« បងសន្យា...តែ ៣ឆ្នាំទេ...ពួកយើងនឹងនៅជាមួយគ្នា អូនត្រូវតែចាំបង» សំលេងមនុស្សដែលខ្ញុំស្រលាញ់បំផុតនៅតែឮក្នុងខួរក្បាលរបស់ខ្ញុំ ហើយខ្ញុំតែងតែដាស់តឿនខ្លួនឯងថា ជិតដល់ពេលហើយ ខ្ញុំអាចទ្រាំបាន ខ្ញុំអាចធ្វើបាន។ ខ្ញុំញញឹមជូរចត់ដាក់ទូរស័ព្ទ មើលសារដែលផ្ញើចេញលើកទី ៥ ក្នុងថ្ងៃនេះ តែមានតែសារតបខ្លីៗថា « រវល់ »  រួចបែរមើលទៅប្រុសម្នាក់ ដែលកំពុងតែដើរសំដៅចូលអគារពាណិជ្ជកម្មមួយនេះ។ ប្រុសម្នាក់ដែលមានជីវិតជោគជ័យទាំងរឿងការងាររកស៊ី និងជីវិតគ្រួសារ....។

ខ្ញុំឱបឯកសារដកដង្ហើមធំ រួចគោះទ្វារបន្ទប់អគ្គនាយក។ មែនហើយបន្ទប់មួយនេះខ្ញុំចេញចូលញឹកញាប់បំផុត តែមួយរយៈក្រោយនេះអារម្មណ៍ល្អៗចាប់ផ្តើមប្រែប្រួល។

« ចូលមក »  សំលេងគ្រលររបស់មនុស្សម្នាក់ដែលខ្ញុំស្តាប់សាំបំផុតបន្លឺឡើង ដំណើរធ្ងន់ៗ រួមទាំងសំលេងស្បែកជើងកែងចោទរបស់ខ្ញុំឈានជើងចូលបន្ទប់នោះ។

« បាទ....បានៗល្ងាចនេះបងនឹងចេញទៅផ្ទះឱ្យឆាប់បំផុតណា បាយៗអូនសម្លាញ់»

« នេះ ហ្ហេស? រវល់របស់បង?​»
 « ចាំ..និយាយគ្នានៅផ្ទះចុះ » គេនៅស្ងៀមបន្តិច រួចនិយាយតិចៗ

« ផ្ទះ??? »  ខ្ញុំនិយាយមួយម៉ាត់ទាំងសើចចំអកឱ្យខ្លួនឯងតិចៗ រួចបែរខ្នងដើរចេញពីបន្ទប់មួយនេះ។

ខ្ញុំមានអារម្មណ៍ថាទីនេះលែងសាកសមសំរាប់ខ្ញុំហើយ។ ពេលវេលាដែលខ្ញុំខំរង់ចាំ ពេលវេលា ដែលខ្ញុំខំស៊ូទ្រាំនឹងការមើលងាយពីមនុស្សជុំវិញ ពេលវេលាដែលខ្ញុំសង្ឃឹមថាអ្វីៗនឹងល្អប្រសើរឡើង តែការពិតទៅក្តីសង្ឃឹមខ្ញុំបានចាប់ផ្តើមបាត់រូបរាងបន្តិចម្តងៗ នៅថ្ងៃដែលគេរៀបការជាមួយកូនស្រីម្ចាស់ក្រុមហ៊ុនពាណិជ្ជកម្មមួយនេះ។ ហើយរហូតដល់ថ្ងៃនេះ ៣ឆ្នាំហើយក្តីសង្ឃឹមខ្ញុំក៏សឹងតែរលាយបាត់អស់គ្មានសល់។

« ស្រីលួចលាក់ » ជាឈ្មោះដែលអ្នកនៅក្រុមហ៊ុននេះលួចហៅខ្ញុំនៅក្រោយខ្នង សំឡេងរិះគន់ មើលងាយ និយាយដើម និងក្រសែភ្នែកមើលងាយរបស់ពួកគេ ជាអ្វីដែលខ្ញុំទ្រាំអស់រយៈពេល ៣ ឆ្នាំមកហើយ។ ខ្ញុំនៅត្រូវទ្រាំនឹងទឹកមុខញញឹមញញែមស្លូតបូត មិនដឹងខ្យល់អីរបស់មនុស្សស្រីដែលមានឈ្មោះថា ប្រពន្ធអគ្គនាយកទៀត។ មែនហើយ នាងជាមនុស្សស្រីស្អាត ស្លូតបូត មានកិត្តិយស ថែមជាកូនស្រីអ្នកមានស្តុកស្តម្ភទៀត ដូច្នេះហើយបានជានាង ក្លាយជាឧបករណ៍ដែលជួយយឹតយោងវាសនាអនាគតរបស់ពួកយើង។

