ស្ថានភាព​ភូមិសាស្ត្រ

«​ខេត្តក្រចេះ​» គឺជា​ឈ្មោះ​ខេត្ត​មួយ​ក្នុង​ប្រទេស​កម្ពុជា ។ ក្រុង​របស់​ខេត្ត​មានឈ្មោះ​ថា ក្រុង​ក្រចេះ ។ ក្រចេះ​គឺជា​ខេត្ត​តូច​មួយ តែ​គួរ​ឲ្យ​ចាប់ចិត្ត សិ្ថ​ត​នៅ​ប៉ែក​ឦសាន​នៃ​ប្រទេស​កម្ពុជា ក៏​ដូច​ជា​រាជធានី​ភ្នំពេញ គឺ​មាន​ទីតាំង​លាតសន្ធឹង​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​។ ខេត្ត​នេះ​មាន​ព្រំប្រទល់​ជាប់​នឹង​ស្ទឹង​ត្រែង​នៅ​ភាគ​ខាងជើង មណ្ឌលគិរី នៅ​ខាងកើត​ជាប់​នឹង​ខេត្តកំពង់ធំ និង​កំពង់ចាម នៅ​ខាងលិច​ជាប់​នឹង​ខេត្ត​ត្បូងឃ្មុំ និង​ប្រទេស​វៀតណាម ។

ខេត្តក្រចេះ​មាន​ផ្លូវ​គមនាគមន៍​ត​ភ្ជាប់​៣​ខ្សែ គឺ​ផ្លូវជាតិ​លេខ​៧A ចម្ងាយ​៣៤0​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ និង​ផ្លូវ​កៅស៊ូ​កំណាត់​ផ្លូវជាតិ​លេខ​៧៣ មួយ​ខ្សែ​កាត់​ស្រុក​តំបែ ខេត្ត​ត្បូងឃ្មុំ​មក​ទល់​នឹង​ស្រុក​ឆ្លូង និង​មាន​ផ្លូវ​តាម​ជួរ​មាត់​ទ​នេ្ល​មួយ​ខ្សែ​ទៀត​មាន​ចម្ងាយ​ប្រហាក់ប្រហែល​នឹង​ផ្លូវទឹក​ទ​នេ្ល​មេគង្គ​២២០​គីឡូម៉ែត្រ ។ ការ​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​រថយន្ត​គឺ​មិន​លើស​ពី​៥​ម៉ោង​ទេ ពិតជា​បាន​ដល់​ក្រុង​ក្រចេះ ។

ប្រ​វត្ត​ិខេត្តក្រចេះ

ចំពោះ​ប្រវត្តិ​ឈ្មោះ​ខេត្តក្រចេះ គឺ​នៅ​មិន​ទាន់​មាន​ឯកសារ​ណាមួយ​បង្ហាញ​ឲ្យ​ច្បាស់​នៅឡើយ​ទេ ។ តែបើ​តាម​ការ​ដកស្រង់​ចេញពី​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​បាន​បង្ហាញ ផ្សេង​ៗ​គ្នា​ជុំវិញ​ឈ្មោះ និង​ប្រវត្តិ​នៃ «​ខេត្តក្រចេះ​» ។

បើ​តាម​ឯកសារ​មួយ​បាន​បង្ហាញ​ថា «​ខេត្តក្រចេះ​» ជា​ដែនដី​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​កម្ពុជរដ្ឋ​នៃ​យើង តាំងពី​សម័យ​ចេ​ន​ឡា​មក​ម្ល៉េះ ដោយហេតុ​ថា «​ស្រុក​សំបូរ​» ដែល​ស្ថិត​នៅ​តាម​ដង​ទន្លេមេគង្គ​គឺជា​អតីត​រាជធានី​នៃ «​ចេ​ន​ឡា​ទឹក​លិច​» មានឈ្មោះ​ថា «​ក្រុង​ស​ម្ភុ​បុ​រៈ​» ។

