ភ្នំពេញ៖ នាពេលកន្លងមក ស្ថានីយទូរទស្សន៍PNN បានសហការជាមួយបណ្តាផលិតកម្មល្បីៗជាច្រើនក្នុងប្រទេសកម្ពុជា ដើម្បីផលិតចេញជាខ្សែភាពយន្តភាគខ្មែរដែលមានគុណភាពល្អ ហើយសាច់រឿងត្រូវបាននិពន្ធឡើងដោយកូនខ្មែរ ដែលមានដូចជា រឿង «ម្ទេសហឹរប៉ះអំបិលប្រៃ» «សង្គ្រាមបេះដូង» «មន្តស្នេហ៍ក្រមុំបាយឆា» និង «កែវភ្នែក» ជាដើម។

មិនតែប៉ុណ្ណោះ ដើម្បីជាការលើកស្ទួយរឿងប្រលោមលោកខ្មែរ PNNក៏បានផ្តួចផ្តើមនាំយករឿងប្រលោមលោកល្បីៗមកផលិតចេញជារឿងភាគផងដែរ។ រឿង «បំភ្លេចមិនបាន» ដែលកំពុងតែចាក់ផ្សាយនៅរៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់សៅរ៍ វេលាម៉ោង៨យប់ នៅPNN គឺជាប្រលោមលោកជាប់លេខមួយស្ទួនដែលនិពន្ធដោយលោកស្រី ប៉ាល់ វណ្ណារីរក្ស។

ដោយឡែករឿង «មន្តស្នេហ៍លេខា» ដែលកំពុងតែចាក់ផ្សាយនៅពេលថ្មីៗនេះនៅលើកញ្ចក់ទូរទស្សន៍PNN ពីថ្ងៃចន្ទ ដល់ពុធ វេលាម៉ោង៨យប់ ក៏ត្រូវបានផលិតឡើងពីប្រលោមលោកដែលមានអ្នកអានជាង១លាននាក់ពីគេហទំព័រសប្បាយផងដែរ។

«មន្តសេ្នហ៍លេខា» ជាប្រលោមលោកដែលទទួលបានជោគជ័យខ្លាំង និងជាការតាក់តែងនិពន្ធដោយអ្នកនិពន្ធ ប៉ាកាខ្មៅ។

កញ្ញាទូច បុប្ផា ប្រធានផ្នែកកម្មវិធីផ្សាយនៃស្ថានីយទូរទស្សន៍ភីអិនអិនបាននិយាយថា៖ «ដោយយើងយល់ឃើញថា វាពិតជាមានសារៈសំខាន់ណាស់ក្នុងការដែលយើង ផលិតភាពយន្តទូរទស្សន៍ក្នុងស្រុក ពីព្រោះវាអាចបង្ហាញនូវទំនៀមទម្លាប់ ជីវភាពរស់នៅ និងអត្តសញ្ញាណរបស់ខ្មែរ ហើយជាពិសេសខ្មែរយើងក៏មានសាច់រឿងច្រើនក្នុងការយកមកផលិតជារឿងភាគទូរទស្សន៍ តែយើងត្រូវតែធ្វើយ៉ាងម៉េចដើម្បីពង្រឹងគុណភាពនៃការតែងនិពន្ធ និងគុណភាពផលិតឲ្យបានល្អ រួមជាមួយការផ្សព្វផ្សាយ និងរៀបចំកម្មវិធីផ្សាយឲ្យត្រូវទៅតាមតម្រូវការទស្សនិកជន នោះយើងជឿជាក់ថា ភាពយន្តខ្មែរទាំងនេះនឹងទទួលការគាំទ្រច្រើនពីទស្សនិកជន»។

PNN នឹងបន្តនាំយកនូវប្រលោមលោកល្អៗជាច្រើនទៀតទាំងស្នាដៃរបស់កវីនិពន្ធជើងចាស់ និងថ្មី ដើម្បីផលិតចេញជារឿងភាគ ក្នុងគោលដៅផ្តល់នូវចំណេះដឹង និងការកម្សាន្តដល់អ្នកទស្សនា។

បច្ចុប្បន្នរឿង «មន្តសេ្នហ៍លេខា» កំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ទាំងអ្នកដែលធ្លាប់បានអានរឿងនេះពីមុនមក និងអ្នកដែលមិនធ្លាប់បានអានក៏អាចមកទស្សនាខ្សែភាពយន្តដ៏ល្អមួយនេះបានដែរ។

«មន្តសេ្នហ៍លេខា» ផ្សាយជូនទស្សនានៅរៀងរាល់ថ្ងៃ ចន្ទ ដល់ពុធ វេលាម៉ោង៨ ដល់៩ យប់នៅលើកញ្ចក់ទូរទស្សន៍PNN។

សូមទស្សនាឈុតខ្លីរឿង «មន្តស្នេហ៍លេខា» នៅខាងក្រោមនេះ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]