បរទេស៖   នេះជារឿងដ៏ចម្លែកមួយ ដែលបុរសម្នាក់បានព្យាយាមបញ្ឈប់កង្ហារមួយគ្រឿង ដែលមានស្លាបដែកកំពុងវិលឲ្យឈប់ ដោយប្រើក្បាល និងអណ្តាតប៉ុណ្ណោះ។

តាមរយៈវីដេអូមួយបានបង្ហាញឲ្យឃើញលោក Brad Byers សញ្ជាតិអាមេរិកាំង បានណែនាំខ្លួនឯងទៅកាន់កាមេរ៉ា  និងយកខ្មៅដៃមួយមកសាកល្បងលើស្លាបកង្ហារ ដើម្បីបញ្ជាក់ថា វាជាស្លាបដែកពិតៗ មុនពេលលោកដាក់ក្បាលចូលទៅក្នុងកង្ហារ ដើម្បីបញ្ឈប់កុំឲ្យវាវិល ហើយត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ លោក Brad ក៏អាចបញ្ឈប់ស្លាបកង្ហារមិនឲ្យវិលបាន។

បន្ទាប់ពីនេះមក លោកក៏បានចាប់ផ្តើមប្រើអណ្តាត ដើម្បីបញ្ឈប់ស្លាបកង្ហារវិញម្តង ដោយដំបូងឡើយលោកបានចាប់កាន់តួខាងក្រៅរបស់កង្ហារ ដែលអាចធ្វើឲ្យមនុស្សមួយចំនួនគិតថា លោកចុចបិទកង្ហារមុនពេលដែលដាក់អណ្តាតចូល។ 

លោក Brad បានលានអណ្តាត និងអោនចូលទៅកៀកកង្ហារ រួចផ្ទប់អណ្តាតទៅនឹងស្លាបកង្ហារភ្លាមៗដើម្បីបញ្ឈប់វា។ ជាលទ្ធផល លោកពិតជាអាចបញ្ឈប់វាមិនឲ្យវិលបានមែន ប៉ុន្តែលើកនេះហាក់ខុសពីលើកមុន បន្ទាប់ពីបញ្ឈប់កង្ហារ លោកបានយកដៃខ្ទប់មាត់ជិត ខណៈអ្នកកាន់កាមេរ៉ាបានសួរថា “តើលោលមិនអីទេឬ? ឲ្យខ្ញុំមើលតិចមើល”។

ពេលនោះលោកបានដកដៃចេញ ហើយហាមាត់ឡើង ទើបឃើញអណ្តាតរបស់គាត់ឡើងក្រហមច្រាល ដូចជាអណ្តាតនោះកំពុងតែចេញឈាម។ ស្រ្តីជាអ្នកកាន់កាមេរ៉ា ក៏បានលាន់មាត់ថា “អូព្រះអើយ” មុនពេលវីដេអូនោះត្រូវបានបញ្ចប់។

យើងមិនដឹងថាមានអ្វីកើតឡើងឲ្យច្បាស់ចំពោះអណ្តាតរបស់លោក Brad ឡើយ។ មានអ្នកមើលវីដេអូនេះ មួយចំនួនបាននិយាយថា លោក Brad បានលូកដៃចូកទៅក្នុងហោប៉ៅ ហើយបន្ទាប់មកបានលូកដៃចូលទៅក្នុងមាត់ ដូចជាយកអ្វីមួយទៅដាក់អ៊ីចឹង។   យ៉ាងណាក៏ដោយ យោងតាមទឹកមុខរបស់លោក អាចបញ្ជាក់ថា លោកហាក់មានការឈឺចាប់ ដែលនេះអាចជារឿងពិតមិនមែនសម្តែងឡើយ។

យ៉ាងណាមិញ ប្រសិនបើវាជាជាការសម្តែងក៏ដោយ ប៉ុន្តែលោកអ្នកមិនគួរសាកល្បងធ្វើតាមលោក Brad នៅផ្ទះ ឬនៅទីសារធារណៈណាមួយឡើយ ព្រោះការធ្វើបែបនេះ ប្រាកដណាស់ថាអាចបណ្តាលឲ្យមានគ្រោះថ្នាក់បាន បើទោះជាតិច ឬច្រើនក៏ដោយក្តី៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]