សិង្ហបុរី៖ ក្រុមបឹងកេត បានយកឈ្នះទៅលើក្រុម Warriors FC ៤-១ នៅប្រទេសសិង្ហបុរី ក្នុងការប្រកួតពានរង្វាន់ Singapore Cup ដែល ៤ គ្រាប់របស់់ក្រុមកម្ពុជាគឺ Omoba រកបានមួយគ្រាប់ និង ឃួន ឡាបូរ៉ាវី រកបានដល់ទៅ ៣គ្រាប់ម្នាក់ឯង ជួយក្រុមជើងឯកលីកកំពូលកម្ពុជា ឡើងទៅវគ្គបន្ទាប់។

កីឡាករ ឃួន ឡាបូរ៉ាវី មានការសប្បាយរីករាយជាខ្លាំងជាមួយនឹងការរកបានដល់ទៅ៣គ្រាប់ម្នាក់ឯង ក្នុងការបង្ហាញខ្លូនជាលើកដំបូងក្នុងពានរង្វាន់មួយនេះ ហើយក៏អាចជួយក្រុមដែលមានប្រភពមកពីខេត្ដកំពង់ចាម ឲ្យឈានទៅកាន់វគ្គបន្ទាប់ផងដែរ។

ជាមួយនឹងការរកបាន៣គ្រាប់នេះ អតីតកីឡាកររបស់ក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញឲ្យលោក Leonardo Vitorino ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ថារូបលោកជ្រើសរើសយករូបគេចូលក្នុងឈុតកីឡាករក្រុមជម្រើសជាតិ គឺពិតជាត្រឹមត្រូវ សម្រាប់ត្រៀមប្រកួតអន្ដរជាតិទល់នឹងក្រុមឥណ្ឌូនេស៊ី និងក្រុមអាហ្គានីស្ថាន។

កីឡាករដែលជំនាញជើងឆ្វេង មានភាពត្រេកអរជាមួយនឹងជ័យជំនះនេះ ហើយវាក៏ជាការចងចាំដ៏ល្អសម្រាប់រូបគេ ក្រោយរកបាន៣គ្រាប់ ក្នុងការប្រកួតលើកដំបូងរបស់គេនៃពានរង្វាន់ RHB Singapore Cup នេះផងដែរ។

ថ្លែងប្រាប់ទំព័រ TheMorning បូរ៉ាវី បាននិយាយថា៖ «ខ្ញុំសប្បាយរីករាយសម្រាប់ជ័យជំនះនេះ ដូច្នេះហើយពួកយើងអាចលេងនៅជុំបន្ទាប់នៃការប្រកួតនេះ ជាលើកដំបូង»។

«ខ្ញុំពិតជាមានអារម្មណ៍អស្ចារ្យសម្រាប់ការស៊ុត៣គ្រាប់របស់ខ្ញុំ ព្រោះវាមិនមែនជារឿងងាយស្រួលទេ ក្នុងការស៊ុតបញ្ចូលទីក្នុងការប្រកួតពានរង្វាន់ប្រភេទនេះ ហើយវាក៏ជាលើកដំបូងផងដែរសម្រាប់ខ្ញុំ ក្នុងការលេងពានរង្វាន់ Singapore Cup នេះ» ប្រធានក្រុមបឹងកេត បន្ថែម។

បូរ៉ាវី ក៏បានបង្ហើបថា មុនការប្រកួតរូបគេមិនរំពឹងថានឹងអាចយកឈ្នះច្រើនគ្រាប់ទេ រូបគេគ្រាន់តែគិតថាធើ្វយ៉ាងណាឈ្នះ នឹងអាចឡើងទៅលេងវគ្គបន្ទាប់។

«មុនចាប់ផ្ដើមការប្រកួត ពួកយើងមិនរំពឹងថានឹងឈ្នះច្រើនគ្រាប់នោះទេ ពោលគឺពួកយើងចង់បានត្រឹមឈ្នះ ហើយលេងនៅជុំបន្ទាប់»។ បូរ៉ាវី បន្ថែម

ក្រោយស៊ុតបញ្ចូលទី៣គ្រាប់រួចមក ឃួន ឡាបូរ៉ាវី អាចធើ្វឲ្យអ្នករិះគន់មួយចំនួនមានការរអៀសខ្លួនផងដែរ ហើយបានបង្ហាញថារូបគេពិតជាសមត្ថភាពក្នុងការជួយដល់ក្រុម និងក្រុមជម្រើសជាតិពិតមែន។  

ឃួន ឡាបូរ៉ាវី អំឡុងពេលលេងឲ្យបឹងកេត
ឃួន ឡាបូរ៉ាវី ក្នុងក្រុមជម្រើសជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]