ភ្នំពេញ៖ ក្រោយទទួលបានចំណងដៃកូនស្រី ទើបនឹងកើតកាលពីខែមុន និងបង្កើតក្រុមយុវជន និងបាល់ទាត់ហើយ ឈិន ឈឿន នឹងត្រៀមខ្លួនវិលចូលទីលានប្រកួតនៅថ្ងៃស្អែកនេះឲ្យក្លិបក្រសួងការពារជាតិ ដែលនឹងត្រូវប៉ះជាមួយក្លិបភ្នំពេញក្រោន នៅកីឡដ្ឋានស្តាតចាស់។

ក្នុងអាជីពជាកីឡាករបាល់ទាត់នាពេលបច្ចុប្បន្ននេះ ឈិន ឈឿន បានបញ្ជាក់ថា ខ្លួនពិតជារវល់ច្រើន បង្ហាត់ក្រុមយុវជនផង ត្រូវប្រកួតខ្លួនឯងផង មិនតែប៉ុណ្ណោះ បើទោះជារវល់យ៉ាងណាក៏ដោយ ឈិន ឈឿន ក៏មិនបានភ្លេចមើលថែប្រពន្ធ និងកូនស្រីតូច ជាទីស្រលាញ់របស់ខ្លួនផងដែរ។

ខ្សែបម្រើការពារកំពូលល្បឿនរូបនេះ បានបង្ហោះនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួន កាលពីព្រឹកមិញថា «ភារកិច្ចច្រើនណាស់ខ្ញុំ! មើលកូន ក្លិបប្រកួត និងពិសេសនោះ គឺក្រុមយុវជន និងបាល់ទាត់ ត្រូវបង្ហាត់រាល់សប្តាហ៍ទៀត»

បើទោះជាយ៉ាងណាក៏ដោយ ឈិន ឈឿន ក៏មិនបានត្អូញត្អែរអ្វីដែរ ថែមទាំងមានក្តីរីករាយ និងសប្បាយចិត្តក្នុងការហ្វឹកហាត់ប្អូនៗដែលជាយុវជនថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ឈិន ឈឿន កំពុងបន្ដប្រកាសសែ្វងរកជំនួយដល់ក្រុមយុវជន និងបាល់ទាត់ ដែលទទួលបង្ហាត់យុវជនមិនយកម្រៃ។ ក្នុងនោះ កីឡាកររូបនេះ បានបញ្ជាក់ថា «ដោយនៅមានការខ្វះខាតនៅឡើយ យើងខ្ញុំសូមអំពាវនាវដល់បណ្តាក្រុមហ៊ុន សហគ្រាស អាជីវកម្ម និងសប្បុរសជននានា មេត្តាជួយឧបត្ថម្ភ និងជួយជ្រុមជ្រែងដល់ក្រុមការងារស្ម័គ្រចិត្តមួយនេះផង ដើម្បីអោយដំណើរការការងាររឹតតែប្រសើរឡើងជាងនេះទៀត» ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]