អគ្គនាយកថ្ងៃនេះ កាលពីមុនគ្រាន់ជាបុរសក្រីក្រម្នាក់ ដែលមានស្នេហ៍ស្មោះចំពោះនារីស្រុកស្រែចំការដូចជាខ្ញុំ។ ព្រោះតែក្តីស្រលាញ់លើសលប់ និងដោយសារតែពួកយើងក្រីក្រ ខ្លាំងពេកពួកយើងក៏ជួលផ្ទះមួយរួមរស់ជាមួយគ្នាជាប្តីប្រពន្ធ។ ពេលនោះពួកយើងពិបាកខ្លាំងណាស់ ផ្ទះជួលតូចដាក់បានត្រឹមគ្រែគេង និងសំភារៈប្រើប្រាស់បន្តិចបន្តួច រាល់យប់ពួកយើងត្រូវប្រជ្រៀតគ្នាគេងលើគ្រែតូចមួយនេះ។ ការរស់នៅត្រូវធ្វើការបណ្តើរ រៀនបណ្តើរ យប់ខ្លះពួកយើងមានតែត្រីចៀនតូចមួយជាអាហារពេលយប់ តែពួកយើងសប្បាយចិត្តណាស់ មានសុភមង្គលណាស់ ទោះអត់ ពិបាកយ៉ាងណា ពួកយើងនៅតែញញឹមដាក់គ្នាជានិច្ច។ 

ប៉ុន្តែអ្វីៗគ្រប់យ៉ាងចាប់ផ្តើមប្រែប្រួល នៅថ្ងៃដែលគេបានជួបមនុស្សស្រីម្នាក់នោះ។ ខ្ញុំចាំបានថាយប់នោះភ្លៀងខ្លាំងណាស់ គេមកផ្ទះយឺតជាងធម្មតា ព្រោះគេបានជួយមនុស្សស្រីម្នាក់ ដែលត្រូវចោរឆក់កាបូប មនុស្សស្រីដែលតែងខ្លួនស្អាតៗ ឬកពាថ្លៃថ្នូរ។ ការពិតមនុស្សស្រីម្នាក់នោះ ជាកូនស្រីរបស់អ្នកមានមុខមាត់ម្នាក់ក្នុងសង្គម។ ព្រោះតែចង់អរគុណ នាងបាននាំគេចូលទៅជួបអ្នកផ្ទះនាង និងបានញ៉ាំបាយល្ងាចក្នុងភូមិគ្រឹះដ៏ស្តុកស្តម្ភមួយនោះទៀតផង។ ទោះជាមិនសូវពេញចិត្តចំពោះវត្តមានបុរសក្រីក្រម្នាក់នេះ តែអ្នកផ្ទះនាងក៏មិនហ៊ានជំទាស់បំណងរបស់អ្នកនាងតែម្នាក់នៅក្នុងផ្ទះដែរ។ ខ្ញុំធ្លាប់ឃើញនាងម្តងនៅមហាវិទ្យាល័យ នាងស្អាត រម្យទម រួសរាយ នាងតែងរកឱកាសទាក់ទង និងទៅរកគេញឹកញាប់។ គ្រាន់តែឃើញទឹកមុខនាងពីចំងាយខ្ញុំមើលដឹងទៅហើយថាក្នុងចិត្តនាងគិតអ្វីនោះ។ កែវភ្នែកបែបនេះ ទឹកមុខបែបនេះ ស្នាមញញឹមបែបនេះ ដូចជារូបភាពរបស់ខ្ញុំកាលពីមុនអ៊ីចឹង។ ខ្ញុំខឹងគេ ដែលស្និទ្ធស្នាលជាមួយនាង តែគេញញឹមហើយនិយាយថាខ្ញុំគិតច្រើន។ ទីបំផុតថ្ងៃដែលខ្ញុំបារម្ភក៏បានមកដល់ ល្ងាចមួយគាត់មកដល់ផ្ទះទាំងរីករាយហើយប្រាប់ខ្ញុំថា គេរកការងារថ្មីបានធ្វើហើយ ក្រុមហ៊ុនធំ ប្រាក់ខែក៏ខ្ពស់ គ្មានកន្លែងណាឆ្ងាយទេ នោះគឺក្រុមហ៊ុនរបស់គ្រួសារមនុស្សស្រីម្នាក់នោះ។ ដោយក្តី ស្រលាញ់ និងភាពជឿជាក់លើស្នេហារបស់ពួកយើង ខ្ញុំក៏ព្រមឱ្យគេចូលធ្វើការនៅទីនោះ។ គេជាមនុស្សពូកែ កាលរៀនក៏ជាសិស្សឆ្នើម ពេលធ្វើការក៏ក្លាយជាបុគ្គលិកល្អរបស់ក្រុមហ៊ុន រហូតដល់លោកអគ្គនាយកពេញចិត្ត សរសើរយ៉ាងខ្លាំង។ 

