(កំពង់ស្ពឺ)៖ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី សម សាមួន បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧នេះថា ករណីប្លន់យកសំរិទ្ធដ៏កក្រើក នៅពេលយុទ្ធនាការ រកសម្លេងឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ នៅភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ៤នាក់ និងបានរកឃើញថាសម្ភារៈដែលត្រូវចោរប្លន់ គឺជារបស់ក្លែងក្លាយ មិនមានតម្លៃថ្លៃរហូតដល់៣៥ម៉ឺនដុល្លារ ដូចការអះអាងរបស់ជនរងគ្រោះនោះទេ។

តាមលោកឧត្តមសេនីយ៍ ក្នុងសំណុំរឿងនេះ នគរបាលបានឃាត់បានក្រុមជនសង្ស័យចំនួម៤នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ដែលបានធ្វើសកម្មភាពប្លន់យកលោហធាតុ ដែលជនរងគ្រោះអះអាងថា ជាវត្ថុមានតម្លៃមហាសាលមិនតិចជាង៣៥ម៉ឺនដុល្លាឡើយ។

លោក សម សាមួន បានបញ្ជាក់ថា មុខសញ្ញាជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងសមត្ថបើកការស៊ើបអង្កេត និងស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជបន្តបន្ទាប់ ដោយមានកិច្ចសហការល្អជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង ស្នងការដ្ឋានខេត្តកំពង់ធំ ចាប់បានតាំងពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ត្រូវបានបញ្ចប់ ដោយឡែកមុខសញ្ញាម្នាក់ទៀតកំពុងគេចខ្លួន។

ជនសង្ស័យទាំង៤នាក់ ត្រូវបាននគរបាលប្រាប់ថា ទី១៖ ឈ្មោះ សេង រិទ្ធី ភេទប្រុស អាយុ ៣៤ឆ្នាំ ,ទី២៖ ឈ្មោះ ហេង សុខ ភេទប្រុស អាយុ ៤១ឆ្នាំ, ទី៣៖ ឈ្មោះ ឆែល សេង ភេទប្រុស អាយុ ២៧ឆ្នាំ និងទី៤៖ ឈ្មោះ ម៉ូត ម៉ុល ភេទប្រុស អាយុ៤៥ឆ្នាំ ដែលពួកគេទាំងអស់នេះ ត្រូវបានឃាត់ខ្លួននៅភ្នំពេញ និងខេត្តកំពង់ធំ។

រំលឹកផងដែរថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោងង១០៖៤៩នាទី មានជនល្មើសចំនួន៥នាក់ ស្លៀកពាក់ស៉ីវិលជិះម៉ូតពីរគ្រឿង មិនស្គាល់ម៉ាក បាននាំគ្នាឡើងលើផ្ទះឈ្មោះ ស៉ិន រីម ភេទប្រុស អាយុ៥០ឆ្នាំ នៅភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាពចាប់ជនរងគ្រោះ ចងនៅលើផ្ទះក្នុងបន្ទប់ ដែលជាកន្លែងរៀបអសន្ន: បាយសីបន់ស្រន់ ក្រោយពេលចងហើយ បានយកវត្ថុពីរដុំមានរូបរាងដូចក្បាល គ្រាប់ M79 ពណ៌ខ្មៅ ដែលជនរងគ្រោះអះអាង ជាវត្ថុបុរាណមានតម្លៃប្រមាណ៣៥ម៉ឺនដុល្លារ ។

ក្រោយពេលយកបានហើយ ជនល្មើសជិះម៉ូតូគេចខ្លួនបាត់។ នៅកន្លែងកើតហេតុ ជនល្មើសបានបន្សល់ទុកស្បែកជើង នៅនឹងកាំជណ្តើរបស់ជនរងគ្រោះចំនួន៤គូ។

នៅពេលជនល្មើសចុះមកដល់ដី បានប្រតាយប្រតប់ជាមួយ ឈ្មោះ សុខ រ៉េត ប្រុស៣១ឆ្នាំ ត្រូវជាកូនរបស់ជនរងគ្រោះ ហើយជនល្មើសវ៉ៃបណ្ដាលឱ្យរងរបួសក្បាល។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង៤នាក់បានហើយនោះ សមត្ថកិច្ចបានរកឃើញថា លោហធាតុ ដែលជនរងគ្រោះអះអាងថាមានតម្លៃជិត៣៥ម៉ឺនដុល្លារនោះ គឺជនរងគ្រោះគ្រាន់តែប្រឌិតរឿងប៉ុណ្ណោះ ពោលគឺជាលោហធាតុធម្មតា៕ 

ជនសង្ស័យ៤នាក់
ប៉ូលិសចុះទៅអន្តរាគមន៍
វត្ថុតាង ដែលសង្ស័យប្លន់យក

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]