ភ្នំពេញ៖ ខែ្សបម្រើរបស់ក្រុមក្រសួងការពារជាតិ កីឡាករ ឈិន ឈឿន បានបន្ដប្រកាសសែ្វងរកជំនួយឧបត្ថម្ភ ដល់ក្រុមយុវជន និងបាល់ទាត់ ដែលខ្លួនបានបង្កើត ស្របពេលដែលក្រុមនេះកំពុងទទួលបង្ហាត់យុវជន ដោយពុំគិតថៃ្លអ្វីឡើយ។

ការបង្កើតក្រុមនេះឡើងគឺក្នុងគោលបំណង បណ្ដុះបណ្ដាលទៅដល់យុវជនដែលមានចិត្ដស្រលាញ់ខាងវិស័យកីឡាបាល់ទាត់ ឲ្យមានការរីកចម្រើនក្នុងការលេងកីឡាមួយនេះ ក៏ដូចជាចុះអប់រំ ចែករំលែកចំណេះដឹង បទពិសោធន៍បាល់ទាត់ និងអាចហាត់កីឡាដើម្បីសុខភាព ជាពិសេសគឺអាចជៀសឆ្ងាយពីគ្រឿងញៀន ហើយក៏ជាការអបអរសាទរដល់កំណើតកូនស្រីដំបូងរបស់ខែ្សបម្រើកំពូលល្បឿននេះផងដែរ ។  

ដោយការទទួលយកយុវជនមកហ្វឹកហាត់ពុំគិតប្រាក់កម្រៃ ហើយថែមទាំងផ្ដល់អាហារសម្រន់ និងភេសជ្ជៈបន្ដិចបន្ដួចដល់យុវជនដែលមកហ្វឹកហាត់ទៀតនោះ ពេលនេះកីឡាករជម្រើសជាតិ ឈិន ឈឿន បានប្រកាសសែ្វងរកជំនួយក្នុងការឧបត្ថម្ភលើក្រុមរបស់ខ្លួនតាមរយៈទំព័រហ្វេសបុក ក្រុមយុវជន និងបាល់ទាត់ ថា៖ «ដោយនៅមានការខ្វះខាតនៅឡើយ យើងខ្ញុំសូមអំពាវនាវដល់បណ្តាក្រុមហ៊ុន សហគ្រាស អាជីវកម្ម និងសប្បុរសជននានា មេត្តាជួយឧបត្ថម្ភ និងជួយជ្រុមជ្រែងដល់ក្រុមការងារស្ម័គ្រចិត្តមួយនេះផង ដើម្បីអោយដំណើរការការងាររឹតតែប្រសើរឡើងជាងនេះទៀត» ។ 

គួរបញ្ជាក់ផងដែរថា ថែ្ងដែលបង្កើតក្រុមយុវជន និងបាល់ទាត់ នេះឡើង គឺចំថៃ្ងដែលកូនស្រីរបស់ ឈិន ឈឿន ឈ្មោះ ឈិន អីុឡា បានចាប់កំណើតផងដែរ ពោលគឺថៃ្ងទី៩ ខែមេសា ឆ្នាំ២០១៧ កន្លងទៅថ្មីនេះៗ៕ 

រូបភាព៖ ក្រុមយុវជន និងបាល់ទាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]