ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានដឹងហើយថា កីឡាករ២រូបរបស់កម្ពុជា គឺ ធារី ចន្ថាប៊ីន និង ចាន់ វឌ្ឍនាកា គឺជាកីឡាករបាល់ទាត់ ដែលប្រកបអាជីពនៅក្រៅប្រទេសនារដូវកាលនេះ ដោយក្នុងនោះ ធារី ចន្ថាប៊ីន លេងនៅក្នុងក្លិប Krabi FC របស់ថៃ និង ចាន់ វឌ្ឍនាកា លេងក្នុងក្លិប Fujieda MYFC របស់ប្រទេសជប៉ុន។

បើយោងតាមការសង្កេតអស់ជាច្រើនប្រកួតកន្លងមកនេះ ពេលនេះ ធារី ចន្ថាប៊ីន បានជាប់ក្នុងជម្រើសដំបូងឲ្យក្រុម Krabi FC វិញហើយ បន្ទាប់ពីសម្រាកព្យាបាលរបួសអស់ជាច្រើនសប្តាហ៍។

ក្នុងនោះ ធារី ចន្ថាប៊ីន បានជាប់ឈុតដំបូង ដើម្បីជួយក្រុម Krabi FC កាលពីប្រកួតចុងសប្តាហ៍កន្លងទៅ ទល់នឹងក្រុម Chiangmai FC ប៉ុន្តែលទ្ធផលវិញ បានត្រឹមស្មើគ្នា ០-០ ។ 

ដោយឡែកក្រឡេកមកមើល ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា វិញម្តង មកទល់ពេលនេះ កីឡាករវ័យក្មេងវ័យ២៣ឆ្នាំរូបនេះ មិនទាន់បានចូលលេងជាផ្លូវការក្នុងលីកនៅឡើយទេ ប៉ុន្តែ កាលពីប្រកួតរបស់ក្រុម Fujieda នៅថ្ងៃសៅរ៍កន្លងទៅ វឌ្ឍនាកា បានត្រឹមមានឈ្មោះក្នុងបញ្ជីកីឡាករបម្រុង។

ទាំងនេះបានធ្វើអ្នកគាំទ្រខ្លះគិតថា ឱកាសរបស់ ចាន់ វឌ្ឍនាកា បានកៀកមកដល់ហើយ ព្រោះពេលនេះ យ៉ាងហោចណាស់ក៏ស្ថិតក្នុងបញ្ជីកីឡាករបម្រុងដែរ ចំនែកឯអ្នកគាំទ្រខ្លះទៀត បញ្ជេញប្រតិកម្មថា បានត្រឹមតែដាក់ជាកីឡាករបម្រុង ប៉ុន្តែមិនបានចូលលេង។

គួរំលឹកថា ក្រុមរបស់ ចាន់ វឌ្ឍនាកា Fujieda MYFC បានត្រឹមប្រកួតស្មើជាមួយក្លិប Toyoma ក្នុងលទ្ធផល ១ ទល់នឹង ១ កាលពីរសៀលថ្ងៃសៅរ៍កន្លងទៅ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]