នៅក្នុងសាសនាអ៊ីស្លាម មានប្រភេទអាហារមួយចំនួនអាចទទួលទានបានដោយរីករាយ ហើយក៏មានអាហារមួយចំនួនទៀត ត្រូវចៀសវាងផងដែរ ព្រមទាំងពេលវេលាក្នុងការទទួលទាន ដែលត្រូវគោរពតាមជាដាច់ខាត។ 

តាមរយៈការធ្វើតាមការណែនាំនីមួយៗ អ្នកប្រាកដជាអាចបរិភោគអាហារ នៅក្នុងសាសនាអ៊ីស្លាមបានដោយត្រឹមត្រូវ និងទទួលបាននូវពរជ័យ ពីព្រះអាឡស់ ជាក់ជាមិនខាន។ ខាងក្រោមនេះជាប្រភេទអាហារ ដែលអ្នកត្រូវដឹង ប្រសិនបើអ្នកស្ថិតនៅក្នុងសហគមន៍ របស់អ្នកកាន់សាសនាអ៊ីស្លាម៖ 

I ការជ្រើសរើសអាហារ

១ ស្វែងយល់ពីភាពខុសគ្នារវាង ហារ៉ាម (Haram) និងហាឡាល់ (Halal)

ពាក្យថា ហាឡាល់ (Halal) នៅក្នុងសាសនាអ៊ីស្លាម មានន័យថា ជាអាហារដែលអនុញ្ញាតិឲ្យបរិភោគ យោងទៅតាមច្បាប់របស់អ៊ីស្លាម។  ដោយឡែក ហារ៉ាម (Haram) គឺផ្ទុយគ្នា ដែលសម្តៅទៅលើអាហារដែលមិនអនុញ្ញាតិឲ្យបរិភោគ។ ដូច្នេះពេលជ្រើសរើស និងបរិភោគអាហារ ត្រូវតែប្រកាន់ខ្ជាប់អាហារក្នុងប្រភេទ ហាឡាល់ (Halal) ។ 

២ ចៀសវាងដាច់ខាតការបរិភោគសាច់ជ្រូក

ព្រះអាឡស់ បានហាមឃាត់មិនឱ្យជនមូស្លីម បរិភោគអាហារណាមួយដែលផលិតចេញពីសាច់ជ្រូក ឬសាច់ជ្រូកសុទ្ធនោះទេ ដោយវាត្រូវបានគេចាត់ទុកថាមិនបរិសុទ្ធ។ ដូច្នេះអ្នកគួរតែចៀសវាងការបរិភោគសាច់ជ្រូក មិនថាតែខ្លាញ់ ឬស្បែកក៏ដោយ។ 

៣ ចៀសវាងពីការបរិភោគសាច់ ដែលមិនសមនឹងបរិភោគ

សាច់សត្វឆ្កែ ឆ្មា កង្កែប សត្វលា និងសត្វមួយចំនួនទៀត គួរតែចៀសវាងកុំបរិភោគឲ្យសោះ ដោយសារសត្វប្រភេទនេះត្រូវបានគេកំណត់ថា វាសាកសមជាមិត្តនឹងមនុស្ស ជាជាងយកមកធ្វើជាអាហារ។ ពពួកសត្វទាំងនេះ មិនស្ថិតនៅក្នុងប្រភេទ ហារ៉ាម (Haram) ទេ ប៉ុន្តែវាត្រូវបានគេជំរុញមិនឲ្យធ្វើការបរិភោគឡើយ។

ដោយឡែកពពួកសត្វកាចសាហាវមួយចំនួន ដូចជា ក្រពើ ខ្លា តោ រមាស ក៏មិនគួរបរិភោគផងដែរ ប៉ុន្តែអ្នកអាចបរិភោគសត្វដែលស៊ីរុក្ខជាតិជាអាហារ ដូចជាគោ ចៀម ទន្សាយ និងពពែជាដើម។ 