ជីវភាពពួកយើងក៏ចាប់ផ្តើមល្អប្រសើរជាងមុន ចំណែកស្នេហាពួកយើងនៅតែស្មើចុងស្មើដើម។ ខ្ញុំគិតថាខ្ញុំជ្រើសយកមនុស្សត្រូវហើយ។ សេចក្តីសុខរបស់ពួកយើងមិនបានយូរប៉ុន្មានទេ ថ្ងៃមួយគេត្រលប់មកផ្ទះវិញទាំងស្រវឹងជោគ គេឱបខ្ញុំហើយយំយ៉ាងខ្លាំង។ ក្រោយមកខ្ញុំដឹងថាអ្នកផ្ទះគេនៅស្រុកជួបបញ្ហា ខ្ញុំមិនអាចជួយអ្វីគេបានក្រៅពីលួងលោមផ្តល់កម្លាំងចិត្ត ខុសពីមនុស្សស្រីម្នាក់នោះបានជួយឈឺឆ្អាលលូកដៃជួយគេ។ ព្រោះតែជំនួយមួយនោះហើយបានជាធ្វើឱ្យគេពិបាកបដិសេធសំណើររៀបការរបស់អគ្គនាយក ដែលជាឪពុករបស់មនុស្សស្រីម្នាក់នោះ។ ខ្ញុំមិននិយាយរកគេប៉ុន្មានថ្ងៃ តែដោយសារពាក្យលួងលោម និងអង្វររបស់គេខ្ញុំក៏ទន់ចិត្ត។

តើអ្នកណាទ្រាំបានទៅ មើលមនុស្សដែលខ្លួនស្រលាញ់ ស្លៀកឈុតរៀបការឈរជាមួយមនុស្សស្រីផ្សេង។

« បងសន្យា...តែ ៣ឆ្នាំទេ...ពួកយើងនឹងនៅជាមួយគ្នា អូនត្រូវតែចាំបង » គេលួចជួបខ្ញុំ ដល់បន្ទប់ទឹក ហើយឱបខ្ញុំជាប់។ គេធ្លាប់ប្រាប់ខ្ញុំថា មានតែធ្វើអ៊ីចឹង ទើបគេអាចជួយគ្រួសារដែលកំពុងពីបាកខ្លាំង ដើម្បីសងគុណមនុស្សស្រីម្នាក់នោះ ដែលសំខាន់គឺដើម្បីអនាគតពួកយើងពីរនាក់។ គេសន្យាថា ៣ឆ្នាំក្រោយ ពេលដែលគេមានអ្វីៗគ្រប់យ៉ាងនៅក្នុងដៃ គេនឹងសុំលែងលះមនុស្សស្រីម្នាក់នោះ។ ទ្រព្យដែលបានមកពីការលែងលះនឹងអាច ឱ្យពួកយើងសាងអនាគតថ្មីជាមួយគ្នាដោយមិនលំបាក។

មែនហើយ រឿងវាកន្លងហួស ៣ឆ្នាំហើយ ៣ឆ្នាំពាក្យសន្យារបស់គេ និងការរង់ចាំរបស់ខ្ញុំ។ ពេលនេះខ្ញុំត្រូវទទួលស្គាល់ ថាគេប្រែប្រួលហើយ ផ្ទះដែលគេទិញឱ្យខ្ញុំ គេមិនសូវមក ទូរស័ព្ទនិងសារដែលធ្លាប់តែទាក់ទងគ្នាក៏លែងមាន។ គេព្យាយាមគេចមុខខ្ញុំ ខ្ញុំដឹង។ 

