ឥណ្ឌូណេស៊ី៖ ក្មេងប្រុសអាយុ២ឆ្នាំ ដែលល្បីពាសពេញអ៊ិនធើណេត កាលពីឆ្នាំ២០១០ ដោយសារជក់បារីមួយថ្ងៃអស់ដល់ទៅ ៤០ដើមនោះ ពេលនេះបានផ្តាច់បារីហើយ មិនតែប៉ុណ្ណោះថែមទាំងជាសិស្សពូកែប្រចាំសាលាទៀតផង។

ក្មេងប្រុស Aldi Rizal រស់នៅក្នុងភូមិក្រីក្រ និងដាច់ស្រយ៉ាលមួយ លើកោះស៊ូម៉ាត្រា បច្ចុប្បន្នរូបគេមានអាយុ ៩ឆ្នាំហើយ។

គួររំឮកថា កាលនៅអាយុ ៤ឆ្នាំ Aldi Rizal ត្រូវបានរដ្ឋាភិបាលឥណ្ឌូណេស៊ីផ្តល់ជំនួយជាការស្តារនីតិសម្បទាពិសេស ទើបក្មេងប្រុស Rizal បានជំនួសការញៀនជក់បារី មកជាការញ៉ាំអាហារ តែវាបានធ្វើឲ្យក្មេងនេះឡើងទម្ងន់ខ្លាំង។

មកដល់ពេលនេះ ក្មេងប្រុស Rizal បានផ្តាច់បារីដាច់តែម្តង ហើយកំពុងព្យាយាមសម្រកទម្ងន់ និងជាសិស្សពូកែនៅសាលាថែមទៀតផង។

គួរបញ្ជាក់ថាការញៀនជក់បារីដ៏គួឲ្យភ្ញាក់ផ្អើលរបស់ក្មេងប្រុស Rizal បាននាំឲ្យរដ្ឋាភិបាលឥណ្ឌូណេស៊ី ចាប់ផ្តើមយុទ្ធនាការមួយ ដើម្បីដោះស្រាយបញ្ហាអ្នកញៀនបារី នៅតាមភូមិតូចៗជាច្រើន។

ម្តាយរបស់ក្មេងប្រុស Rizal អ្នកស្រី Diane Rizal បានថ្លែងប្រាប់អ្នកយកព័ត៌មានថា “នៅពេលដំបូងយើងព្យាយាមឲ្យ Rizal ផ្តាច់បារី  រូបគេធ្វើទុកក្នុងខ្លួនយ៉ាងខ្លាំង  ពិតជាគួរឲ្យខ្លាចណាស់ ប៉ុន្តែពេលនេះ គេមិនត្រូវការបារីទៀតទេ”។

ទោះជាយ៉ាងណាក្មេងប្រុសនេះ ប្តូរមកមានចំណង់ញ៉ាំអាហារ ជំនួសការជក់បារីមួយថ្ងៃ៤០ដើមវិញ  ដោយក្នុងអាហាររបស់គេមានជាតិខ្លាញ់ច្រើន  និងផឹកទឹកដោះគោខាប់មួយថ្ងៃដល់ទៅ៣កំប៉ុង។  ស្រ្តីជម្តាយបានប្រាប់ទៀតថា ”Rizal ច្បាស់ជាបោកក្បាលទៅនឹងជញ្ជាំងជាក់ជាមិនខាន ប្រសិនបើមិនឲ្យអាហារបន្ថែមដល់គេ។ វាពិតជារឿងមួយដ៏ពិបាកដើម្បីបញ្ឈប់គេមិនឲ្យញ៉ាំអាហារបន្ថែមទៀត។

កាលពីនៅអាយុ៥ឆ្នាំ ក្មេងប្រុសនេះមានទម្ងន់ដល់ទៅ ២៤គីឡូក្រាម ដែលទម្ងន់នេះគឺធ្ងន់ជាងក្មេងៗធម្មតាដល់ទៅ៦ដង ដែលស្ថិតក្នុងវ័យប្រហាក់ប្រហែលគេ។ ខណៈអ្នកជំនាញផ្នែកកុមារ លោកវេជ្ជបណ្ឌិត William Nawawi បាននិយាយថា “ការជក់បារីក៏អាចជាផ្នែកមួយដែលនាំឲ្យមានបញ្ហា ឡើងទម្ងន់របស់ Aldi ផងដែរ”។

លោកបន្តថា “ឈាមនឹងមិនអាចបំបែកជាតិស្ករពីអាហារ” ដែលវាជាហេតុផលធ្វើឲ្យ Aldi ធាត់ទៅៗ  ប៉ុន្តែបន្ទាប់ពីចំណាយពេល ៤ឆ្នាំជាមួយរបបអាហារយ៉ាងតឹងរឹង ដែលមានបន្លែ និងផ្លែឈើស្រស់ រូបគេអាចសម្រកទម្ងន់បានច្រើន ហើយពេលនេះគេចង់ផ្តោតលើការសិក្សាដើម្បីប្រឡងបញ្ជប់ថ្នាក់ទី៤៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]