(ភ្នំពេញ)៖ ក្រុមបាល់ទាត់នារីជម្រើសជាតិក្រោមអាយុ ១៥ឆ្នាំកម្ពុជា(U-15) នឹងត្រូវជួបក្រុមខ្លាំងថៃ នាវេលាម៉ោង ៤ល្ងាចថ្ងៃទី១៧ ខែឧសភានេះហើយ នៅក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(១/២) នៃព្រឹត្តិការណ៍បាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ AFF U15 Girls’ Championship 2017 ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន KM១៦ នៃទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ។

នេះគឺជាប្រវត្តិសាស្ដ្រលើកដំបូងហើយ ដែលក្រុម U-15នារីកម្ពុជាបានឡើងដល់វគ្គ ១/២ផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍កម្រិតតំបន់អាស៊ាន ប៉ុន្ដែមុនឈានដល់ការប្រកួតដ៏សំខាន់នាល្ងាចនេះ ក្រុមបាល់ទាត់នារីដឹកនាំដោយលោក មាស សំអឿន បានឆ្លងកាត់ ៣ប្រកួតរួចមកហើយ ដោយឈ្នះ១ ស្មើ១ និងចាញ់១ មាន ៤ពិន្ទុនិងឈរលេខរៀងទី២ ក្នុងពូលB ។

ចំណែកក្រុម U-15នារីថៃវិញ គឺជាក្រុមខ្លាំងប្រចាំពូលA ដោយបញ្ចប់ការប្រកួតសន្សំពិន្ទុត្រឹមចំណាត់ថ្នាក់លេខ១ និងមាន ១២ពិន្ទុពេញ ក្រោយទទួលបានជ័យជម្នះ ៤ប្រកួតជាប់គ្នា ព្រមទាំងការពារមិនឲ្យរបូតគ្រាប់បាល់សូម្បីតែ ១គ្រាប់ទៀតផង ។ ដូច្នេះជំនួបល្ងាចនេះ ក្រុម U-15នារីកម្ពុជា អាចនឹងធ្វើការងារធ្ងន់បន្ដិចហើយ សម្រាប់ការជួបក្រុមជើងខ្លាំងប្រចាំតំបន់មួយនេះ ។

ល្ងាចនេះដែរ ក្រុមលេខ១ ពូលB គឺក្រុម U-15នារីហ្វីលីពីន ក៏ត្រូវក្រុមបាល់ទាត់នារីក្រោមអាយុ ១៥ឆ្នាំមីយ៉ាន់ម៉ា ដែលឈរលេខរៀងទី២ ក្នុងពូលA នៅក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ។ នេះគឺជាការប្រកួតដ៏សំខាន់ ដោយក្រុមឈ្នះនឹងបន្ដដំណើរទៅវគ្គផ្ដាច់ព្រ័ត្រ ។ ចំណែកក្រុមបរាជ័យវិញ ក៏នឹងមានឱកាសជួបគ្នាផងដែរ ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ ប្រចាំព្រឹត្តិការណ៍បាល់ទាត់នារីប្រចាំតំបន់អាស៊ាននេះ ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]