ចិន៖  សាលារៀនមួយចំនួនក្នុងប្រទេសចិន បានដាក់ដំណើរការប្រព័ន្ធកាមេរ៉ាសុវត្ថិភាពពិសេសមួយ សម្រាប់ថតផ្សាយផ្ទាល់ (Live) ចាប់យកទិដ្ឋភាពទាំងស្រុងក្នុងថ្នាក់រៀន ដើម្បីអាចឲ្យអាណាព្យាបាលរបស់សិស្ស  អាចមើលឃើញសកម្មភាពកូនៗរបស់ខ្លួន ចៀសវាងការចោទប្រកាន់មិនប្រក្រតីណាមួយទៅលើគ្រូ។ នេះបើយោងតាមប្រភពវេបសាយព័ត៌មាន Nextshark បានចុះផ្សាយ។

ប្រព័ន្ធត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពនេះ ត្រូវបានផ្តល់ដោយក្រុមហ៊ុន Shuidi Zhibo កំពុងទទួលរងប្រតិកម្មយ៉ាងខ្លាំង ពីសំណាក់អ្នកនិយមលេងបណ្តាញសង្គមចិន។ ក្រុមអ្នករិះគន់មួយចំនួន បានលើកឡើងថា ទង្វើបែបនេះគឺជាការរំលោភបំពាន លើសិទ្ធិឯកជនរបស់សិស្សយ៉ាងខ្លាំង។

យោងតាមការសែត The Paper បានចុះផ្សាយថា ក្រុមហ៊ុន Shuidi Zhibo បានរៀបចំដំឡើងរួចជាស្រេចនូវការ Live  តាមរយៈអនឡាញ រហូតដល់ទៅរាប់រយប៉ុស្តិ៍ ចេញពីកាម៉េរាសុវត្ថិភាព ដែលត្រូវបានបំពាក់នៅតាមបន្ទប់រៀនសិស្ស ទាំងនៅសាលាមត្តេយ្យ  បឋមសិក្សា និងវិទ្យាល័យ។

លើសពីនេះ ក៏មានសាលារៀនមួយចំនួនទៀត បំពាប្រព័ន្ធត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពតាមផ្លូវដើរក្នុងបរិវេណសាលា  អាហារដ្ឋាន  និងកន្លែងស្នាក់នៅរបស់សិស្សផងដែរ។

ថ្វីបើការធ្វើបែបនេះ វាពិតជាត្រូវចិត្តសម្រាប់អាណាព្យាបាលរបស់សិស្ស ដែលចង់តាមដានមើលពីសកម្មភាពកូនៗរបស់ពួកគេ តែក៏មានមតិមួយចំនួន បានលើកឡើងថា ការថតវីដេអូ Live ផ្ទាល់នៅអនឡាញជាសាធារណៈនេះ ងាយនឹងរងហានិភ័យដល់សិស្ស ព្រោះវាអាចនឹងជាឱកាសរបស់ជនខិលខូច មួយចំនួនធ្វើរឿងមិនល្អផងដែរ។

អ្នកលេងអ៊ីនធើណែតមួយចំនួន បានបញ្ចេញទស្សនៈយល់ឃើញ បែបព្រួយបារម្ភរបស់ពួកគេថា «សិស្សដែលស្ថិតនៅក្រោម ប្រព័ន្ធនៃការអប់រំបែបនេះ អាចនឹងធ្វើឲ្យប៉ះពាល់ដល់បញ្ហាផ្លូវចិត្តរបស់ពួកគេបាន»

យ៉ាងណាមិញខាងក្រុមហ៊ុន Shuidi Zhibo បានពន្យល់ថា ការទិញយកមកតំឡើងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព Live ផ្ទាល់នេះគឺត្រូវបានធ្វើឡើង ដោយតាមការស្ម័គ្រចិត្តពីសំណាក់លោកគ្រូអ្នកគ្រូ។ «ឪពុកម្តាយមួយចំនួន ចង់ដឹងពីសកម្មភាពកូនៗរបស់ពួកគេ ក្នុងម៉ោងរៀន។ ខាងសាលា និងគ្រូៗជាច្រើន ក៏យល់ពីតម្រូវការទាមទារចង់បាន ពីអាណាព្យាបាលរបស់សិស្សដែរ។ ជាក់ស្តែងចាប់តាំងពីដំណើរការមក ពួកយើងក៏មិនទាន់ឃើញមាន ការត្អូញត្អែរ ឬបណ្តឹងពីខាងអាណាព្យាបាលរបស់សិស្ស មកកាន់សាលានៅឡើយទេ»

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]