តាម​ពាក្យ​របស់​ព្រឹទ្ធាចារ្យ​នៅ​តំបន់​នោះ ក៏​ដូច​ជា​តាម​ឯកសារ​មួយ​ចំនួន​បាន​បង្ហាញ ថា​«​ក្រចេះ​»​គឺជា​ពាក្យ​ក្លាយ​ពី​ភាសា​បារាំង​ថា GATILLE (​ហ្គា​ទី​ឡេ​) ដោយ​អ្នកបកប្រែ​ឱ្យ​អាជ្ញាធរ​បារាំង​ពេល​នោះ​និយាយ​ពុំ​ត្រូវ​តាម​ភាសា​បារាំង​នាំ​ឱ្យ​ពាក្យ GATILLE(​ហ្គា​ទី​ឡេ​) នោះ ក៏​ក្លាយជា​ពាក្យ​«​ក្រចេះ​» ។

ឯកសារ​ប្រវត្តិសាស្ត្រ​នោះ​បញ្ជាក់​ថា ដោយ​មានការ​បះបោរ​ប្រឆាំង​នៃ​ជនជាតិ​ព្នង ចំពោះ​បារាំង​នា​សម័យ​នោះ ពួក​បារាំង​បាន​ចាត់​កងកម្លាំង​បញ្ជូន​ទ័ព និង​ចាត់​លោក GATILLE ឱ្យ​ផ្គត់ផ្គង់​សម្ភារ​សឹក​ភ័ស្តុភារ និង​បោះទីតាំង​មូលដ្ឋានទ័ព​នៅ​ចំ​ក្រុង​ក្រចេះ​សព្វ​ថ្ងៃនេះ ។ មូលដ្ឋានទ័ព​នោះ​គេ​ឱ្យឈ្មោះ​ថា CAMP LOGISTIQUE DE GATILLE មាន​ន័យ​ជា​ខេមរភាសា​ថា ជំរំ GATILLE ។ ដូច្នេះ​ហើយ ទើប​មាន​អ្នកខ្លះ​យល់​ថា​ពាក្យ​ក្រចេះ​នេះ​យក​តាម​ឈ្មោះ​មេទ័ព​បារាំង GATILLE នេះ ។

វចនានុក្រម​ខែ្ម​រ​របស់​ស​មេ្ត​ច​ព្រះ​សង្ឃរាជ ជួន ណាត ភាគ​ទី​១​និង​ភាគ​ទី​២ ត្រង់​ទំព័រ ៩៣០​បោះពុម្ព​ឆ្នាំ​១៩៦៧ សរសេរ​ថា «​ក្រចេះ​» (​ន​) (​ពាក្យ​ជនជាតិ​ស្ទៀង​) ក្របី កំពង់​ក្រចេ កំពង់ចម្លង​ក្របី ក្លា​យមក​ជា​ពាក្យ​ក្រចេះ ។ ដូច​គ្នា​នេះ​តាម​ការ​រៀបរាប់​របស់​ចាស់ទុំ​រស់នៅ ក្នុង​តំបន់​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​សម័យ​ដើម​ខេត្តក្រចេះ​មាន​ជនជាតិ​ដើម​ភាគតិច​ជា​ច្រើន​រស់នៅ ។ មានការ​ទាក់ទង​ពាណិជ្ជកម្ម ផ្សេង​ៗ​នៅ​ភូមិភាគ​ឦសាន​ទាំងមូល​តាម​ច្រក «​កំពង់ចម្លង​ក្របី​» របស់​ជនជាតិ​ស្ទៀង​ឆ្លង​ពី​ក្រចេះ​ទៅ​តំបន់​ខាងលើ និង​ក្រចេះ​មក​តំបន់ ខាងក្រោម ហើយ​តែងតែ​មក​ផ្លាស់​ប្តូរ​ទំនិញ​ទៅ​វិញ​ទៅ​មក​នៅ​កំពង់ចម្លង​នេះ ។ ផែ្អ​ក​ទៅ​តាម​ឯកសារយោង​របស់​លោក​ជួប ឃាន ស្តី​ពី​ដើម​កំណើត និង​ប្រ​វ​តិ្ត​នាម​ខេត្តក្រចេះ​ចុះ​ថៃ្ង​ទី​១៨ មេ​សា​២០០១ បញ្ជាក់​ថា សម័យកាល​ក្រុង​ស​ម្ភុ​បុ​រៈ (​ស្តេច​លាវ​) តែងតែ​នាំ​សួយ​សារ ផ្សេង​ៗ មក​ថ្វាយ​សេ្ត​ច​ខែ្ម​រ​តាម​រយៈ​កំពង់ចម្លង​នេះ​ដែរ ។ នេះ​ជា​ប្រវត្តិ ខ្លះ​ៗ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ខេត្តក្រចេះ ។

