រាជធានីភ្នំពេញ ៖ អ្នកស្រីសួន ចន្ថា តែងតែឃើញធ្វើជាគណៈកម្មការក្នុងកម្មវិធីប្រឡងចម្រៀងតាមទូរទស្សន៍ ។ ដោយសារបែបនោះហើយទើបខ្មែរនៅអាមេរិកចង់បានអ្នកស្រីទៅធ្វើជាមេប្រយោគប្រឡងចម្រៀងដែរ។ ចំណុចនេះជាមោទនភាពមួយរបស់អ្នកស្រីសួន ចន្ថា ។

ដើម្បីកិច្ចការដែលយល់ថាមានសារសំខាន់ អ្នកស្រីសួន ចន្ថា សុខចិត្តចោលកិច្ចការមួយចំនួននៅអាមេរិក ហើយនៅបំពេញការងារក្នុងកម្មវិធី «ចង់ក្លាយជាតារា» ក្នុងនាមជាគណៈមេប្រយោគ។ ខណៈអ្នកស្រីសួន ចន្ថា កំពុងតែមានវត្តមានដាក់ពិន្ទុលើទឹកដមសំឡេងរបស់បេក្ខជនប្រឡងចម្រៀងក្នុងកម្មវិធី«ចង់ក្លាយជាតារា» របស់ទូរទស្សន៍អប្សរានោះ អ្នកស្រីបោះបង់ឱកាសចេញទៅបំពេញការងារនៅអាមេរិក តាមសំណូមពរជនរួមជាតិខ្មែរនៅទីនោះ ។ អ្នកស្រីសួន ចន្ថា យកចិត្តទុកដាក់លើការដាក់ពិន្ទុ នៅទូរទស្សន៍អប្សរាដោយម៉ត់ចត់ដើម្បីចម្រាញ់យកអ្នកមានសំឡេងល្អនិងសមត្ថភាព ។

អ្នកស្រីសួន ចន្ថានិយាយនាពេល ថ្មីៗកន្លងមកថា «ខ្ញុំសូមអរគុណដល់បណ្តាទស្សនិកជនទាំងក្នុង និងក្រៅស្រុកដែលបានជួយគាំទ្រការងាររបស់ខ្ញុំក្នុងការបំពេញតួនាទីក្នុងនាមជាគណៈកម្មការដាក់ពិន្ទុប្រឡងចម្រៀងកន្លងមកនៅស្ថានីយទូរទស្សន៍អប្សរា តាំងពីកម្មវិធីប្រឡងចម្រៀង «ផ្កាយរះក្នុងសួន» រហូតមកទល់ពេលនេះ ហើយនេះក៏ជាការផ្តល់កិត្តិយសដល់ខ្ញុំរីពីទូរទស្សន៍អប្សរាផងដែរ ។

ខ្ញុំគ្មានអ្វីក្រៅតែការព្យាយាមជាបន្តទៀត ដាក់ការវិនិច្ឆ័យឲ្យបានល្អក្នុងនាមជាមេប្រយោគប្រឡងចម្រៀង គ្រាដែលកម្មវិធីថ្មី «ចង់ក្លាយជាតារា» របស់ទូរទស្សន៍អប្សរាទើបបង្កើតថ្មីនេះសុទ្ធតែមានបេក្ខជន ល្អៗ និង ប្អូនៗ ក្មួយៗចូលចិត្ត និងមកដាក់ពាក្យគួរឲ្យភ្ញាក់ផ្អើលផងដែរ ។

ដោយទឹកចិត្តស្រឡាញ់ការងារជាគណៈមេប្រយោគនេះហើយ ខ្ញុំមិនបានទៅអាមេរិកតាមសំណូមពរបងប្អូនយើងរស់នៅឯនាយសមុទ្រនោះទេ ព្រោះថាមិនចង់ចោលការងារនៅអប្សរាបាន ពិសេសការប្រឡងនេះខ្ញុំត្រូវតែនៅមើលការងារនេះឲ្យល្អជាមួយគណៈមេប្រយោគដទៃទៀតផងដែរ ។

ចំពោះគម្រោងទៅអាមេរិកក៏គ្មានអ្វីក្រៅពីការងារដែលបងប្អូនខ្មែរនៅទីនោះពឹងឲ្យជួយធ្វើជាមេប្រយោគប្រឡងចម្រៀង ក្នុងការប្រឡងចម្រៀងនៅទីនោះដែលគេបានរៀបចំ ឡើង ។ ដំណឹងនេះខ្ញុំត្រេកអរនៅពេលដែលអ្នកក្រៅប្រទេសផ្តល់តម្លៃបែបនេះ និងសោកស្តាយដែលមិនអាចបំពេញការងារជូន ភ្លាមៗស្របពេលដែលការងារនៅអប្សរាទើបតែមកដល់ គឺមិនអាចទៅបានគ្រាដែលគេឲ្យតម្លៃថា ខ្ញុំដាក់ពិន្ទុប្រឡងចម្រៀងសមល្អ និងលេចធ្លោល្អ ។ ទោះបីជាយ៉ាងណាក្តីខ្ញុំនៅតែទទួលយកសំណើនេះ ជាបន្តទៀតដើម្បីបានធ្វើជាមេប្រយោគនៅអាមេរិកក្នុងការ ដាក់ពិន្ទុក្រោយការងារនៅក្នុងស្រុកស្បើយ ។

សម្រាប់កម្មវិធីប្រឡងចម្រៀង«ចង់ក្លាយជាតារា»ក្រៅពីអ្នកស្រីសួន ចន្ថា ជាគណៈមេប្រយោគ គឺមានគណៈកម្មការ ផ្សេងៗទៀតសុទ្ធតែជាអ្នកជំនាញដូចជាឌីជេណាណា, លោកឌីជេប៊ុមប៊ុយ, លោកសុភេន អ្នករៀបចំកម្មវិធី ព្រមទាំងកញ្ញានៅ សូនីតា និងលោករ៉ាស៊ី ជាពិធីករ ។ ការប្រឡងចម្រៀងរបស់កម្មវិធីនោះ ពិសេសជាងមុន គឺដាក់វិញ្ញាសាពិបាកក្នុងបំណងចម្រាញ់យកបេក្ខជនល ឆ្លាត ពូកែនិងមានទឹកដមសំឡេងពីរោះ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]