អាមេរិក៖   រូបសាក់ត្រូវបានគេចាត់ទុកថាជាសិល្បៈមួយបែប  ដែលអាចឲ្យយើងមើលឃើញនៅលើរាងកាយ ប៉ុន្តែអរគុណទៅដល់ការរួមបញ្ចូលគ្នាប្រកបដោយភាពច្នៃប្រឌិតនៃសិល្បៈ និងបច្ចេកវិទ្យា  នៅពេលនេះអ្នកអាចស្តាប់សម្លេង ចេញពីសិល្បៈនៅលើស្បែករបស់អ្នកបានហើយ  ជាមួយកម្មវិធីមួយនៅលើទូរស័ព្ទ។

យោងតាមវេបសាយ OddityCentral បានចុះផ្សាយថា នៅពេលនេះអ្នកអាចយកសម្លេងមនុស្សជាទីស្រឡាញ់របស់អ្នក, បទចម្រៀងដែលអ្នកចូលចិត្ត,  ឬក៏សុភាសិតលើកទឹកចិត្តដាក់តាមខ្លួន   ហើយទៅជាមួយអ្នកគ្រប់ទីកន្លែង  និងអាចស្តាប់វាបានគ្រប់ពេលវេលាដែលអ្នកចង់ស្តាប់។

ជាងសាក់រូប Nate Siggard រស់នៅក្នុងទីក្រុង Los Angeles បានរកឃើញការបង្កើត រូបសាក់ដែលអាចស្តាប់បាននេះ គឺនៅពេលដែលមិត្តភក្តិរបស់គេ ២នាក់ បានមកពឹងឲ្យគេសាក់ រូបរលកសម្លេង បើកក្បាលដំបូងនៃបទ “Tiny Dancer” របស់ Elton John នៅលើស្បែកពួកគេ។ នៅពេលនោះមិត្តស្រីរបស់ជាងសាក់ រូបនេះបាននិយាយថា “វាពិតជារឿងដ៏ឡូយណាស់ ប្រសិនបើបងអាចស្តាប់សម្លេងចេញពីរូបសាក់នេះបាន”។ 

យោបល់របស់មិត្តស្រី បានធ្វើឲ្យលោក Nate មានគំនិតគ្រប់គ្រាន់ ដើម្បីបន្តរឿងដែលស្តាប់មើលទៅដូចជាឆ្កួតនេះទៅមុខទៀត។ លោក Nate បានរកឃើញថា មានវីធីម្យ៉ាងដែលអាចធ្វើឲ្យមានសម្លេង កើតចេញពីសាក់នៅលើស្បែករបស់មនុស្ស គឺដោយការចាក់សាក់ រលកសម្លេង ដែលបង្កើតឡើងដោយកុំព្យូទ័រ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនដំបូង Nate បានសាកល្បងលើស្បែករបស់គាត់ជាមុនសិន ដោយចាក់សាក់រលកសម្លេងមិត្តស្រី និងកូនរបស់គាត់ រួចហើយបង្ហោះលទ្ធផលដែលគាត់ធ្វើបាន ទៅលើបណ្តាញសង្គមហ្វេសប៊ុក។ ហើយស្ទើតែភ្លាមៗវាក៏បានល្បីពាសពេញបណ្តាញសង្គម ដែលធ្វើឲ្យមានមនុស្សម្នារជាច្រើនចោទជាសំណួរទៅគាត់ និងមានអ្នកខ្លះទៀតចង់ឲ្យគាត់ជួយចាក់សាក់ រលកសម្លេង របស់ពួកគេឲ្យទៀតផង។

តើអ្វីជាការសម្ងាត់នៅពីក្រោយការច្នៃប្រឌិតថ្មីនេះ នៃប្រភេទការចាក់សាក់នេះ? ដូចដែលបាននិយាយពីខាងដើមអីចឹង គឺការរួមបញ្ចូលគ្នាប្រកបដោយភាពច្នៃប្រឌិតនៃសិល្បៈនិងបច្ចេកវិទ្យា។ អ្នកអាចប្រើប្រាស់កម្មវិធីរបស់ទូរស័ព្ទ (Skin Motion app) ដែលអាចបង្កើតសម្លេងចេញពីរូបសាក់នៅលើស្បែក ដែលមានរយៈពេល ១នាទី ដោយវាអាចជាសម្លេងអ្វីមួយ ចម្រៀង សូម្បីតែសម្លេងឆ្កែព្រុះ។

ទោះជាយ៉ាងណា កម្មវិធីទូរស័ព្ទ Skin Motion app នេះ កំពុងស្ថិតនៅក្នុងការអភិវឌ្ឍនៅឡើយ ប៉ុន្តែនឹងត្រូវចេញជាផ្លូវការក្នុងខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ៕ 

ប្រភព៖ OddityCentral

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]