របប​សង្គ្រាម

បើ​តាម​ឯកសារ​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​ខេត្តក្រចេះ​ឲ្យ​ដឹង​ថា «​ខេត្តក្រចេះ​» ក៏​ជា​សមរភូមិ​ដ៏​ក្ដៅ​គគុក​កាលពី​អំឡុង​ទសវត្សរ៍​ទី​៧០ ហើយ​ត្រូវ​រង​ការ​ទម្លាក់​គ្រាប់បែក​ជា​អនេក​ពី​ទ័ព​អា​មេ​រិ​ក ។ ដោយ​កាលនោះ​កងទ័ព​វៀតណាម ដែល​យកឈ្នះ​លើ​ទ័ព​ខ្មែរក្រហម​បាន​ចូល​មក​កាន់កាប់​ខេត្តក្រចេះ​ក្នុង​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​១៩៧៨ ។

នៅ​សម័យ​បារាំង​បាន​ចាត់​ឱ្យ​ចៅហ្វាយខេត្ត មួយ​រូប​មក​កាន់កាប់​ដែន​ឦសាន​ទាំងមូល​មាន​ងារ​ជា «​ឧកញ៉ា​មហាជន​បទ រដ្ឋ​រុក្ខា​មហារ​ន្ត​គ្រាម សេនា​ធិ​បតី សិរី​អនុរក្ស​ឧត្តម​ក្រម ពាហុ​» ឯ​រដ្ឋបាល​ខេត្ត​មាន​ងារ​ជា «​ព្រះ​ពិ​ភក្តិ​ជនបទ » ។

ឯកសារ​មួយ​ចំនួន​បាន​បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា លោក​លន់ ន​ល់ ធ្លាប់​ជា​អភិបាល​នៃ​ខេត្តក្រចេះ​នៅ​ឆ្នាំ​១៩៥៤ ។ អំឡុង​ការ​លុកលុយ​របស់​បរទេស និង​សង្គ្រាម​រដ្ឋប្បវេណី​ជា​ច្រើន លើក​ច្រើន​សា​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ខេត្តក្រចេះ​បាន​ត្រូវ​គេ​មើល ឃើញ​ថា​រង​នូវ​ការ​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា ។ អំឡុង​ប្រតិបត្តិការ​បញ្ជី ក្រចេះ​បាន​រង​ការ​ទម្លាក់​គ្រាប់បែក​យ៉ាង​ធ្ងន់​ដោយ​សហរដ្ឋអាមេរិក ។ ការ​ប្រមូល​យក​អាវុធយុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ និង​ការ​ដោះ​មីន គឺជា​កិច្ចការ ថ្មី​ៗ​នៅ​ពេល​បច្ចុប្បន្ន​ដ៏​សំខាន់ ។

សម្បត្តិ​បេ​តក​ភណ្ឌ

ខេត្ត​នេះ​ក៏​ធ្លាប់​ជា​អតីត​រាជធានី​ស​ម្ភុ​បុ​រៈ​អំឡុង​សម័យ​ចេ​ន​ឡា ដែល​រាជធានី​នោះ​មាន​ទីតាំង​ស្ថិត​នៅ​ស្រុក​សំបូរ ។

