ខេត្តប៉ៃលិន ៖ គេសង្កេតឃើញ បុរសម្នាក់មានគំនិតច្នៃប្រឌិតខ្ពស់ ដោយបានរៀបចំបង្កើតជារហាត់ទឹកដ៏ធំមួយ ដើម្បីទាញយកថាមពល វារីអគ្គិសនីមកប្រើប្រាស់ប្រចាំថ្ងៃ អាចបូមទឹកស្ទឹង ផលិតជាទឹកស្អាត ដាក់លក់ចែកចាយឱ្យ ប្រជាពលរដ្ឋប្រើប្រាស់នៅតាមភូមិនានាមួយចំនួន នៅក្នុងក្រុងប៉ៃលិន ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះខណៈដែលរហាត់ទឹកកំពុងតែវិលចុះវិលឡើង គេឃើញមានភ្ញៀវទេសចរជាតិ និងអន្តរជាតិបាននាំគ្នាទៅលេងកំសាន្ត យ៉ាងសប្បាយជាច្រើនកុះករ ។
បើតាមការរៀបរាប់ពី បុរសម្នាក់ឈ្មោះ ចាន់ ថានី ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិបហ៊ុយត្បូង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន បានឱ្យដឹងថា ដោយសារតែលោកសង្កេតឃើញទឹកស្ទឹងបយ៉ាខាហូរធ្លាក់រហូតលោកក៏មានគំនិតច្នៃប្រឌិតរហាត់ទឹកនេះឡើងអស់រយៈពេលជាច្រើនឆ្នាំ គឺក្នុងគោលបំណងទាញយកថាមពលវារីអគ្គិសនីដើម្បីយកទៅផ្គត់ផ្គង់ការប្រើប្រាស់ក្នុងក្រុមគ្រួសារប្រចាំថ្ងៃ ហើយក៏អាចបូមយកទឹកស្ទឹងដាក់ក្នុងអាងស្តុកទឹកដើម្បីផលិតជាទឹកស្អាតលក់ចែកចាយដល់ប្រជាពលរដ្ឋនៅក្នុងភូមិបហ៊ុយជើង បហ៊ុយត្បូង បតាំងស៊ូ ភូមិបយ៉ាខា និងអូរច្រាលិច សង្កាត់បយ៉ាខា ក្រុងប៉ៃលិន រហូតដល់ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅផងដែរ ។
លោកបញ្ជាក់ឱ្យដឹងទៀតថា បន្ទាប់ពីដំណើរការរហាត់ទឹកនេះ រួចមកស្រាប់តែឃើញមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកក្នុងក្រុងប៉ៃលិន និងខេត្តនានាមួយចំនួនទៅលេងកំសាន្ត និងថតយករូបភាពយ៉ាងច្រើនកុះករ ។ ប៉ុន្តែរហូតមកដល់ពេលថ្មីៗនេះរហាត់ទឹករបស់លោកបានបែកប៉ាដាង មិនអាចបូមទឹកបន្តទៀតនោះឡើយ ហើយលោកនឹងរៀបចំធ្វើការជួសជុលឡើងវិញនៅពេលឆាប់ៗខាងមុខនេះដើម្បីបន្តអាជីវកម្មរបស់ខ្លួនឱ្យទៅមុខទៀត ។
ចំណែកភ្ញៀវទេសចរមួយចំនួនបានឱ្យដឹងថា ពួកគាត់ពិតជាមិនធ្លាប់ឃើញមានរហាត់ទឹកបែបនេះតាំងពីមុនមកនៅក្នុងខេត្តប៉ៃលិនរហូតមកដល់ពេលនេះ ស្រាប់តែមានគេបង្កើតវា ដើម្បីទាញយកភ្លើងវារីអគ្គិសនីសម្រាប់ប្រើប្រាស់គួរឱ្យចាប់អារម្មណ៍ ។ ម្យ៉ាងវិញទៀតខណៈរហាត់កំពុងតែវិលចុះវិលឡើងពួកគាត់ចូលទៅទស្សនាធ្វើឱ្យមានការសប្បាយរីករាយក្នុងចិត្តថែមទៀតផង ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]