ភ្នំពេញ៖ កាលពីថ្ងៃទី 29 ខែឧសភា ឆ្នាំ 2017 ក្រុមហ៊ុន Sony ប្រចាំនៅប្រទេសកម្ពុជា រួមសហការជាមួយក្រុមហ៊ុន 8Gplus Communication ដែលជាតំណាងចែកចាយស្មាតហ្វូន Sony ប្រចាំនៅកម្ពុជា បានរៀបចំពិធីបង្ហាញស្មាតហ្វូនជំនាន់ថ្មី Sony Xperia XZ Premium, និង XA1 Ultra ជាផ្លូវការ ជាមួយនឹងការប្រកាសដាក់ឱ្យ Pre-Order ជាផ្លូវការសម្រាប់ទីផ្សារកម្ពុជា។

តាមការឱ្យដឹងពីលោក Chua Wei Yi ជាប្រធានក្រុមហ៊ុន Sony ប្រចាំនៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា លោកពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានឃើញមានការគាំទ្រសា្មតហ្វូន និងផលិតផលជាច្រើនទៀតរបស់ក្រុមហ៊ុន Sony នៅក្នុងទីផ្សារប្រទេសកម្ពុជា។ ការនាំមកនូវស្មាតហ្វូនស៊េរីថ្មីទាំងអស់នេះ ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ជាច្រើន ដែលនិយមគាំទ្រ និងមានការស្រលាញ់ស្មាតហ្វូនស៊េរីថ្មីៗរបស់ Sony ដែលបានរង់ចាំអស់រយៈពេលយូរមកហើយ ឥលូវនេះ ស្មាតហ្វូនទាំងនេះបានមកដល់ជាផ្លូវការហើយ។

លោកបន្តថា ចាប់ពីថ្ងៃបង្ហាញខ្លួននេះ អតិថិជនទាំងអស់អាចធ្វើកម៉្មង់ទិញទុកមុន នូវស្មាតហ្វូនទាំង 2 ម៉ូឌែលបាន ជាមួយនឹងការថែមជូនកាដូជាច្រើនរហូតដល់ថ្ងៃទី 11 ខែមិថុនា ហើយនឹងទទួលបានទូរស័ព្ទថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2017។ ដោយទូរស័ព្ទ Sony Xperia XZ Premium មានតម្លៃ 699 ដុល្លា មានថែមជូនឧបករណ៍បំពង់សំឡេង Sony Speaker SRS-XB 3 មួយគឿង និងស្រោមការពារ Style Cover Stand (SCSG10) មួយ ដែលកាដូទាំង 2 នេះ គឺមានតម្លៃ 188 ដុល្លា។ មួយវិញទៀត សម្រាប់ទូរស័ព្ទ XA1 Ultra មានតម្លៃ 399 ដុល្លារ ជាមួយនឹងការថែមជូនកាដូដ៏ពិសេសមានស្រោម Sony Original និង Sony Speaker XB10 សរុបតម្លៃប្រមាណ 98 ដុល្លារ។

ប្រធានក្រុមហ៊ុន Sony កម្ពុជា បានឱ្យដឹងបន្ថែមទៀតថា ទូរស័ព្ទ Sony Xperia XZ Premium មានអេក្រង់ទំហំ 5.5 អ៊ីងជាមួយនឹងអេក្រង់ប្រភេទ 4K HDR Display ដែលផ្តល់នូវគុណភាពរូបភាពភ្លឺច្បាស់ ត្រជាក់ភ្នែកបំផុត។ អេក្រង់របស់ស្មាតហ្វូននេះ ប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី TRILUMINOS Display និងបច្ចេកវិទ្យាជំនួយទៅលើរូបភាព X-Reality រួមទាំងបច្ចេកវិទ្យា Dynamic Contrast Enhancement ។ ស្មាតហ្វូនថ្មីនេះ បានបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 835 និងមានរ៉េមទំហំ4GB ហើយនឹងមានអង់ចងចាំក្នុងម៉ាស៊ីនរួចជាស្រេចទំហំ 64 GB អាចបន្ថែមម៉េម៉ូរី microSD ទំហំរហូតដល់ទៅ 256GB។

ចំណុចពិសេសមួយទៀតនោះ គឺវាបានបំពាក់នូវកាមេរ៉ាខាងក្រោយទំហំ 19 មេហ្កាភិចសែល និងកាមេរ៉ាមុខទំហំ 13 មេហ្កាភិចសែល ដែលមានអមមកនូវមុខងារ Slow Motion Video ដែលអាចថតនៅក្នុងល្បឿន 960fps យ៉ាងអស្ចារ្យបំផុត។ ដោយមុខងារ Slow-Motion នេះ គឺជាមុខងារថ្មីមួយរបស់ក្រុមហ៊ុន Sony ដែលមានសមត្ថភាព អាចថតវីដេអូ ជាលក្ខណះ Slow Motion យឺតៗ ជាងស្មាតហ្វូនរបស់ក្រុមហ៊ុនផ្សេងទៀតដល់ទៅ 4 ដង។

ដោយឡែកទូរស័ព្ទ XA1 Ultra គឺជាទូរស័ព្ទទី 2 នៅលើលោកដែលបំពាក់មុខងារទប់រំញ័រនៅលើកាមេរ៉ាខាងមុខ ហើយសម្រាប់ស៊េរីថ្មីនេះ វានៅតែរក្សា សមត្ថភាពដដែល តែឥលូវវាប្រើដល់កាមេរ៉ាទំហំ 16 មេហ្គាភិចសែល មានស៊ិនស័រទំហំ 1/2.6 ដែលមានកម្រិត Aperture f2.0, Auto Focus និងភ្លើង Flash LED។

កាមេរ៉ាខាងក្រោយវិញ វាប្រើដូចទៅនឹងកាមេរ៉ារបស់ Xperia XZ ដែរ ដែលមានទំហំ 23 មេហ្គាភិចសែល និងមាន Steady Shot, ប្រព័ន្ធ Hybrid AF និងអាចបើកឡើងចំណាយពេលត្រឹម 0.6 វិនាទី។ អេក្រង់របស់វា គឺនៅរក្សា ទំហំ 6 អ៊ីង Full HD ដដែល ជាមួយគែមដ៏ខ្លី និងប្រើប្រាស់ បន្ទះឈីប MediaTek Helio P20 និងមានរ៉េមទំហំ 4GB។ ទូរស័ព្ទនេះ ក៏បានប្តូរទៅប្រើ រន្ធ USB ប្រភេទ C ជំនាន់ថ្មីផងដែរ និងមានថ្ម ទំហំ 2700 mAh ជាមួយបច្ចេកវិទ្យា សាកថ្មលឿន pump Express + 2.0៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]