ចិន៖ ខ្សែវីដេអូដ៏ខ្លីមួយត្រូវបានគេចែកចាយ រីករាលដាលពាសពេញបណ្តាញសង្គមចិន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ដោយបង្ហាញពីការប្រកួតដ៏នឹកស្មានមិនដល់មួយ រវាងគ្រូក្បាច់គុណតៃជី ប៉ះជាមួយអ្នកប្រដាល់សិល្បៈក្បាច់គុណចម្រុះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Shanghaiist ។

អ្នកប្រយុទ្ធទាំងពីរអ្នកនោះគឺ លោក Xu Xiaodong ជាអ្នកប្រដាល់សិល្បៈក្បាច់គុណចម្រុះក្នុងទីក្រុងប៉េកាំង លោកក៏ជាគ្រូបង្វឹក និងអ្នកផ្សព្វផ្សាយផងដែរ ហើយត្រូវបានអ្នកគាំទ្រហៅគាត់ថា “អ្នកប្រដាល់ឆ្កួត” ចំពោះការវាយប្រហារដោយគ្មានក្តីមេត្តារបស់គាត់។ ដោយឡែកភាគីម្ខាងទៀត គឺជាលោកគ្រូ Wei Lei ស្ថាបនិកក្បាច់ផ្គរលាន់ ថ្មី របស់គុណតៃជី ក្នុងទីក្រុងឆេងឌូ (Chengdu) ។ 

ប្រភពព័ត៌មានបានឲ្យដឹងថា រយៈប្រមាណតែ ១០វិនាទីប៉ុណ្ណោះ បន្ទាប់ពីការប្រកួតបានចាប់ផ្តើម អ្នកប្រដាល់ Xu បានវាយសន្ធាប់ទៅលើលោកគ្រូ Wei យ៉ាងចាស់ដៃ ហើយផ្តួលទៅលើឥដ្ឋ រួចចាប់ផ្តើមវាយសង្គ្រប់ទៅលើផ្ទៃមុខជាមួយនឹង កណ្តាប់ដៃដ៏ធ្ងន់ នៅចំពោះមុខអ្នកចោមរោមមើលជាច្រើន ក្នុងទីក្រុងឆេងឌូ។

ក្រោយពេលវីដេអូមួយនេះ ត្រូវបានបង្ហោះលើបណ្តាញសង្គមអ្នកនិយមលេងអ៊ិនធើណេត ដែលជាជនជាតិចិន បាននាំគ្នាសើចចំអកឲ្យលោកគ្រូ Wei ថាជាមនុស្សគ្មានបានការ និងមានការសោកស្តាយ ចំពោះសិល្បៈក្បាច់គុណបុរាណចិន ដែលមានភាពទន់ខ្សោយ នៅពេលដែលប្រឈមជាមួយនឹងសិល្បៈក្បាច់គុណសម័យថ្មី។

ទោះបីជាយ៉ាងណា លោកគ្រូ Wei ក៏បាននិយាយការពារខ្លួន ក្នុងបទសម្ភាសន៍មួយ មុនពេលប្រកូតនេះរួចជាស្រេចថា “ក្បាច់ផ្គរលាន់ គឺជាក្បាច់សម្រាប់សិស្សបឋមតែប៉ុណ្ណោះ ហើយនៅក្នុងប្រវត្តិសាស្រ្តសិល្បៈក្បាច់គុណបុរាណចិន ដ៏យូរលុង វាត្រូវការពេលវេលាជាច្រើនទៀត ដើម្បីចេះស្ទាត់ក្បាច់មួយនេះ”៕ 

ប្រភព៖ Shanghaiist

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]