(ភ្នំពេញ)៖ តារាចម្រៀង មានឈ្មោះល្បីក្នុងមជ្ឍដ្ឋានសិល្បៈ លោក ជុំ លីណូ បានទទូចស្នើដល់តុលាការ នៃសាលាដំបូងរាជធានៅភ្នំពេញ មេត្តាកាត់សេចក្ដី ជំនុំជំរះផ្ដល់នូវភាពយុត្តិធម៌ ដល់ប្អូនស្រីរបស់លោក មានឈ្មោះថា ទូច​ សុម៉ានិតា ​បច្ចុប្បន្នវ័យ១២ឆ្នាំ ដែលត្រូវបានឪពុកចុងជាអតីត​ព្រះសង្ឃ ព្រះនាម ព្រះមហា ភុំ មុនីរ័ត្ន ធ្វើទារុណកម្ម​រហូតចង់បាក់ស្បាត​​ ​​ខណៈដែលសំណុំរឿងបណ្ដឹងនេះ ​កំពុងនៅតុលាការ ហើយតុលាការបានធ្វើការពន្យា​ ពេលជាបន្តបន្ទាប់។

លោក ជុំ លីណូ បានថ្លែងឲ្យដឹងថា រឿងឪពុកចុងវ៉ៃធ្វើបាប ប្អូនស្រីរបស់លោក បានកើតឡើងជាង១ឆ្នាំមកហើយ។ ​លោកមិននឹកស្មានថា បញ្ហានេះបានកើត នៅក្នុងក្រុម​គ្រួសារសាច់ញាតិ របស់លោកនោះទេ។ ដូច្នេះលោកមាន​តែសំណូមពរ ឲ្យប្រព័ន្ធតុលាការ ពន្លឿនការជំនុំជម្រះក្ដី ដើម្បីឲ្យប្អូនស្រីរបស់លោក ទទួលបានពន្លឺយុត្តិធម៌ ព្រោះក្មេងស្រីទទួលរងគ្រោះ ត្រូវបានគេធ្វើបាប គ្មានត្រាប្រណី។

ដោយឡែក ពាក់ព័ន្ធនឹងរឿងនេះ លោក​ មាស ឡេង ជាឪពុកបង្កើតកុមារីរងគ្រោះ និងជាពូបង្កើត​របស់​តារាចម្រៀង ជុំ លីណូ ​បានថ្លែង​ឲ្យដឹងថា ​លោកបាន​រៀបការ ជាមួយអ្នកនាង ពេជ្រ ចិន្តា ដែលបច្ចុប្បន្នវ័យ៣៧ឆ្នាំ កាលពីអំឡុងឆ្នាំ២០០០ ដែលមានសុភមង្គលល្អូកល្អិននឹងគ្នា រហូតទទួលបានចំណងដៃ​​កូន៣នាក់ ប្រុស១ស្រី២។ លុះនៅឆ្នាំ២០១៤ ជីវិតគ្រួសាររបស់លោក ក៏ចាប់ផ្ដើមមានបញ្ហារ​កាំរកូស ជាបន្តបន្ទាប់ ខណៈដែលអតីតភរិយា របស់លោកចង់នាំកូនប្រុសស្រី ទៅរស់នៅប្រទេស​អូស្ត្រាលី ហើយដោយសារ​តែចង់​បំពេញបំណងភរិយា លោកក៏ស្របតាមចិត្ត​អតីតភរិយា​ បើទោះបីចិត្ត របស់លោកមិនចង់ក្ដី។

ប៉ុន្តែអ្វីដែលជាការពិតនោះ ការចង់ចេញទៅរស់នៅ​អូស្ត្រាលី គ្រាន់តែជាលេស របស់អតីតភរិយា​តែប៉ុណ្ណោះ ពោលគឺអតីតភរិយារបស់លោក បានលួចបង្កាត់ភ្លើងស្នេហ៍ ជាមួយព្រះសង្ឃ​ព្រះមហា​ ភុំ មុនីរ័ត្ន ដែលបានទាក់ទងគ្នា តាមបណ្ដាញ សង្គមហ្វេសប៊ុក ហើយបន្ទាប់មក លោកក៏សម្រេចចិត្តលែងលះ តាមប្រព័ន្ធតុលាការ នៅអំឡុងឆ្នាំ២០១៤ ដែលត្រូវបែងចែកឲ្យកូនស្រី២នាក់ ទៅឲ្យខាងអតីតភរិយាគ្រប់គ្រង ហើយលោកទទួលបានសិទ្ធិគ្រប់គ្រង ចិញ្ចឹមកូនប្រុសច្បង។​ ក្រោយពេលលែងលះ មិនបានប៉ុន្មានផង អតីតភរិយារបស់លោក ក៏បានរៀបការប្ដីថ្មី គឺជាមួយអតីតព្រះ សង្ឃព្រះមហា ភុំ មុនីរ័ត្ន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥។

