យល់ និងភ្លៀងមូសុង តែងកើតមានជាញឹកញាប់ នៅតំបន់ភាគខាងត្បូងប្រទេសបង់ក្លាដេស។ ជាក់ស្តែងកាលពីឆ្នាំ២០០៧ មនុស្សប្រមាណ១៣០នាក់ ត្រូវបានគេរាយការណ៍ថាស្លាប់បាត់បង់ជីវិត ដោយសារការបាក់ដីនេះដូចគ្នាក្នុងទីក្រុង Chiitagong ៕

លោក Reaz Ahmed ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ឲ្យដឹងថា «ពួកយើងមិនទាន់អាចទៅដល់ គ្រប់តំបន់មួយចំនូនដែលរងគ្រោះបានទេ ដោយសារតែ ភ្លៀងមានសម្ពាធខ្លាំង»
ភាគច្រើននៃជនរងគ្រោះដែលបានស្លាប់ គឺសុទ្ធសឹងកំពុងតែលង់លក់ក្នុងដំណេក ក្នុងផ្ទះរបស់ពួកគេ
កំពង់ផែសំខាន់ៗនៅរាជធានី Dhaka និង Chittagong នៃប្រទេសបង់ក្លាដេស ក៏ទទួលរងបញ្ហារំខាននិងរាំងស្ទះ ដោយសារតែភ្លៀងមូសុងដ៏ខ្លាំងក្លានេះផងដែរ

ប្រភព៖ BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]