៤ បរិភោគសាច់សត្វដែលត្រូវបានគេសម្លាប់

យោងតាមច្បាប់របស់អ៊ីស្លាម នៅពេលដែលធ្វើការសម្លាប់សត្វ អ្នកគួរតែចាប់ផ្តើមដោយនិយាយពាក្យថា ប៊ីស្ម៊ីឡា (Bismillah) មានន័យថា “ព្រះនាមនៃព្រះអាឡស់”។ អ្នកមិនត្រូវបានអនុញ្ញាតិឲ្យបរិភោគសាច់សត្វដែលត្រូវបានគេវាយដំ ច្របាច់.ក ឬសម្លាប់ដោយអំពើសាហាវឃោរឃៅនោះទេ។ ជំនួសមកវិញ តាមច្បាប់អ៊ីស្លាម ការពិឃាតសត្វគួរតែធ្វើក្នុងវិធីងាយៗ មិនមានភាពតានតឹង និងមានការឈឺចាប់តិចតួច ហើយសាច់ដែលបានដោយការសម្លាប់បែបនេះគឺស្ថិតនៅក្នុងប្រភេទ ហាឡាល់ (Halal)។

៥ ស្វែងយល់ពីប្រភេទសាច់ដែលត្រូវបានអនុញ្ញាត

គ្រប់ប្រភេទសាច់ទាំងអស់ (ក្រៅពីសាច់ជ្រូក និងសាច់ដែលមិនសមសម្រាប់បរិភោគ) គឺត្រូវបានអនុញ្ញាតិឲ្យបរិភោគ ដរាបណាវាត្រូវបានសម្លាប់ដោយត្រឹមត្រូវ។ សាច់ត្រូវតែស្អាត មិនមានឈាមជាប់ ឬប្រឡាក់អ្វីមួយ មុនពេលយកទៅចម្អិន ឬក៏បរិភោគ។ សត្វដែលងាប់មិនត្រូវបានអនុញ្ញាតិឲ្យយកមកប្រើប្រើប្រាស់ឡើយ។ 

៦ ចៀសវាងការបន្ថែមគ្រឿងស្រវឹងចូលទៅក្នុងម្ហូបអាហារ ដែលកំពុងចម្អិន

គ្រឿងស្រវឹងត្រូវបានហាមឃាត់នៅក្នុងសាសនាអ៊ីស្លាម ហើយវាត្រូវបានគេរៀបរាប់យ៉ាងច្បាស់ នៅក្នុងគម្ពីគូរ៉ា ថាត្រូវតែចៀសវាងការប្រើប្រាស់គ្រឿងស្រវឹង បើទោះជាយ៉ាងណាក៏ដោយ។ ហើយប្រសិនបើមានរូបមន្តធ្វើម្ហូប ដែលតម្រូវឱ្យមានគ្រឿងស្រវឹង នោះត្រូវជំនួសវាជាមួយស្រាដែលមិនមានជាតិអាល់កុល ឬក៏មិនបាច់ដាក់តែម្តង។

៧ ភេសជ្ជៈដែលអាចផឹកបាន

ភេសជ្ជៈទាំងអស់ដែលមិនមែនជាគ្រឿងស្រវឹង ឬមានផ្ទុកជាតិអាល់កុល គឺអាចផឹកបានទាំងអស់ ដែលភេសជ្ជៈទាំងនោះមានដូចជា សូដា ទឹកក្រូច ទឹកផ្លែឈើ តែ កាហ្វេ ទឹកក្រឡុក និងទឹកដោះគោជាដើម។ 

៨ ប្រភេទបង្អែមដែលអាចទទួលទានបាន

បង្អែមគ្រប់ប្រភេទដូចជា នំខេក សូកូឡា ការ៉េម និងបង្អែមជាច្រើនទៀតដែលមិនមានលាយជាតិសាច់ជ្រូក ឬគ្រឿងស្រវឹង សុទ្ធតែអាចបរិភោគបានទាំងអស់។ 

II ការទទួលទានអាហារ

១ លាងដៃឲ្យស្អាតមុនញ៉ាំអាហារ

ការលាងដៃឲ្យស្អាតមុនទទួលទានអាហារ មិនត្រឹមតែជួយការពារមិនឲ្យមានមេរោគចូលក្នុងចំណីអាហារ និងថែររក្សាសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាច្បាប់មួយផងដែរ ដែលត្រូវមានរាងកាយស្អាតជានិច្ច។ 

