ខេត្តកំពង់ស្ពឺ ៖ ក្មេង​ស្រី​ម្នាក់​បាន​សំរេចចិត្ត​ចង​.​ក​ សម្លាប់​ខ្លួន ព្រោះតែ​ការ​ចោទប្រកាន់​មក​លើ​នាង​ដែល​គ្មាន​ ហេតុផល​ពី​សំណាក់​មនុស្ស​ចាស់​ ធ្វើ​ឱ្យ​នាង​មានការ​ខ្មាស​អៀនអ្ន​កភូមិ ទើប​ជ្រើស​យក​ផ្លូវ​មរណៈ​ មក​ដាក់ខ្លួន​បែប​នេះ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ចន្លោះ​ម៉ោង​​ ១០​ទៅ​១១​នាទី ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ស្វាយ​ទាប ឃុំ​អង្គ​ពពេល ស្រុក​ក​អ​ពិសី ។ ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ទឹម សុ​និ​តា ភេទ​ស្រី អាយុ​13​ឆ្នាំ រស់នៅ​ភូមិ​-​កើត ហេតុ​ខាងលើ​ជាមួយ​ម្តាយ​។

បើ​តាម​ការ​សាកសួរ​លើ​ស្ត្រី​ម្នាក់​ឈ្មោះ សួង កាន ត្រូវជា​ជីដូន​ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ​ក្មេង​ស្រី​រង​គ្រោះ​បាន​នាំ​ប្អូន​ជិះ​កង់​ដើរ​លេង​ក្នុងភូមិ​តាម​ធម្មតា លុះ​ជិត​ដល់​ម៉ោង​ដាំបាយ​ក៏​នាំ​ប្អូន​ត្រឡប់​មក​ផ្ទះ​វិញ ពេល​មក​ដល់​ផ្ទះ​មួយសន្ទុះ ស្រាប់តែ​ស្ត្រី​ម្នាក់​ឈ្មោះ ប្រាក់ ស​ម្ភ​ស្ស អាយុ​40​ឆ្នាំ មក​សួរ​ក្មេង​ស្រី​រង​គ្រោះជា​ចៅ​របស់​គាត់​ថា គេ​បាន​បាត់​លុយ​ចំនួន​10​ម៉ឺន​រៀល តើ​ឯង​មាន​លួច​ទេ ។

ពេល​នោះ​ចៅ​របស់​គាត់​បាន​ឆ្លើយ​ថា មិនដឹង​នោះ​ទេ ព្រោះ​នាង​មិន​បាន​ចូល​ទៅ​ផ្ទះ​គេ​ឡើយ​។ ស្ត្រី​ជា​យាយ​បាន​បន្ត​ទៀត​ថា បើ​ទោះជា​ចៅ​របស់​គាត់​បដិសេធ​យ៉ាងណា ក៏​ស្ត្រី​នោះ​នៅ​តែ​មិន​ជឿ ហើយ​បាន​ចាប់​ឆែក​លើ​ខ្លួន​ចៅស្រី​របស់​គាត់​នៅ​មុខ​មនុស្ស​ជា​ច្រើន​នៅ​តែ​រក​មិនឃើញ​លុយ​នោះ​ឡើយ ពេល​ឆែក​លើ​ខ្លួន​ចៅស្រី​គាត់​រួច​ហើយ ស្ត្រី​នោះ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាត់​ទៅ ។

ក្រោយមក​រូប​គាត់ (​ជីដូន​សួង កាន​) បាន​ប្រើ​ចៅ​ឱ្យទៅ​ដាំបាយ ព្រោះ​ម្តាយ​នាង​ជិត​ចេញពី​ធ្វើការ​ហើយ​។ ក្រោយ​គាត់​ប្រើ​ចៅ​ឱ្យទៅ​ដាំបាយ ចៅ​គាត់​បាន​ដើរទៅ​ឡើង​លើ​ផ្ទះ​បាត់​ទៅ ។ ពេល​ចៅ​ឡើង​លើ​ផ្ទះ​បាត់​យូ​ពេក​មិនឃើញ​ចុះ​មក​វិញ ធ្វើ​ឱ្យ​គាត់​ឆ្ងល់​ថា ហេតុ​អ្វី​បានជា​មិនឃើញ​ចៅ​ចុះ​មក​វិញ ពេល​នោះ​រូប​គាត់​ក៏​ឡើង​ទៅ​តាម​រក​មើល ស្រាប់តែ​ឃើញ​ចៅ​របស់​គាត់​ចង​.​ក​ស្លាប់​បាត់​ទៅ​ហើយ​។

លោក​វរសេនីយ៍ត្រី ទុ​យ​ថេ​ន អធិការរង​នគរបាល​ស្រុក​គងពិសី បានឱ្យ​ដឹង​ថា តាម​ការ​ពិនិត្យ​លើ​ខ្លួន​សព និង​នៅ​កន្លែង​កើតហេតុ​ឃើញ​បន្សល់​កៅអី​ជ័រ​០១ ខ្សែ​អង្រឹង​០១ នៅ​កន្លែង​កើតហេតុ​។ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ក្មេង​ស្រី​រង​គ្រោះ​បាន​យក​ខ្សែ​អង្រឹង និង​កៅអី​ជ័រ​ជាន់ឡើង​ចង​.​ក​ភ្ជាប់​ទៅ​នឹង​ធ្នឹម​ផ្ទះ​របស់​ខ្លួន បណ្តាល​ឱ្យ​ស្លាប់​នៅ​និង​កន្លែង​កើតហេតុ​មែន ។

ក្រោយ​ពិនិត្យ​ចប់​សមត្ថកិច្ច​បាន​បំពេញ​ឯកសារ រួច​ប្រគល់​សព​ឱ្យ​គ្រួសារ​ទទួល​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៨ មេ​សា​នេះ ពិធីបុណ្យ​នៅ​មិន​ទាន់​ចប់​នៅឡើយ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]