ភ្នំពេញ៖ ពិធីករល្បីប្រចាំប្រទេសកម្ពុជា លោក អ៊ិត សេដ្ឋា បើទោះបីជាលោកបានស្លាប់ ទៅហើយយ៉ាងណាក្តី ប៉ុន្តែកេរ្តិ៍ឈ្មោះនិងស្នាដៃរបស់លោក នៅតែជាប់ក្នុងដួងចិត្តរបស់មហាជនជានិច្ច។

ដំណឹងនៃការស្លាប់របស់លោក បានធ្វើឲ្យមហាជនក្តុកក្តួលយ៉ាងខ្លាំង និងជាពិសេសនោះគឺអាណិតដល់ កូនៗទាំង៣របស់លោក ដែលបានបាត់បង់ឪពុកជាទីស្រលាញ់។

លោក អ៊ិត សេដ្ឋា និងអ្នកនាង យុគ ចិន្តា

ដោយសារតែក្តីអាណិតមេត្តា ថ្នាក់ដឹកនាំ ឯកឧត្តម និងសប្បុរសជនយ៉ាងច្រើនកុះករ បាននាំគ្នាជួយជ្រោមជ្រែង និងឧបត្ថម្ភចំពោះក្រុមគ្រួសាររបស់លោក អ៊ិត សេដ្ឋាផងដែរ។ ដោយក្នុងនោះ លោកឧកញ៉ា ម៉ុង ឫទ្ធី បានសន្យាប្រគល់ផ្ទះល្វែងមួយខ្នងនៅឯខេត្តព្រះសីហនុ ជាមួយនឹង ទឹកប្រាក់ចំនួន ៥០០ដុល្លារ ឲ្យទៅក្រុមគ្រួសារសព ។

លោកឧកញ៉ា ម៉ុង ឫទ្ធី

ចំណែកឯរាល់ការចំណាយទាំងអស់ នៅក្នុងពិធីបុណ្យសព របស់លោក អ៊ិត សេដ្ឋាឯនេះវិញ ក៏ត្រូវបានលោកឧកញ៉ា គិត ម៉េង ទទួលធានារ៉ាប់រង ទាំងអស់ថែមទៀតផង។

លោកឧកញ៉ា គិត ម៉េង

បន្ថែមពីនេះ បើយោងតាមការបង្ហោះរបស់លោក ហេង ឡុង  ប្រធានសមាគមន៍ជួយសិល្បៈខ្មែរ បានប្រាប់ឲ្យដឹងថា ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានឧបត្ថម្ភជួយជាទឹកប្រាក់ចំនួន ២០លានរៀល និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ក៏បានឧបត្ថម្ភ ១៥លានរៀលទៀត ចំពោះក្រុមគ្រួសារលោក អ៊ិត សេដ្ឋាផងដែរ។

ឯកឧត្តម ហ៊ុន ម៉ាណែត និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន

កាលពីប៉ុន្មានម៉ោងមុននេះ លោកឯកឧត្តម លី ឆេង អគ្គនាយកនៃសាលាអន្តរជាតិ ប៊ែលធី បានផ្តល់អាហាររូបករណ៍ពិសេស ដល់កូនៗទាំង៣នាក់ របស់លោក អ៊ិត សេដ្ឋា ឲ្យមកបន្តការសិក្សានៅសាលា ប៊ែលធី អន្តរជាតិ រហូតដល់ចប់កម្មវិធីសិក្សា ដែលក្នុងនោះរួមមាន៖

១. ទទួលបានអាហាររូបករណ៍ ១០០% សិក្សាទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេស

២. ឯកសណ្ឋាន ២កំផ្លេ ក្នុង ១ឆ្នាំ

៣. សៀវភៅពុម្ភទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសជារៀងរាល់ឆ្នាំ

លើសពីនេះទៅទៀត កូនស្រីច្បងនឹងទទួលបានអាហាររូបករណ៍បន្ថែមមួយទៀតគឺ អាហាររូបករណ៍ ១០០% សិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិមួយចប់កម្មវិធីសិក្សាផងដែរ។

លោកឯកឧត្តម លី ឆេង អគ្គនាយកនៃសាលាអន្តរជាតិ ប៊ែលធី

ក្រៅពីការឧបត្ថម្ភខាងលើនេះហើយ ខាងក្រុមតារាជាច្រើន រួមទាំងក្រុមកំប្លែងនាយពាក់មី និងក្រុមការងារទាំងអស់របស់ទូរទស្សន៍ បានរួមគ្នារៀបចំពិធីប្រមូលមូលនិធិ CTN ជួយដល់គ្រួសារលោក អ៊ិត សេដ្ឋា ដោយធ្វើការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍CNC ដើម្បីស្វែងរកមូលនិធិពីសប្បុរសជនផងដែរ។

ពិធីប្រមូលមូលនិធិ CTN ជួយដល់គ្រួសារលោក អ៊ិត សេដ្ឋា

យោងតាមព័ត៌មានមុននេះបន្តិច ពិធីការិនី ដៃគូ ជាមួយនឹងលោកអ៊ិត សេដ្ឋា នោះគឺអ្នកនាង យុគ ចិន្តា ក៏បានប្រឹងប្រែងរៃអង្គាសប្រាក់ពីបងប្អូនខ្មែរ ដែលរស់នៅឯសហរដ្ឋអាមេរិក នៅបណ្តារដ្ឋ Lowell នៃទីក្រុង Massachusetts និងរដ្ឋ Texas នៃទីក្រុង Houston ដើម្បីជួយដល់ក្រុមគ្រួសារសពលោក អ៊ិត សេដ្ឋាផងដែរ៕

អ្នកនាង យុគ ចិន្តា ក៏បានប្រឹងប្រែងរៃអង្គាសប្រាក់ពីបងប្អូនខ្មែរ ដែលរស់នៅឯសហរដ្ឋអាមេរិក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អុិត សេដ្ឋា