ថ្ងៃនេះពេលត្រលប់មកផ្ទះ ហើយបើកទ្វារឡើងខ្ញុំក៏ឃើញគេអង្គុយលើសាឡុងដូចជាកំពុងអង្គុយរង់ចាំខ្ញុំ។ អារម្មណ៍របស់មនុស្សស្រី ធ្វើឱ្យខ្ញុំមានប្រផ្នូលអ្វីម្យ៉ាង។

«បងមានរឿងចង់និយាយជាមួយអូន »ពេលឃើញខ្ញុំភ្លាមគេក៏និយាយពាក្យនេះចេញមក។

« បង.....ស្រលាញ់គេហើយ »

« តាំងពីពេលណាមក? » ខ្ញុំសើចហួសចិត្តពេលលឺពាក្យនេះ

«  បងមិនដឹង....តែពេលដែលបងចង់ចាកចេញ បងក៏ធ្វើមិនបាន.....» ខ្ញុំយល់នូវពាក្យដែលគេចង់និយាយ ខ្ញុំមានអារម្មណ៍ចង់អរគុណគេណាស់ ដែលការពិតគេនៅចាំ ពាក្យសន្យាមួយនោះ។ 

«  ជាពិសេស ពេលដែលបងដឹងថានាងមានផ្ទៃពោះ »  ខ្ញុំសំលឹងមើលមុខគេចំទាំងកែវភ្នែក ទទេស្អាត

«  អ៊ីចឹង?  » 

« បងសុំទោស....សុំទោសគ្រប់យ៉ាង បងដឹងថាបងខុសតាំងពីដំបូងដែលធ្វើរឿងបែបនេះ តែបងចង់ប្រាប់អូនថាបងគ្មានបំណងឱ្យវាកើតឡើងទេ តែនាងជាមនុស្សស្រីល្អម្នាក់ នាងគ្មានកំហុសអ្វីដែលអាចឱ្យបងចាកចេញ ម្យ៉ាងសុខភាពនាង....»  ខ្ញុំខំទប់ទឹកភ្នែកស្តាប់ការ បកស្រាយរបស់គេ។ មែនហើយនាងគ្មានកំហុសទេ ចុះខ្ញុំមានកំហុសអីបានជាគេធ្វើបែបនេះដាក់ខ្ញុំបាន?

« ខ្ញុំយល់....!!!! » ខ្ញុំនិយាយទាំងញញឹមដាក់គេ។ គេធ្វើមុខឆ្ងល់ទាំងមិនអស់ចិត្តប្រុងសួរអ្វី ម្យ៉ាងតែគេក៏ប្តូរចិត្តមិននិយាយវិញ។

ចុងក្រោយពួកយើងក៏ត្រូវដើរដល់ផ្លូវមួយនេះ មែនហើយពេលនេះពួកយើងមានអ្វីគ្រប់យ៉ាងហើយ តែទីបំផុតខ្ញុំបានបាត់បង់របស់ម្យ៉ាងនោះគឺបេះដូង។ ខ្ញុំសំលឹងមើលប្លង់ផ្ទះ សោរឡាន និងកាត Credit ២សន្លឹកដែលគេដាក់លើតុជិតនេះ។ 

«  មានអ្វីដែលត្រូវការអាចប្រាប់បងបាន បងពេញចិត្តប៉ះប៉ូវជូនអូន » ពាក្យចុងក្រោយដែលគេនិយាយមុននឹងបើកទ្វារដើរចេញទៅ។

ខ្សែបន្ទាត់ជីវិតពួកយើងក៏ត្រូវកាត់ផ្តាច់ម្ខាងម្នាក់។ ឆ្ងល់មែនទេហេតុអ្វីបានជា ខ្ញុំចិត្តត្រជាក់បែបនេះ? ហេតុអ្វីក៏ខ្ញុំមិនរករឿងគេ? មានប្រយោជន៍អ្វីទៅដែលយើងត្រូវហាមឃាត់មនុស្ស ដែលគេអស់ចិត្តស្រលាញ់? ហេតុផលការរង់ចាំរបស់ខ្ញុំ ៣ ឆ្នាំមិនមែនព្រោះ តែចង់បានលុយ ឡាន ទ្រព្យសម្បត្តិនោះទេ នោះដោយសារតែពាក្យស្រលាញ់មួយម៉ាត់គត់។ សាច់រឿងជីវិតបែបនេះហើយ គ្មានអ្នកណាអាចកំណត់រឿងអនាគតបានទេ។ ពេលនេះខ្ញុំយល់ហើយ ថាអ្នកណាជាជនរងគ្រោះពិតប្រាកដនៅក្នុងរឿងមួយនេះ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]