ជំងឺទឹកនោមផ្អែម ជាប្រភេទជំងឺរ៉ាំរ៉ៃ ដែលមានភាពរីករាលដាលខ្លាំង ជាពិសេសលើមនុស្សពេញវ័យ ពាសពេញពិភពលោក។ ហេតុនេះ ដើម្បីការពារកុំឲ្យមានបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរ អ្នកមានជំងឺទឹកនោមផ្អែម ត្រូវទទួលទានអាហារឲ្យបានត្រឹមត្រូវ។

ដូច្នេះថ្ងៃនេះយើងនឹងលើកឡើង​ នូវប្រភេទអាហារមួយចំនួន ដែលអ្នកកើតជំងឺទឹកនោមផ្អែមគួរចៀសវាងទទួលទាន ដូចខាងក្រោម៖

អាហារដែលអ្នកមានជំងឺទឹកនោមផ្អែម គួរតែចៀសវាងទទួលទាន

១. ភេសជ្ជៈដែលមានជាតិផ្អែម

ភេសជ្ជៈសូដា និងភេសជ្ជៈដែលមានជាតិផ្អែមជាច្រើន សំបូរទៅដោយជាតិស្ករ ដែលអាចបង្កើនជាតិស្ករក្នុងឈាមរបស់អ្នកជំងឺទឹកនោមផ្អែមបាន។  ជាងនេះទៀត វាមានជាតិស្ករ Fructose ខ្ពស់ ដែលប្រឆាំងនឹងអាំងស៊ុយលីនរាងកាយ បណ្តាលឲ្យធាត់ ឡើងខ្លាញ់ក្នុងថ្លើម និងជំងឺដទៃទៀត។

២. ខ្លាញ់មិនល្អ

ខ្លាញ់មិនល្អ ឬខ្លាញ់ចម្រាញ់ ដែលមានក្នុងប៊ឺរ ក្នុងនំស្រួយមួយចំនួន មានសារធាតុគីមី ដែលជួយធ្វើឲ្យទុកបានរយៈពេលយូរ។ សម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ដែលទទួលទានខ្លាញ់មិនល្អនេះ អាចបណ្តាលឲ្យមានបញ្ហារលាក ភាពមិនប្រក្រតីនៃអាំងស៊ុយលីន និងប្រឈមនឹងជំងឺបេះដូងថែមទៀត។

៣. នំប៉័ង និងបាយ

នំប៉័ង និងបាយ គឺសុទ្ធតែមានជាតិស្ករខ្ពស់ និងមានជាតិសរសៃទាប ហេតុនេះប្រសិនបើទទួលទានច្រើន អ្នកនឹងមានបញ្ហាឡើងជាតិស្ករខ្ពស់ជាមិនខាន។ ផ្ទុយមកវិញ អ្នកគួរជ្រើសរើសអាហារដែលមានជាតិសរសៃខ្ពស់មកទទួលទានវិញ ទើបជាការប្រសើរ។

៤. យ៉ាអួរសជាតិផ្លែឈើ

យ៉ាអួដែលមានរសជាតិផ្លែឈើ ច្រើនតែមានជាតិខ្លាញ់ទាប ប៉ុន្តែមានជាតិស្ករខ្ពស់ខ្លាំង ដែលអាចបណ្តាលឲ្យឡើងជាតិស្ករ ក្នុងឈាម និងឡើងកម្រិតអាំងស៊ុយលីនក្នុងរាងកាយ។ ហេតុនេះ យ៉ាអួដែលគ្មានលាយរសជាតិផ្សេងៗ ទើបជាជម្រើសល្អបំផុតសម្រាប់សុខភាព។

៥. កាហ្វេមិនសុទ្ធ

ប្រភេទកាហ្វេ ដែលអ្នកទទួលទានតាមហាងភាគច្រើនមិនមែនជាកាហ្វេសុទ្ធឡើយ វាជាកាហ្វេដែលលាយពណ៌ប៉ុណ្ណោះ។ អ្វីដែលសំខាន់ អ្នកជំងឺទឹកនោមផ្អែមមិនគួរទទួលទានឡើយ ពីព្រោះវាធ្វើឲ្យឡើងជាតិស្ករក្នុងឈាម និងធ្វើឲ្យឆាប់ឃ្លាន ថែមទៀត។

៦. ផ្លែឈើក្រៀមស្ងួត

ប្រភេទផ្លែឈើស្ងួត គឺពោរពេញទៅដោយជាតិផ្អែម និងមានផ្ទុកជាតិស្ករលើសពីផ្លែឈើស្រស់ធម្មតា ៣ ដងឯណោះ។ ហេតុនេះ អ្នកមានជំងឺទឹកនោមផ្អែមគួរចៀសវាង ទទួលទានផ្លែឈើស្ងួតនេះ ដើម្បីការពារការឡើងជាតិស្ករក្នុងឈាម។

៧. ទឹកផ្លែឈើ

ទឹកផ្លែឈើស្រស់ទាំងអស់ មានផ្ទុកកម្រិតជាតិស្ករមិនចាញ់ប្រភេទភេសជ្ជៈសូដានោះទេ។ វាមានជាតិស្ករ Fructose ខ្ពស់ ដែលអាចប៉ះពាល់ដល់កម្រិតអាំងស៊ុយលីន ធ្វើឲ្យឡើងទម្ងន់ និងប្រឈមនឹងជំងឺបេះដូងខ្ពស់។

៨. ដំឡូងបារាំងបំពង

ដំឡូងបារាំងបំពង មិនត្រឹមតែមានជាតិស្ករខ្ពស់ ដែលប៉ះពាល់ដល់អ្នកមានជំងឺទឹកនោមផ្អែមប៉ុណ្ណោះទេ វាថែមទាំងត្រូវបានបំពងក្នុងខ្លាញ់មិនល្អ ដែលនាំឲ្យមានបញ្ហារលាក បណ្តាលឲ្យកើនឡើងនូវហានិភ័យ ជំងឺបេះដូង និងមហារីកទៀតផង។

៩. អាហារសម្រន់

អាហារសម្រន់មួយចំនួនដូចជា នំស្រួយ ដែលដាក់លក់តាមទីផ្សារ  ផ្សំឡើងពីម្សៅចម្រាញ់ ដែលមានផលប៉ះពាល់យ៉ាងខ្លាំងដល់កម្រិតជាតិស្ករក្នុងឈាម ជាពិសេសអ្នកមានជំងឺទឹកនោមផ្អែមតែម្តង៕

អាហារដែលអ្នកមានជំងឺទឹកនោមផ្អែម គួរតែចៀសវាងទទួលទាន

ប្រភព៖ Authority Nutrition

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]