ប្រេស៊ីល៖ ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិប្រេស៊ីល Gabriel Jesus បច្ចុប្បន្នកំពុងលេងឲ្យក្លិបកំពូលមួយនៅប្រទេសអង់គ្លេស គឺក្រុម Manchester City និងជាកីឡាករមួយរូបកំពុងទទួលការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រផងដែរ ដោយសារតែសមត្ថភាព និងការស៊ុតបញ្ចូលទីរបស់គេឲ្យក្រុម។

Gabriel Jesus បច្ចុប្បន្នកំពុងលេងឲ្យក្លិបកំពូលមួយនៅប្រទេសអង់គ្លេស គឺក្រុម Manchester City

បើយើងក្រឡេកទៅកាន់អតីតកាលវិញ កាលពី៣ឆ្នាំមុន ពោលនៅក្នុងឆ្នាំ២០១៤ គ្មាននរណាម្នាក់ស្គាល់ឈ្មោះ Gabriel Jesus នោះទេ ដោយសារតែរូបគេគ្រាន់តែជាកីឡាករយុវជនលេងឲ្យក្លិបក្នុងស្រុក Palmeiras រកចំណូលបានត្រឹមតែ ៣៥០០ផោន (៤៤៨៨ដុល្លារ) ក្នុងមួយឆ្នាំប៉ុណ្ណោះ។

កាលនោះ Gabriel ទើបតែអាយុ១៧ឆ្នាំនៅឡើយទេ ហើយគេតែងតែស្រមៃថា ថ្ងៃណាមួយ គេនឹងមានវាសនាពាក់ឈុតពណ៌លឿង លេងឲ្យក្រុមជម្រើសជាតិប្រស៊ីល ដោយសារតែក្នុងឆ្នាំ២០១៤ ពេលនោះ ប្រេស៊ីល គឺជាអ្នកទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ World Cup។

ក្រោយធ្លាយរូបភាពជាច្រើនសន្លឹកនៅលើបណ្តាញសង្គម Gabriel Jesus ផ្ទាល់បានបង្ហើបឲ្យដឹងថា កាលនោះ ខ្លួនបានជួយគូរគំនូរនៅតាមដងផ្លូវ នៅតាមជញ្ជាំង រំលេចទៅដោយពណ៌ នៅក្នុងតំបន់រស់នៅរបស់គេ ដើម្បីត្រៀមទទួលស្វាគមន៍ ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តការណ៍ World Cup កាលពី៣ឆ្នាំមុន។

គួរឲ្យដឹងទៀតថា កាលពីឆ្នាំ២០១៤ Gabriel នៅមិនទាន់ជាកីឡាករក្នុងក្រុមជម្រើសជាតិនៅឡើយទេ ដោយបានត្រឹមទស្សនាការប្រកួតរបស់ប្រេស៊ីលតាមកញ្ចក់ទូរទស្សន៍តែប៉ុណ្ណោះ។

សកម្មភាពកីឡាករ Gabriel Jesus គូរគំនូរនៅលើផ្លូវ

បើទោះជាយ៉ាងណាក៏ដោយ ត្រឹមរយៈពេល៣ឆ្នាំសោះ វាសនាមនុស្សបានប្រែប្រួលយ៉ាងឆាប់រហ័ស ដោយនៅក្នុងឆ្នាំ២០១៧នេះ Gabriel Jesus ក្លាយជាកីឡាករវ័យក្មេងមួយរូបរបស់ក្រុមជម្រើសជាតិប្រេស៊ីល និងជាខ្សែប្រយុទ្ធរបស់ក្លិបកំពូល Manchester City ដែលមានមូលដ្ឋានក្នុងប្រទេសអង់គ្លេស។

គួរបញ្ជាក់ទៀតថា កាលនោះ លោក Pep Guardiola ជាគ្រូបង្វឹក បាននាំរូបគេមកចុះកុងត្រាលេងឲ្យក្លិប កាលពីខែសីហា ឆ្នាំ២០១៦ កន្លងទៅ ដោយទទួលបានប្រាក់កម្រៃ ៧៥០០០ផោន (ជាង៩មឺុនដុល្លារ) ក្នុងមួយសប្តាហ៍ ដែលខុសពីរយៈពេល៣ឆ្នាំមុន កាលពីរូបគេនៅគូររូបតាមជញ្ជាំង និងលេងឲ្យក្លិបក្នុងស្រុក រកចំនូលបានត្រឹមតែ ៣៥០០ផោន៕

កីឡាករ Gabriel Jesus គូរគំនូរនៅលើផ្លូវ ក្នុងប្រទេសប្រេស៊ីល ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ២០១៤
រូបគំនូររបស់នៅតាមដងផ្លូវ ក្នុងប្រទេសប្រេស៊ីល
Gabriel Jesus , Neymar និង​ Coutinho ក្នុងឈុតជម្រើសជាតិប្រេស៊ីល

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]