២ ដឹងពីម្ហូបដែលអ្នកបរិភោគ

ត្រូវដឹងឲ្យច្បាស់ពីម្ហូបដែលអ្នកនឹងញ៉ាំ មុនពេលដាក់ចូលក្នុងមាត់ ហើយប្រសិនបើអ្នកមិនដឹងច្បាស់នោះទេ ត្រូវតែសួរចុងភៅ ឬអ្នករៀបចំឲ្យបានដឹងច្បាស់។ ការធ្វើបែបនេះ គឺដើម្បីឲ្យអ្នកបានដឹងច្បាស់ថា ម្ហូបអាហារដែលអ្នកនឹងបរិភោគ មិនស្ថិតនៅក្នុងបំរាមហាមឃាត់។ 

៣ រំឮកដល់ឈ្មោះ ព្រះអាឡស់ មុនពេលបរិភោគ

នេះក៏ជាច្បាប់មួយដែលរបស់អ៊ីស្លាម ដែលត្រូវរំឮកដល់ឈ្មោះព្រះអាឡស់ មុនពេលដាក់អ្វីមួយចូលក្នុងមាត់។ ការរំឮកដល់ព្រះអាឡស់ ត្រូវនិយាយពាក្យថា ប៊ីស្ម៊ីឡា (Bismillah) ។ 

៤ ត្រូវប្រើដៃស្តាំជានិច្ច ពេលញ៉ាំអាហារ

នៅក្នុងសាសនាអ៊ីស្លាម ភារកិច្ចប្រចាំថ្ងៃជាច្រើនត្រូវធ្វើឡើងដោយប្រើដៃស្តាំ។ ដោយសារតែ សាតាន់ (បិសាចអាក្រក់) បរិភោគអាហារដោយប្រើដៃឆ្វេង ដូច្នេះហើយទើបជនមូស្លីមទាំងអស់ ត្រូវបរិភោគអាហារដោយប្រើដៃស្តាំ ដើម្បីឲ្យខុសពី សាតាន់។ 

៥ ញ៉ាំអ្វីដែលមាននៅពីមុខអ្នក

ចៀសវាងការលលូកដៃ ដួសម្ហួបពីចានដែលនៅឆ្ងាយពីមុខរបស់អ្នក នៅកណ្តាលចាន ឬពីចានអ្នកដទៃ ដូច្នេះគួរតែញ៉ាំនូវម្ហូបអ្វីដែលមាននៅពីមុខអ្នកបានហើយ។ 

៦ ញ៉ាំអាហារដោយប្រើម្រាមដៃចំនួន៣

នៅពេលដែញ៉ាំអាហារណាដែលត្រូវប្រើដៃកាន់ ត្រូវប្រើម្រាមដៃចំនួន ៣ ដើម្បីចាប់កាន់ ហើយការប្រើប្រាស់ម្រាមដៃចំនួន៣បែបនេះ គឺជារឿងធម្មតា និងទូទៅបំផុតដើម្បីចាប់កាន់ចំណីអាហារ។ ការប្រើប្រាស់ម្រាមដៃលើសពី៣ ដើម្បីចាប់កាន់ចំណីអាហារ ត្រូវបានគេចាត់ទុកថា ជាអំពើលោភលន់ ។ 

៧ អង្គុយឲ្យបានត្រឹមត្រូវ ពេលទទួលទានអាហារ

ចៀសវាងការដេក ឬអង្គុយទម្រេតខ្លួន ខណៈពេលកំពុងទទួលទានអាហារ ព្រោះវាមិនត្រឹមតែអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព ឬធ្វើឲ្យអ្នកស្លាក់ ក្រហាយទ្រូង ឬច្រាលអាស៊ីតក្រពះនោះទេ ប៉ុន្តែវាខុសនឹងច្បាប់អ៊ីស្លាមផងដែរ។ តែក៏មានករណីលើកលែង ប្រសិនបើអ្នកឈឺក្រោកញ៉ាំមិនរួច។ 

