ថៃ៖   ថ្មីៗនេះវីដេអូឃ្លីប សុនខដ៏ក្លាហានពីរក្បាល ចេះសហការគ្នា ខាំកន្រ្តាក់ទាញម្ចាស់របស់វា ចេញពីក្នុងទឹកបានដោយសុវត្ថិភាព ក្នុងកំឡុងពេលហ្វឹកហាត់សាកល្បងធ្វើជាលង់ទឹក កំពុងតែទទួលបានចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងនៅលើអីុនធើណែត។

តាមរយៈវីដេអូឃ្លីប គេឃើញសុនខពូជ Pit Bull សម្បុរប្រផេះឈ្មោះថា Jaguar អាយុ២ឆ្នាំ ខំប្រឹងស្ទុះស្ទាប្រើធ្មេញរបស់វា ខាំទាញអាវពោងម្ចាស់របស់ខ្លួន គឺលោក Aea ចេញពីក្នុងទឹក មកដាក់លើក្បូនឈើឫស្សី។

ចំណែកត្រង់ឈុតមួយផ្សេងទៀតក្នុងវីដេអូឃ្លីប គេឃើញដែរថា សុនខសម្បុរត្នោតឈ្មោះថា Apo ជាមិត្តដ៏ល្អរបស់ Jaguar ក៏បានលោតចូលទៅក្នុងទឹក ដោយទទះទឹករុញម្ចាស់របស់វាចូលមកកៀកក្បូន រីឯ Jaguar ក៏ខំខាំទាញម្ចាស់របស់វាឲ្យឡើងលើក្បូនឈើវិញផងដែរ។

គួរឲ្យដឹងដែរថា វីដេអូឃ្លីបនេះ ត្រូវបានថតឡើងដោយមិត្តស្រី លោក Aea ឈ្មោះថា នាង Sakunrat Sayma ក្នុងក្រុង Nonthaburi ខេត្ត Nonthaburi ប្រទេសថៃ។

តាមរយៈការហ្វឹកហាត់សាកល្បង ទៅលើសុនខដ៏ឆ្លាតទាំងពីរក្បាលនេះ នាង Sakunrat បាននិយាយថា «ពួកយើងមានឆ្កែឆ្លាតៗ២ក្បាលនេះ ដែលរៀនឆាប់ចេះឆាប់ចាប់បានលឿនបំផុត។ ប៉ុន្តែពួកយើងមិននឹកស្មានសោះថា ពួកវាអាចធ្វើសកម្មភាពទាំងអស់នោះបាន នៅពេលដែលលោក Aea គ្រាន់តែធ្វើពុតជាលង់ទឹកសោះ។ ខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញពួកវាបែបនេះ»

នាងបន្តថា «ពួកយើងពិតជាសំណាងណាស់ ដែលមានឆ្កែដ៏សែនឆ្លាតទាំង២ក្បាលនេះ ដែលពួកវាស្រលាញ់ចូលចិត្តរៀននូវអ្វីដែលថ្មីៗ។ មានអ្នកលេងបណ្តាញសង្គមជាច្រើន បានបញ្ចេញមតិ (Comment) កោតសរសើរ នៅលើហ្វេសប៊ុកផេកយើង ហើយពួកយើងពេញចិត្តនិងទទួលយក រាល់ការបញ្ចេញមតិបែបវិជ្ជមានរបស់ពួកគេ មកលើពួកយើងយ៉ាងខ្លាំង»

ទស្សនាវីដេអូខាងក្រោម៖  

ប្រភព៖ ដេលីម៉ែល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]