អេស្ប៉ាញ៖ ការប្រកួតបាល់ទាត់ពានរង្វាន់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័តជើងទី១ បានឈានចូលមកដល់ហើយ គឺក្រុមម្ចាស់ការពារតំណែងជើងឯក Real Madrid ត្រូវបើកទ្វាកីឡដ្ឋាន Santiago Bernabeu ស្វាគមន៍ក្រុមរួមទីក្រុង Atletico Madrid ក្នុងយប់នេះវេលាម៉ោង ១:៤៥នាទីរំលងអាធ្រាត។ 

សម្ដីរបស់គ្រូបង្វឹក៖

អ្នកចាត់ការក្រុម Real Madrid លោក Zinedine Zidane បាននិយាយក្នុងសន្និសីទសារព័ត៌មានមុនជំនួបនេះថា៖ «ពួកយើងមិនគិតថា ក្រុមរបស់យើងនឹងអាចឈ្នះពានរង្វាន់មួយនេះដោយងាយស្រួលនោះទេ ពោលគឺ ៥០/៥០។ ពួកយើងជួបតទល់នឹងពួកគេជាច្រើនលើកមកហើយក្នុងពានរង្វាន់នេះ ដូច្នេះខ្ញុំស្គាល់ពួកគេច្បាស់។ វាជាការប្រកួតក្រុម២ ដែលមានមូលដ្ឋានក្នុងទីក្រុងតែមួយ។ ពួកយើងនឹងធើ្វគ្រប់យ៉ាងនៅយប់សែ្អក ដើម្បីយកជ័យជំនះក្នុងជើងទី១ ខណៈជើងទី២ ពួកយើងមិនទាន់គិតនៅឡើយទេ»។ 

លោក Zinedine Zidane គ្រូបង្វឹកក្រុម Real Madrid

ដោយឡែកអ្នកចាត់ការក្រុម Atletico Madrid លោក Diego Simeone ក៏បាននិយាយក្នុងសន្និសីទសារព័ត៌មានមុនជំនួបនេះដែរថា៖ «ខ្ញុំអាចដឹងមុនក្នុងការប្រកួតនេះថា ពួកគេនឹងជ្រើសយកឈុតកីឡាករដ៏ខ្លាំងមកប្រកួតជាមួយពួកយើង ហើយពួកគេធើ្វយ៉ាងណា នឹងផ្ដល់សម្ពាធដល់យើងចាប់ពីនាទីទី១។ ដូច្នេះក្រុមរបស់យើងនឹងព្យាយាមលេងឲ្យស្របទៅនឹងអ្វីដែលក្រុមយើងគិតថាសាកសម។ ពួកយើងនឹងលេងដោយការតាំងចិត្ដអស់ពីបេះដូងរបស់កីឡាករ ក៏ដូចជាអ្នកគាំទ្ររបស់យើងនាយប់នេះ» ។

លោក Diego Simeone គ្រូបង្វឹកក្រុម Atletico Madrid

ប្រវត្ដិជួបគ្នា៥ដងចុងក្រោយរវាងក្រុមទាំង២ គឺ Real Madrid ឈ្នះ១ដង Atletico ឈ្នះ១ដង នឹងស្មើគ្នាចំនួន៣ដង ខណៈដែល៥ប្រកួតចុងក្រោយរបស់ក្រុមទាំង២គឺ Real Madrid ឈ្នះ៤ដង និងចាញ់១ដង ស្របពេល Atletico ឈ្នះ៣ដង ស្មើ១ដង និងចាញ់១ដង។

ចាំមើលថាតើលទ្ធផលនឹងទៅជាយ៉ាងណារវាងក្រុមទាំង២ ក្នុងយប់នេះ?  

ប្រភព៖ ESPN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]