រាជធានីភ្នំពេញ ៖ រហូតមកដល់ពេលនេះដំណឹងពីការវិលត្រឡប់មកជួប កូនៗរបស់អតីតភរិយាលោកអិុត សេដ្ឋា នៅតែជាអាថ៌កំបាំង ព្រោះមិនមានអ្នកណាម្នាក់ហ៊ាននិយាយដល់រឿងនេះទេ។

ទាំងមហាជន និងអ្នកសិល្បៈភាគច្រើនបានអំពាវនាវដល់អតីតភរិយារបស់លោក អិុត សេដ្ឋា ឱ្យវិលមកជួបកូនទាំងបីរបស់ខ្លួនវិញ ក្នុងពេលដែលពួកគេកំពុងរស់នៅរងាឯកា ជាមួយជីដូនចាស់។

ការវិលពីបរទេសដើម្បីចូលរួមបុណ្យ និងជួបមុខកូនរបស់ភរិយាលោក អិុត សេដ្ឋា នៅតែស្ថិតក្នុងអាថ៌កំបាំង ខណៈពេលម្តាយរបស់លោកអិុត សេដ្ឋា ហាក់លាក់លៀមនៅឡើយ ពាក់ព័ន្ធទៅនឹងដំណឹងមួយនេះ ។

ម្តាយរបស់លោកអិុត សេដ្ឋា អះអាងប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅថ្ងៃទី៧ ខែមិថុនា ២០១៧ ថា រឿងពាក់ព័ន្ធជាមួយអតីតភរិយារបស់លោកអិុត សេដ្ឋា នោះគឺគាត់សុំមិននិយាយអ្វីឡើយ ព្រោះបើនិយាយវាអាចប៉ះពាល់ដល់អារម្មណ៍ កូនៗរបស់លោកអិុត សេដ្ឋា ។

ការវិលមកជួប កូនៗ ក៏ដូចជាមកចូលរួមបុណ្យ៧ថ្ងៃ និង១០០ថ្ងៃរបស់ភរិយាលោក អិុត សេដ្ឋា ឬយ៉ាងណានោះ លោកយាយមិនអាចនិយាយ និងសន្មតបានទេ គឺត្រូវតាមដានបន្តទៀត ។ ការអះអាងរបស់លោកយាយជាម្តាយលោក អិុត សេដ្ឋា នេះហាក់បង្កប់អាថ៌កំបាំងអ្វីមួយ ក្នុងពេលដំណឹងពីមរណភាពរបស់លោក អិុត សេដ្ឋា ត្រូវផ្សព្វផ្សាយយ៉ាងទូលំទូលាយ ។

បើយោងតាមអ្នកសិល្បៈដែលជិតស្និទ្ធនឹងលោកអិុត សេដ្ឋា បង្ហើបឱ្យដឹងថាដំណឹងពីមរណភាពរបស់លោកអិុត សេដ្ឋា គឺបានផ្សព្វផ្សាយឱ្យដឹងដល់អតីតភរិយា ក៏ដូចជាក្រុមគ្រួសារខាងភរិយារបស់លោកហើយ ។

រយៈពេលនៃការធ្វើបុណ្យសពលោកអិុត សេដ្ឋា កន្លងមកនេះ ក្រុមការងារដែលរៀបចំបុណ្យសពនៅមិនទាន់បានទទួលជំនួយ ឬការចូលរួមណាមួយពីខាងសាច់ញាតិអតីតភរិយារបស់លោកទេ។

លោកអិុត សេដ្ឋា និងភរិយាអ្នកនាងស សុភាព បានលែងលះបន្ទាប់ពីអ្នកទាំងពីររួមរស់ជាមួយគ្នាអស់រយៈពេលជាង១០ឆ្នាំ ហើយមានកូនប្រុស ស្រីចំនួន៣នាក់ ។

ដំណឹងពីការលែងលះរបស់លោកអិុត សេដ្ឋា និងភរិយាមិនត្រូវគេទម្លាយឱ្យដឹងទេ តែប្រភពក្រៅផ្លូវការអះអាងថា ការលែងលះនោះដោយសាររស់នៅមិនចុះសម្រុងនឹងគ្នា ។

ក្រោយពីរៀបការជាប្តីប្រពន្ធមក លោក អិុត សេដ្ឋា និងភរិយាបានចេញទៅរស់នៅអាមេរិកអស់មួយរយៈ មុនពេលលោកត្រឡប់មកស្រុកខ្មែរវិញ ក្រោយលេចចេញរឿងលែងលះ ។ ការវិលមកស្រុកខ្មែរវិញរបស់លោកអិុត សេដ្ឋា នាពេលនោះ គឺលោកមិនមានអ្វីនៅសេសសល់ក្នុងខ្លួនទេក្រៅពី កូនៗទាំង៣របស់លោក ខណៈពេលភរិយារបស់លោកត្រូវគេអះអាងថា ចាកចេញពីទឹកដីអាមេរិកទៅចាប់ជីវភាពថ្មីនៅលើទឹកដីប្រទេសអូស្ត្រាលី ។

ប្រធានផលិតកម្មវិធីកម្សាន្តនៅស្ថានីយទូរទស្សន៍ស៊ីធីអិន លោកសុវណ្ណ រិទ្ធី ហៅលោកតា វិចទ័រ ធ្លាប់លើកឡើងថា ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ លោកគិតថាអតីតភរិយារបស់លោកអិុត សេដ្ឋា នឹងមិនដាច់ចិត្តទុកឱ្យកូនរបស់ខ្លួនរស់នៅកណ្តោចកណ្តែងគ្មានឪពុកម្តាយទេ ។ លោកវិចទ័រ ចង់ឱ្យអតីតភរិយារបស់លោកអិុត សេដ្ឋា និងសប្បុរសជនជួយសម្រេចបំណងចុងក្រោយរបស់លោកសេដ្ឋាដែលចង់មានផ្ទះសមរម្យមួយសម្រាប់កូន និងម្តាយចាស់របស់លោក ៕

កាល រូបភាព លោក អ៊ិត សេដ្ឋា នៅរស់
ពេលលោក ធ្លាក់ខ្លួនឈឺ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អុិត សេដ្ឋា