ខេត្តក្រចេះ​ក៏​បាន​បន្សល់​ប្រាសាទបុរាណ​មួយ​ចំនួន​ដែល​បាន​កសាង​ឡើង​នៅ​សតវត្ស​ទី​៨ ដូច​ជា ប្រាសាទ​នាង​ពៅ ស្ថិត​នៅ​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ប្រាសាទព្រះធាតុ ខ្វាន់​ពីរ ស្ថិត​នៅ​ស្រុក​ចិត្រ​បុរី ប្រាសាទ​ទួល​ត្រពាំង​ថ្ម ស្ថិត​នៅ​ស្រុក​សំបូរ​នៅ​ខាងកើត ប្រាសាទប្រាំ ប្រាសាទ​កោះ​គ្រី​ង ដែល​មាន​រូប​ទេវៈ​ដ៏​ល្អ វិចិត្រ​ជា​ច្រើន ។ ព្រះ​វិហារ​សសរ​មួយ​រយ​ដែល​បាន​កសាង​នៅ​សតវត្ស​ទី​១៦។ វត្ត​នេះ​មាន​ជាប់​ទាក់ទង​នឹង​រឿងព្រេង​ខ្មែរ គឺ​រឿង​ក្រពើ​នេន​ធន ។ ផ្ទះ បុរាណ​ៗ​របស់​ខ្មែរ អគារ​រចនាបថ​បារាំង និង​ប្រាសាទ​ជា​ច្រើន​ទៀត ដែល​គេ​មិន អាច​ស្គាល់់ឈ្មោះ ព្រោះ​បាន​បែកបាក់​អស់ហើយ​។ ក្រៅពី​ប្រាសាទ​មាន​ផ្ទាំង​សិលាចារឹក​ដែល​ជា ស្នាដៃ​របស់​បុព្វបុរស​ខែ្ម​រ​មាននៅ​សេសសល់​រហូត​ដល់​សព្វ​ថៃ្ង ទាំង​អស់នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា ខេត្តក្រចេះ​ពិតជា មានសម្បត្តិ​វប្ប​ធ​ម៌‌​ប្រវត្តិសាស្ត្រ សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ​ជាតិ និង​អន្តរជាតិ ដើម្បី​ឈ្វេងយល់​បាន​កាន់តែ​ច្រើន ។

ស្ថានភាព​បច្ចុប្បន្ន

ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា ទទួល​បាន​ស្ថិរភាព​នយោបាយ​ពេញលេញ ទន្ទឹម​និង​កម្ពុជា​កំពុង​តែ​បោះ​ជំហាន​ទៅ​កាន់​ឆាក​អន្តជាតិ ទាំង​ការ​អភិវឌ្ឍ និង​ស្ថិរភាព​នយោបាយ​ក្រោម​មាគ៌​៌ា​ដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ធ្វើ​ឲ្យ​ខេត្តក្រចេះ​ក៏​បោះ​ជំហាន​លើ​ការ​អភិវឌ្ឍ​ឥត​ឈប់​ឈរ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​មិន ចាញ់​បណ្តា​ខេត្ត​ដទៃ​ទៀត ទាំង​ហេ​ដ្ឋា​រចនា​សម្ព័​ន ស្ពាន ថ្នល់ ក៏​ដូច​ជា អគារ គ្រឹះស្ថាន តូច​ធំ រហូត​ធ្វើ​ឲ្យ​ខេត្ត​ដ៏​តូច​ច្រឡឹង​មួយ​នេះ​ជាប់​ចំណាត់ថ្នាក់​ទទួល​បាន​ជ័យ​លា​ភី​កុលាប​២​ទង​លើ​វិស័យ​ទេសចរណ៍ ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ ។

សក្តានុពល​ធនធានធម្មជាតិ

ក្រៅពី​សម្បូរ​ទៅ​ដោយ​ធនធានធម្មជាតិ​ដ៏​សម្បូរ​បែប ទាំង​នៅ​លើ​ដី​មានព្រៃ​ព្រឹក្សា រ៉ែ​មាស ប្រាសាទ មាន​អំណោយផល​ល្អ​សម្រាប់​វិស័យ​កសិកម្ម ដោយ​វាលស្រែ​ដី​មាន ជីជាតិ​នៅ​ក្នុង​ទឹក​សម្បូរ​ដោយ​ត្រី ពិសេស​មេ​ពូជ​ត្រី ធំ​ៗ​នៅ​តាម​អន្លង់​មេគង្គ​ក្នុងស្រុក​សំបូរ និង​មាន​សត្វ​ផ្សោត​ទឹកសាប​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ។

