រាជធានីភ្នំពេញ​ ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា ក្រោយ​ពេលតុលាការ​​សម្រេច​ចេញដីការួច និងខណ​:​ពេល​កម្លាំង​សមត្ថ​កិច្ច​ កង​រាជ​អាវុធហត្ថ នាំ​ខ្លួន​​ជនសង្ស័យ​ទាំង​២នាក់​ចេញពី​សាលាដំបូង ទៅ​​កាន់​ពន្ធនាគារ​ព្រៃ.​ស ដើម្បី​​​ឃុំ​ខ្លួន​​ជាបណ្តោះអាសន្ន​នោះ​ ​គេ​បាន​ប្រទះ​​ឃើញ​​អ្នក​នាង​ឃ្មិប ដែល​​ជាម្តាយ​បង្កើត​បាន​ស្ទុះ​​រត់​ទៅអោបកូនប្រុស​​ (ជនសង្ស័យ) ដោយ​ស្រែក​​​ទ្រហោ​យំ​ពេញ​​តុលាការ​ ដោយ​ពោល​ពាក្យ​ថា «ខំ​ថែរក្សា​ខ្លួន​ណាកូន» ​។

ប្រភព​ឱ្យដឹងទៀត​ថា ទន្ទឹមនឹង​​ម្តាយស្រែកយំនោះ​​ ក៏បាន​ឮសំឡេង​​​កូន​​ប្រុស ​ដែល​ជា​​ឃាតករ​វ័យក្មេងសម្លាប់ម្តាយក្រោយ​ បាន​ស្រែក​​​​​តប​​ទៅ​ម្តាយ​ឃ្មិប​​​វិញ​​ថា «​កូន​ខុស​​ហើយ​ម៉ែ» ដែល​ធ្វើ​ឱ្យគ្រប់គ្នា​​នៅ​ជុំវិញ​​មានការរន្ធត់ និង​រំជួលចិត្ត​ជា​ខ្លាំង​។

គួរ​រំលឹកថា ចៅក្រមស៊ើន​​សួរ​​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​លាង សំណាត់ នា​​រសៀល​ថ្ងៃ​ទី​១៦ ឧសភា ​ដដែលនេះ បានសម្រេច​​​​ចេញ​ដីកាឃុំខ្លួន​កូនប្រុស​នាយហុង ដា និង​សង្សារ ដាក់​ពន្ធនាគារ​ព្រៃ.​ស​បណ្តោះអាសន្ន ។ ជន​ជាប់សង្ស័យ​​ឈ្មោះ​ខាសុ​ខេន ឬអឿន សុខា ឬហៅ​និ​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ «​ឃាតកម្ម​គិត​ទុកជា​មុន» តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ ។

ដោយឡែក​ នារីជាប់ចោទ​ជា​សង្សារ​​ ​ឈ្មោះ​នេ​ត រស្មី​កន្និកា ​ហៅ​ស្រី​កា អាយុ​១៧​ឆ្នាំ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​សមគំនិត ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន តាម​មាត្រា​២៩ និង​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ ដូច​គ្នា ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]