ភ្នំពេញ៖ ជំនួបដ៏ធំរវាងក្រុមបឹងកេត និងភ្នំពេញក្រោន នៃការប្រកួតបាល់ទាត់លីកកំពូលកម្ពុជា ឫ Metfone Cambodia League ក្នុងជុំទី២ បានបញ្ចប់ទៅដោយភ្នំពេញក្រោន យកឈ្នះ បឹងកេត ២-១ កាលពីល្ងាចមិញនេះ។

ចប់ការប្រកួត បឹងកេត ចាញ់ ភ្នំពេញក្រោន ក្នុងលទ្ធផល ២-១

ក្នុងការប្រកួតនេះក៏មានភាពចម្រូងចម្រាស់ផងដែរ ពោលគឺក្នុងនាទី៣០ អំឡុងពេលដែលភ្នំពេញក្រោនកំពុងនាំមុខ ១-០ ខែ្សការពាររបស់ក្រុមបឹងកេត កីឡាករ ទេព បញ្ចារ៉ុង ទទួលបានកាតក្រហម ក្រោយពីសមាជិករបស់ក្រុមជម្រើសជាតិរូបនេះ បានឈូសយកបាល់ចំជើងកីឡាករ ប្រាក់ ធីវ៉ា របស់ភ្នំពេញក្រោន ធើ្វឲ្យអាជ្ញាកណ្ដាលសម្រេចផ្ដល់កាត បណ្តេញចេញពីការប្រកួតតែម្តង។

ដោយមិនអស់ចិត្ដនឹងទង្វើរបស់ខ្លួន បញ្ចារ៉ុង បានដើរសំដៅទៅអាជ្ញាកណ្ដាលរួចក៏បាននិយាយជាមួយអាជ្ញាកណ្ដាល តែរួបគេទប់កំហឹងមិនបានក៏បានអុកក្បាលចំច្រមុះ ធើ្វឲ្យអាជ្ញាកណ្ដាលដួលនៅលើទីលានខ្ទប់មុខតែម្ដង។

ខែ្សការពាររបស់ក្រុមបឹងកេត កីឡាករ ទេព បញ្ចារ៉ុង ឈូសយកបាល់ចំជើងកីឡាករ ប្រាក់ ធីវ៉ា របស់ភ្នំពេញក្រោន
ខែ្សការពាររបស់ក្រុមបឹងកេត កីឡាករ ទេព បញ្ចារ៉ុង ទទួលបានកាតក្រហម
បញ្ចារ៉ុង ធើ្វឲ្យអាជ្ញាកណ្ដាលដួលនៅលើទីលាន

ក្រោយការប្រកួតចប់ ខែ្សការពារ ទេព បញ្ចរ៉ុង ក៏បានបង្ហោះសារសុំទោសនូវការប្រកួតខាងលើដែល បឹងកេត បរាជ័យសាជាថ្មីលើក្រុមភ្នំពេញក្រោន ជុំទី២ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកកថា៖ «ពិតជាសោកស្ដាយណាស់ដែលខ្ញុំបាទបានធ្វើឲ្យមានកំហុស និងមិនអាចជួយក្រុមយកជ័យជំនះបាន ហើយក៏សុំទោសដល់បណ្ដាអ្នកគាំទ្រទាំងអស់នូវភាពឆេវឆាវមួយពេល នៅក្នុងទីលានបែបនេះ។ ខ្ញុំនឹងកាត់បន្ថយភាពឆេវឆាវមួយនេះ សង្ឃឹមថា បងប្អូននឹងបន្តគាំទ្របឹងកេត ដើម្បីជាកម្លាំងចិត្តដល់ពួកយើងឲ្យប្រឹងប្រែងតទៅទៀត»

បញ្ចារ៉ុង ចេញសារសុំទោស

សូមបញ្ជាក់ថា ការប្រកួតកាលពីម្សិលមិញគឺជាការប្រកួតបើកឆាកនៃជុំទី២ នៃលីកកំពូលកម្ពុជា ដោយភ្នំពេញក្រោន អាចបំបាក់ក្រុមគូប្រជែងរបស់ខ្លួន បឹងកេត បានទាំងជើងទី១ និងជើងទី២ នៃរដូវកាលនេះ។

ចង់ដឹងថាសកម្មភាពចម្រូងចម្រាស់គ្នាយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

រូបភាព៖ Shing Long

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]