ខេត្តក្រចេះ​ស្ថិត​នៅ​តំបន់​ខ្ពង់រាប​ប៉ែក​ឦសាន​នៃ​ប្រទេស​កម្ពុជា សំបូរ​ទៅ​ដោយ​សម្បត្តិ​វប្ប​ធ​ម៌‌​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​ជា​ច្រើន ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឱ្យទៅ​ទស្សនា​កម្សាន្ត និង​សិក្សា​ស្រាវជ្រាវ​ដើម្បី​បានឃើញ​បាន​យល់ និង​បាន​ស្គាល់​ពី​ទិដ្ឋភាព​ពិត​នៃ​ស​ម្ប​តិ្ត​ទាំងនោះ​ដោយ​ខាន​ពុំ​បាន ។

ក្រៅ​អំពី​លទ្ធភាព​ខាង​ផែ្ន​ក​ទេសចរណ៍​ខេត្តក្រចេះ​អាច​ផ្តល់​លទ្ធភាព​លើ​វិស័យ ផ្សេង​ៗ​ទៀត​ជា​ច្រើន ដូច​ជា​វិស័យ សេដ្ឋកិច្ច សង្គមកិច្ច វប្ប​ធ​ម៌‌ និង​អរិយ​ធ​ម៌‌ ដែល​ជា​កេរដំណែល​ពី​ដូនតា​របស់​ខែ្ម​រ​បាន​បន្សល់​ទុក​ឱ្យ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដល់​កូនចៅ​ជំនាន់​ក្រោយ​ផង​ដែរ ។

ក្រចេះ​ក្រុង ជាទី​ប្រជុំជន​តូច ប៉ុ​នែ្ត​ស្អាត​លម្អ​ទៅ​ដោយ​អគារ​ស្ថាបនា​តាំងពី​ទស​វត្ស​១៩៤០-១៩៥០​និង​ដែល​មាន​រចនាបថ​ល្អ​ប្រណីត ។ នៅ​គ្រប់​ទី​ក​នែ្ល​ង​ក្នុង​ខេត្ត​ប្រកបដោយ​ធម្មជាតិ​ពិត​ដ៏​សែន​មនោ​រម្យ នៅ​ខាង​មុខ​មាន​ដង​ទ​នេ្ល និង​កោះ នៅ​ខាងក្រោយ​មាន​បឹង​ដ៏​ធំ ដែល​មាន​ជំនោរ បរិសុទ្ធ ។ អ្នក​ដែល​បាន​ទៅ​ដល់​ខេត្តក្រចេះ ជា​លើក​ដំបូង​ប្រាកដជា​មាន​អារម្មណ៍​សប្បាយ​រីករាយ​និង​បាន​គយគន់​ទេសភាព និង​ស្រូបខ្យល់ រំភើយ​ៗ​នា​ពេល​ថៃ្ង​រៀប​លិច​ដ៏​ស្រស់​ត្រកាល ។

ក្រៅពី​នេះ​នៅ​មាន​ទេសភាព​ដ៏​ស្រស់​សោ ភ័​ណ ថៃ្ង​លិច​គង​ព្រៃ​កោះ​ទ្រង់​ដ៏​ស្អាត​គួរ ឱ្យ​ចង់​ទស្សនា​ទៀត​ផង ។ ខេត្តក្រចេះ មាន​កំណើន​ភ្ញៀវ​ទេសចរ​ទេ្វ​ដង​ក្នុង មួយ​ឆ្នាំ​ៗ ។ កត្តា​ទាំងនេះ​បាន​ចង្អុល​ឲ្យ​ខេត្តក្រចេះ​ជ្រើសរើស​យក​វិស័យ​ទេសចរណ៍ ជា​វិស័យ​អាទិភាព​ក្នុង​កិច្ចការ​ស្តារ និង​អភិវឌ្ឍ​សេដ្ឋកិច្ច ទោះ​តាម​រយៈ​ចំណូល​ដោយ​ផ្ទាល់​កី្ត ដោយ​ប្រយោល​កី្ត ក៏​វិស័យ​ទេសចរណ៍​បាន​និង​កំពុង​ជំរុញ​យ៉ាង​ស្វាហាប់​ដើម្បី​ធ្វើ​ជា​ឧបករណ៍​វិជ្ជមាន​មួយ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ បង្កើន​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​ជាង​២៨​ម៉ឺន​នាក់​នៅ​ខេត្តក្រចេះ ។