លោក​ មាស ឡេង បញ្ជាក់ថា អ្វីដែលលោកមិននឹកស្មានដល់នោះ អំឡុងពេលកូនស្រីទាំង២របស់លោក ទៅ​រស់នៅជាមួយឪពុកចុង រយៈពេល១ឆ្នាំ ត្រូវបានឪពុកចុង ធ្វើទារុណកម្មជាច្រើន​ លើកដែលមានសភាពធ្ងន់ធ្ងរ បង្កស្លាកស្នាមលើរាងកាយ កូនស្រីទី២ឈ្មោះ ទូច សុម៉ានិតា គួរឲ្យខ្លោចចិត្ត​បំផុត។

​ក្រោយពេលដឹងថា ប្ដីចុងអតីតភរិយារបស់លោក ធ្វើទារុណកម្មលើកូនស្រី ហើយលោកមានទាំងភស្តុតាង និងសាក្សី​ទៀតនោះ​ លោកក៏បានដាក់ពាក្យប្ដឹង​ទាមទារសិទ្ធ ​គ្រប់គ្រងចិញ្ចឹមកូនទាំង៣មកវិញ។ ប៉ុន្តែនៅពេលដែលលោក ចំណាយអស់ប្រាក់ជាច្រើន​ម៉ឺនដុល្លារ ដើម្បីប្ដឹងទាមទារ សិទ្ធិគ្រប់គ្រងកូនទាំង៣មកវិញនោះ ស្រាប់តែខាងអតីតភរិយា និងប្ដីចុងប្ដឹង​លោក​ពីបទ​បង្ឃាំងកូន​ទុក គឺចង់ប្ដឹងឲ្យលោកជាប់គុក និងទាមទារឲ្យលោកសងជំងឺចិត្ត១០ម៉ឺនដុល្លារទៀតផង។

លោកបន្តថា ពីដំបូងលោកគ្មានបំណងប្ដឹង​ពីបញ្ហាហ្នឹងទេ ប៉ុន្តែដោយសារ​អតីតភរិយា​ប្ដឹង​លោក ។ដូច្នេះលោកក៏ប្ដឹង ពីបទប្រើហិង្សាធ្វើទារុណកម្ម លើកូនស្រីរបស់​លោក ដែលទើបមានវ័យ១១ឆ្នាំ ពោលគឺអតីតព្រះ​មហា​ ភុំ មុនីរ័ត្ន បានធ្វើហិង្សា​លើ​កូនស្រីរបស់លោក នៅថ្ងៃទី៨ ខែធ្នូ​ ឆ្នាំ២០១៥ ហើយក្នុងបណ្ដឹង​លោកទាមទារ ឲ្យសងជំងឺចិត្ត៥០០០០ដុល្លារ និងត្រូវប្រឈម​ជាប់ពន្ធធនាគារ តាមផ្លូវច្បាប់។ ដំណើរការជម្រះក្ដីបានអូសបន្លាយ ពេលជាបន្តបន្ទាប់​ ​ហើយការចំណាយរបស់ លោកក៏អស់កាន់តែច្រើន​ ដែលជារឿងអយុត្តិធម៌បំផុត សម្រាប់រូបលោក។

ឪពុកក្មេងស្រីរងគ្រោះ បានបញ្ជាក់ទៀតថា បើទោះបីបច្ចុប្បន្ននេះ​ លោកដឹងថា អតីតព្រះសង្ឃនិងជាអតីត ប្រធានអង្គការក្ដីសង្ឃឹម ហើយបច្ចុប្បន្នមានឋានៈជា «ឯកឧត្តម» នឹងជាទីប្រឹក្សាសម្ដេច​ ហេង សំរិន ប្រធានរដ្ឋសភា ក្ដី ក៏លោកនៅតែទទូចចង់ឲ្យតុលាការ ផ្ដល់យុត្តិធម៌ឲ្យកូនស្រីរបស់លោក ឲ្យបានឆាប់រហ័ស ខណៈដែលត្រៀមជំនំជម្រះក្ដីបន្ត​ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ ពោលគឺលោកមិនចង់ឲ្យមាន ការអូសបន្លាយពេលទៀតទេ ដោយចង់ឲ្យកូនស្រីរបស់លោកទទួលបានយុត្តិធម៌ និងចង់ឲ្យជនបង្កហេតុធ្វើ ទារុណកម្មលើកូនស្រីរបស់លោក ដែលមិនទាន់គ្រប់អាយុ ទទួលខុសត្រូវចំពោះមុខច្បាប់ ឲ្យខាងតែបាន។

​ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ Fresh News មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺ​ ពីសំណាក់លោក ភុំ មុនីរ័ត្ន​ ដែលជាឪពុកចុង និងអ្នកស្រី ពេជ្រ ចិន្តា ដែលជាម្ដាយបង្កើត របស់កុមារីរងគ្រោះ បាននៅឡើយទេ៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]