៨ រើសអាហារមកវិញ ប្រសិនបើអ្នកបានធ្វើឲ្យវាជ្រុះ

ប្រសិនបើអ្នកបានធ្វើឲ្យជ្រុះអាហារដោយអចេតនា ឬប្រការណាមួយ ត្រូវប្រញាប់រើសយកមកវិញភ្លាម ហើយផ្លុំកម្ទេចកម្ទីដែលប្រលាក់ចេញឲ្យស្អាត។ នៅក្នុងគម្ពីបានសរសេរថា “ប្រសិនបើអ្នកធ្វើជ្រុះអាហារទៅនឹងដី ត្រូវរើសវាហើយសម្អាតឲ្យស្អាត រួចញ៉ាំវាភ្លាម និងមិនត្រូវទុកវាចោលឲ្យ សាតាន់ យកនោះទេ”។ 

៩ ព្យាយាមបរិភោគអាហារជាក្រុម ឬជុំគ្នា

ជារឿងដ៏ល្អដែលទទួលទានអាហារជាក្រុម ដូចជាជាមួយគ្រួសារជាដើម។ ការទទួលទានអាហារជួបជុំគ្នា ជួយឲ្យអ្នកភ្ជាប់ទំនាក់ទំនងជាមួយគ្នា តាមរយៈការនិយាយ និងប្រាស្រ័យទាក់ទងគ្នា។ ការញ៉ាំជុំគ្នានឹងទទួលបានពរជ័យ ក៏ដូចជានាំយកភាពជិតស្និតរបស់ព្រះអាឡស់ មកកាន់ក្រុមគ្រួសារទាំងមូល។

១០ បើដល់ពេលថ្វាយបង្គំចំពេលញ៉ាំអាហារ ត្រូវញ៉ាំមុន

ប្រសិនបើចំពេលដែលអ្នកកំពុងរៀបចំញ៉ាំអាហារ ហើយគ្រប់គ្នាត្រៀមនឹងញ៉ាំទៅហើយ ប៉ុន្តែដល់ពេលត្រូវទៅថ្វាយបង្គំនោះ អ្នកត្រូវតែញ៉ាំអាហារជាមុនសិន។ នេះជារឿងដ៏សំខាន់បំផុត ព្រោះប្រសិនបើអ្នកឃ្លាន អារម្មណ៍របស់អ្នកនឹងនឹងឃើញតែអាហារ ដូច្នេះអ្នកមិនអាចផ្តោតអារម្មណ៍របស់អ្នកទៅលើការអធិដ្ឋានបានទេ។ 

១១ រំឮកដល់ព្រះអាឡស់ បន្ទាប់ពីបរិភោគរួច

បន្ទាប់ពីញ៉ាំរួច អ្នកត្រូវតែរំឮកដល់ព្រះអាឡស់ ដោយនិយាយពាក្យថា Alhamdulillah ដែលមានន័យថា “ការលើកសរសើរដល់ព្រះអាឡស់”  

១២ លាងសម្អាតដៃឲ្យស្អាត

ក្រោយពេលញ៉ាំចប់សព្វគ្រប់ អ្នកត្រូវលាងដៃជាមួយសាប៊ូ និងទឹកក្តៅឲ្យបានស្អាត ហើយត្រូវសម្អាតតុអាហារ និងជួយលាងសម្អាតចាន ប្រសិនបើចាំបាច់។ នេះជាកាយវិការដ៏សមរម្យរបស់អ្នកកាន់សាសនាអ៊ីស្លាម ជាពិសេសនៅពេលដែលអ្នកទៅញ៉ាំអាហារនៅផ្ទះរបស់អ្នកដទៃ។ 

III ឥរិយាបទរបស់អ្នក ពេលទទួលទានអាហារ

១ ចៀសវាងការរិះគន់អាហារ ឬនិយាយថាអ្នកមិនចូលចិត្តវា

ហាមដាច់ខាតការិះគន់ ឬនិយាយថាអ្នកមិនចូលចិត្តអាហារណាមួយ ដែលមាននៅលើតុ។ ប្រសិនបើអ្នកមិនចូលចិត្តអាហារណាមួយដែលគេផ្តល់ឲ្យ អ្នកត្រូវបដិសេធឲ្យសមរម្យ ដោយនិយាយថា អ្នកមិនយក ឬត្រូវការអាហារមួយមុខនោះទេ។ អ្នកមិនចាំបាច់ត្រូវនិយាយឲ្យគេដឹងដោយផ្ទាល់ថា អ្នកមិនចូលចិត្តវានោះទេ។ 