ស្ថានភាព​ប្រជាពលរដ្ឋ

សព្វថ្ងៃ​ខេត្តក្រចេះ មាន​ដង់ស៊ីតេ​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​ជាង​២៨​ម៉ឺន​នាក់ បែងចែក​ជា​ស្រុក​៥ និង​ក្រុង​១ ចែក​ចេញ​ជា​៤១​ឃុំ​-​សង្កាត់ និង​២៥៣​ភូមិ ។ ពលរដ្ឋ​ដែល​រស់នៅ អចិន្ត្រៃយ៍​នៅ​ខេត្ត​ក្រចេះ​ភាគច្រើន​គឺជា​កសិករ ឬ​អ្នកនេសាទ ។ ៧៨%​ពួក​គាត់​ជា​អ្នកមាន ការងារ​ក្នុង​វិស័យ​កសិកម្ម ។ ៣០%​នៃ​គ្រួសារ​ដែល​នៅ​ខេត្តក្រចេះ​រកបាន​តិច​ជាង​១​ដុល្លារ ក្នុង​មួយ​ថ្ងៃ ។ អត្រា​ភាព​ក្រីក្រ​របស់​ខេត្ត គឺ​នៅ​មាន​តិចតួច ។ ការ​ជីក​រក​រ៉ែ​មាស​មួយ​ភាគ​មាននៅ​ក្នុង​ខេត្តក្រចេះ ។ ដី​ភាគច្រើន​នៅ​ខេត្តក្រចេះ​មិនសូវ​មាន​ជីជាតិ​ទេ ខេត្ត​នេះ​កាលពី​ដំបូង ដាំ​ដំណាំ​ឧស្សាហកម្ម​ដែលរ​ស់បាន​យូរ​ឆ្នាំ​ដូច​ជា​កៅស៊ូ ។ ខេត្តក្រចេះ​មាន​សក្ដានុពល ជា​គោលដៅ​បរិស្ថាន និង​អេកូ​ទេសចរណ៍ ។ ក៏​ព្រោះតែ​ខេត្តក្រចេះ​ជា​ខេត្ត​មួយ​ដែល​មាន ទីតាំង​នៅ​ស្រប​នឹង​ដង​ទន្លេ​មេ​គ​ង្ក ទឹកទន្លេ​មេគង្គ​ហូរ​ចាប់ពី​ខាងជើង​ទៅ​ខាងត្បូង​ខេត្ត មាន​ប្រវែង​ប្រហែល​១៤០​គីឡូ​មែ​ត្រ ។

ខេត្តក្រចេះ​មាន​កន្លែង​ទេសចរណ៍ គួរ​ឲ្យ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មាន​ដូច​ជា រមណីយដ្ឋាន​ព្រែក​កាំ​ពី​ដែល​មាន​សត្វ​ផ្សោត​ទឹកសាប​ដ៏​កម្រ​នៅ​លើ​ព​ភព​លោក ។ វិស័យ​ទេសចរណ៍ ត្រូវ​បាន​ពលរដ្ឋ​ចាត់ទុកជា​ប្រភព​ចំណូល​ដ៏​ចម្បង​បន្ទាប់​ពី​របរ​កសិកម្ម ។ ចំណូល​បាន​មក​ពី​ទេសចរណ៍ គឺ​ពលរដ្ឋ​ខ្លះ​ទទួល​បាន​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រ​យា​ល ៕

«​ខេត្តក្រចេះ​» គឺជា​ឈ្មោះ​ខេត្ត​មួយ​ក្នុង​ប្រទេស​កម្ពុជា
រូបភាព៖ តំណាងប្រចាំខេត្ត ក្រចេះ
រូបភាព៖ តំណាងប្រចាំខេត្ត ក្រចេះ
រូបភាព៖ តំណាងប្រចាំខេត្ត ក្រចេះ
រូបភាព៖ តំណាងប្រចាំខេត្ត ក្រចេះ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]