ភ្នំពេញ៖ ក្រុមហ៊ុន អេស ស៊ី ជី ដែលជាក្រុមហ៊ុនអន្តរជាតិដ៏ធំមួយក្នុងតំបន់អាស៊ាន បានបញ្ចេញរបាយការណ៍លទ្ធផលអាជីវកម្មសម្រាប់ត្រីមាសទី១ ឆ្នាំ២០១៧ ដែលបង្ហាញថា ប្រាក់ចំណេញសម្រាប់ក្រុមហ៊ុនទាំងមូល បានកើនឡើង ២៩% ធៀបនឹងឆ្នាំមុន ។ យោងតាមរបាយការណ៍ដដែល កំណើននេះគឺដោយសារភាពរីកចំរើននៃអាជីវកម្មសារធាតុគីមីរបស់ក្រុមហ៊ុនក្នុងតំបន់អាស៊ាន ។

លោក Roongrote Rangsiyopash ប្រធាន និងអគ្គនាយកក្រុមហ៊ុន អេស ស៊ី ជី បានបង្ហាញទិន្នន័យមុនធ្វើសវនកម្ម សម្រាប់ត្រីមាសទី១ឆ្នាំ២០១៧ ដែលក្នុងនោះប្រាក់ចំណូលពីការលក់ដែលបានចុះបញ្ជីបានកើនឡើង ៦% ធៀបនឹងឆ្នាំមុន ធ្វើឲ្យប្រាក់ចំណូលពីការលក់កើនឡើងដល់ ១៣.៣៦៤ ពាន់លានរៀល (ឬ ៣.៣១១ លានដុល្លារអាមេរិក) ។ ក្រុមហ៊ុនក៏សម្រេចបានប្រាក់ចំណេញសម្រាប់ការីបរិច្ឆេទនេះ ក្នុងចំនួនទឹកប្រាក់ ១.៩៩៨ ពាន់លានរៀល (ឬ ៤៩៥ លានដុល្លារអាមេរិក) ដែលជាការកើនឡើង ២៩% បើធៀបនឹងឆ្នាំមុន ។

នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន អេស ស៊ី ជី កាន់កាប់ទ្រព្យសកម្មសរុបស្មើនឹងចំនួនទឹកប្រាក់ ១.២៥២ ពាន់លានរៀល (ឬ ៣០៧ លានដុល្លារអាមេរិក) ដែលជាការកើនឡើង ២% ធៀបនឹងឆ្នាំមុន ។ របាយការណ៍សម្រាប់ត្រីមាសទី១ ឆ្នាំ២០១៧ របស់ក្រុមហ៊ុន ក៏បានបង្ហាញថា ប្រាក់ចំណូលពីការលក់នៅកម្ពុជា គឺមានចំនួនទឹកប្រាក់ ២១៣ ពាន់លានរៀល (ឬ ៥៣ លានដុល្លារអាមេរិក) ដែលជាការកើនឡើង ៩% ធៀបនឹងឆ្នាំមុនដែលទទួលបានពីអាជីវកម្មស៊ីម៉ង់ត៍ ។

សម្រាប់ការវិវដ្តសំខាន់ថ្មីៗក្នុងតំបន់អាស៊ាន លោក Roongrote Rangsiyopash បានមានប្រសាសន៍ថា “កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន អេស ស៊ី ជី បានបង្កើនទំហំវិនិយោគដល់ ៧១% ក្នុងគម្រោងសាងសង់រោងចក្រគីមីឥន្ធនៈ ឡុងសឺ ដែលនឹងក្លាយជារោងចក្រគីមីឥន្ធនៈពេញលេញដំបូងគេនៅវៀតណាម ។ គម្រោងសាងសង់នេះ មានទីតាំងស្ថិតនៅក្នុងខេត្តបារៀវង់តៅ ជិតទីក្រុងហូជីមិញ ដែលជាទីតាំងមានសក្តានុពលកំណើនសេដ្ឋកិច្ចខ្ពស់ ។ រោងចក្រនឹងត្រូវសាងសង់នេះ នឹងបំពាក់បច្ចេកវិទ្យាថ្មីចុងក្រោយបំផុត និងបំពេញតាមស្ដង់ដារអន្ដរជាតិផ្នែកសុខភាព សុវត្ថិភាព និងបរិស្ថាន នៅពេលធ្វើប្រតិបត្ដិការ ។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន អេស ស៊ី ជី បានឈានដំណាក់កាលចុងក្រោយនៃការសម្រេចចិត្តវិនិយោគជាមួយដៃគូក្នុងប្រទេសវៀតណាម ។ ការសាងសង់ត្រូវបានរំពឹងថានឹងចំណាយរយៈពេល៥ឆ្នាំ ហើយរោងចក្រអាចនឹងចាប់ផ្តើមប្រតិបត្ដិការពាណិជ្ជកម្មក្នុងឆ្នាំ២០២២ ។”

បន្ថែមពីនេះ អេស ស៊ី ជី ក៏បានទិញយកក្រុមហ៊ុន JSC (“VCM”) ដែលជាក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ដ៏ធំមួយនៅវៀតណាម ដែលមានសមត្ថភាពផលិតស៊ីម៉ង់ត៍បាន ៣,១លានតោនក្នុងមួយឆ្នាំ ។ ការវិនិយោគថ្មីនេះ បូកផ្សំនឹងរោងចក្រស៊ីម៉ង់ត៍ថ្មីៗរបស់ក្រុមហ៊ុននៅក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសឡាវ ដែលទើបនឹងចាប់ផ្តើមប្រតិបត្តិការក្នុងត្រីមាសទីមួយនេះ បច្ចុប្បន្ន ក្រុមហ៊ុន អេស ស៊ី ជី មានសមត្ថភាពផលិតស៊ីម៉ង់ត៍សរុបបាន ១០,៥ លានតោនក្នុងមួយឆ្នាំក្នុងតំបន់អាស៊ាន (មិនរាប់បញ្ចូលប្រទេសថៃ) ។

គួរបញ្ចាក់ផងដែរថា គិតត្រឹមថ្ងៃទី៣១ មីនា ឆ្នាំ២០១៧ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន អេស ស៊ី ជី ទាំងមូល គឺស្មើនឹងទឹកប្រាក់ ៦៥.៣៦៩ ពាន់លានរៀល (ឬ ១៦.០០៨ លានដុល្លារអាមេរិក) ខណៈដែលទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុននៅក្នុងតំបន់អាស៊ាន (មិនរាប់បញ្ចូលប្រទេសថៃ) មានចំនួនទឹកប្រាក់ ១៥.៩៤៧ ពាន់លានរៀល (ឬ ៣.៩០៥ លានដុល្លារអាមេរិក) ស្មើនឹង ២៤% នៃទ្រព្យសកម្មប្រមូលផ្តុំសរុបរបស់ក្រុមហ៊ុន ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]