២ បរិភោគក្នុងកម្រិតមធ្យម

កុំញ៉ាំរហូតដល់ឆ្អែតតឹងពោះ ព្រោះនេះជាឥរិយាបថមិនល្អក្នុងសាសនាអ៊ីស្លាម ហើយក៏ធ្វើឲ្យអ្នកមានសុខភាពមិនល្អផងដែរ។ ញ៉ាំឲ្យល្មម ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាឈប់ឃ្លាន ដែលវាគ្រប់គ្រាន់ក្នុងការជួយឲ្យអ្នកមានអារម្មណ៍ឆ្អែត រហូតដល់ម៉ោងញ៉ាំអាហារពេលក្រោយទៀត។ 

៣ ចៀសវាងការញ៉ាំ ដោយប្រើពែង ឬចានធ្វើពីមាស ឬប្រាក់ មកដាក់អាហារ

ហាមដាច់ខាតផឹកទឹក ឬញ៉ាំអាហារ ដោយប្រើពែង ឬចាន ដែលធ្វើពីមាស ឬប្រាក់ ព្រោះវាសម្រាប់អ្នកប្រើនៅក្នុងបរលោក។ ត្រូវញ៉ាំដោយប្រើចាន និងកែវធម្មតា ដែលធ្វើចេញពីជ័រ កែវ ឬក្រដាស់ជាដើម។ 

៤ ញ៉ាំមួយៗ ហើយកុំប្រញាប់ប្រញាល់

ញ៉ាំមួយៗតាមសម្រួល ហើយកុំប្រឹងញ៉ុកអាហារចូលទៅក្នុងមាត់ តាមតែអាចធ្វើទៅបាននោះ។ ត្រូវចំណាយពេលទំពារអាហារឲ្យបានហ្មត់ល្អ និងញ៉ាំតាមសប្បាយ។ 

៥ ញ៉ាំឲ្យបានត្រឹមត្រូវ ជាពិសេសនៅជុំវិញអ្នកដទៃ

មិនត្រូវទំពារអាហារបណ្តើរហារមាត់បណ្តើរនោះទេ, មិនត្រូវញ៉ាំឮៗពេក, ហាមនិយាយពេលកំពុងតែទំពារអាហារ។ ប្រសិនបើកំពុងញ៉ាំអាហារជុំគ្នា ត្រូវផ្តល់ឱកាសឲ្យអ្នកដទៃនិយាយផង និងមិនត្រូវកាត់សម្តីជាដើម។ 

៦ កុំញ៉ាំអាហារណាដែលកំពុងនៅក្តៅ ត្រូវចាំសិន

ប្រសិនបើអាហារដែលអ្នកត្រូវញ៉ាំនៅក្តៅខ្លាំង ត្រូវរង់ចាំដោយចិត្ដអត់ធ្មត់រហូតដល់វាត្រជាក់សិន ហើយហាមដាច់ខាតមិនឲ្យផ្លុំឲ្យវាត្រជាក់នោះទេ ត្រូវទុកឲ្យវាត្រជាក់ដោយខ្លួនឯង។ 

៧ ចៀសវាងពីការខ្ជះខ្ជាយអាហារ

មិនត្រូវខ្ជះខ្ជាយអាហារនោះទេ ហើយក៏មិនត្រូវយកអាហារទៅចាក់ចោលក្នុងធុងសំរាមដែរ គឺត្រូវយកអាហារដែលនៅសល់ទៅទុក សម្រាប់ញ៉ាំនៅពេលក្រោយទៀត ឬក៏ផ្តល់ទៅឲ្យអ្នកដែលត្រូវការអាហារញ៉ាំ និងសត្វជាដើម៕ 

ប្រភព៖ WikiHow | IslamQA | Wikipedia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]