ថៃ៖ ស្រ្តីជាច្រើននៅក្នុងប្រទេសថៃ បានចំណាយលុយរាប់ពាន់ដុល្លារ ដើម្បីទៅធ្វើការវះកាត់បបូរមាត់ខាងលើរបស់ពួកគេ ឲ្យមានរាងដូចជា ស្នែងក្របី ដែលនៅក្នុងប្រទេសថៃ ត្រូវបានគេហៅថា “បបូរមាត់ក្រចាប់“ ហើយវាមានប្រជាប្រិយភាពខ្លាំងតែនៅក្នុងប្រទេសថៃ ប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់វេបសាយ OddityCentral ។

ឈ្មោះស្ទាយបបូរមាត់នេះ ត្រូវបានគេដាក់ឈ្មោះតាម ផ្លែក្រចាប់ ឬផ្លែស្នែងក្របី ដោយសារតែរូបរាងរបស់វា ប្រហាក់ប្រហែលទៅនឹងក្បាលក្របី ហើយវាបានក្លាយទៅជាការវះកាត់កែរសម្ភស្ស ដ៏ពេញនិយមបំផុតរបស់ស្រ្តីវ័យក្មេងនៅក្នុងប្រទេសថៃ នារយៈពេល៤ ឬ៥ឆ្នាំចុងក្រោយនេះ។

គេមិនដឹងច្បាស់ទេថា ស្ទាយបបូរមាត់រាងស្នែងក្របីនេះ កើតឡើងដោយរបៀបណានោះទេ ខណៈរូបភាពបបូរមាត់បែបនេះបានចាប់ផ្តើមបង្ហោះលើអ៊ិនធើណេតចាប់តាំងពីឆ្នាំ ២០០៩មកម្ល៉េះ ប៉ុន្តែប្រមាណ ២-៣ឆ្នាំក្រោយមក វាបានប្រែជាអាក្រក់វិញ ដែលតម្រូវឲ្យគ្រូពេទ្យផ្នែកវះកាត់កែសម្ភស្ស ត្រូវបញ្ឈប់វា។ 

គ្រូពេទ្យវះកាត់កែសម្ភស្ស ឈ្មោះ Chamnong Chirawichadaបានថ្លែងថា “វាជាបញ្ហាដ៏ធំមួយសម្រាប់រឿងវះកាត់បបូរមាត់នេះ ព្រោះវាមិនមែនជារឿងដែលមនុស្សគ្រប់គ្នាគួរធ្វើនោះទេ។ ពេលខ្លះខ្ញុំត្រូវចំណាយពេលដល់ទៅ ១ម៉ោងកន្លះ ដើម្បីបញ្ចុះបញ្ចូលអ្នកជំងឺមិនឲ្យធ្វើធ្វើការវះកាត់ ប៉ុន្តែក្រោយមកពួកគេបានទៅវះកាត់នៅកន្លែងផ្សេងវិញ”។

“បបូរមាត់ក្រចាប់“ នេះ គឺងាយស្រួលក្នុងការមើលដឹងជាទីបំផុត ដោយសារផ្នែកកណ្តាលនៃបបូរមាត់ មានលក្ខណៈស្រួចចុះមកក្រោម និងផ្នែកចំហៀង កោងទៅលើ។ វាត្រូវបានធ្វើឡើងដោយគ្រូពេទ្យ វះកាត់យកជាលិកាពីផ្នែកខាងឆ្វេង និងផ្នែកខាងស្តាំចេញពីបបូរមាត់ ធ្វើឲ្យវាស្តើងជាងមុន។

ហើយចំពោះបញ្ហា គឺមិនមែនមករូបរាងរបស់វានោះទេ ប៉ុន្តែផលវិបាកនឹងមកដល់ នៅពេលដែលមនុស្សម្នានាំគ្នាធ្វើការវះកាត់ច្រើនដងពេក។ បបូរមាត់ស្តើងបែបនេះ គឺពេញនិយមខ្លាំងនៅក្នុងប្រទេសថៃ ប៉ុន្តែវាធ្វើឲ្យបបូរមាត់មិនអាចប៉ះគ្នាបាន នៅពេលបិទមាត់ជិតម្តងៗ ដោយបន្សល់ទុកប្រហោងនៅសងខាង។

គ្លីនិកវះកាត់កែសម្ភស្សមួយបានអះអាងថា ពួកគេបានបដិសេធសំណើរសុំវះកាត់ “បបូរមាត់ក្រចាប់“ នេះអស់រាប់ពាន់នាក់ ទៅហើយក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ បើទោះជាមានការផ្តល់ប្រាក់សេវាគុណជាពី ២ក៏ដោយ ប៉ុន្តែការស្នើសុំនៅតែមាន ហើយប្រសិនបើពួកគេមិនអាចវះកាត់ នៅគ្លីនិកមួយនេះបានទេ ពួកគេនឹងទៅជួបគ្រូពេទ្យផ្សេងទៀត៕ 

ប្រភព៖ OddityCentral

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]