អេស្ប៉ាញ៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Neymar នឹងត្រូវនៅក្រៅទីលានបន្ដទៀត នៅពេលដែល Barcelona លេងទល់ជាមួយនឹងក្រុម Osasuna នៅយប់ថៃ្ងពុធនេះ ក្រោយកីឡាកររូបនេះជាប់ពិន័យមិនបានប្រកួត។ 

បើទោះជាយ៉ាងណាក៏ដោយ កីឡាករជម្រើសជាតិប្រេស៊ីលរូបនេះ បានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ការវិលមកជួយក្រុមវិញនៅក្នុងពេលឆាប់ៗនេះ។ 

គួរឲ្យដឹងថា ក្រៅពីរឿងជាប់ពិន័យ និងការត្រៀមវិលត្រលប់មកចូលក្រុម ខ្សែប្រយុទ្ធពាក់លេខ១១ កីឡាករ Neymar Jr បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គម ក្រោយពីកីឡាកររូបនេះ បានទៅជប់ខ្យល់ ដែលជាវិធីសាស្ត្របុរាណ ក្នុងការសម្រួលលំហូរឈាម និងសម្រួលសម្ពាធឈាម។

នៅក្នុងរូបភាពដែលអតីតកីឡាករក្រុម Santos រូបនេះ បង្ហោះក្នុងបណ្ដាញសង្គម Instagram បានបង្ហាញឲ្យឃើញថា Neymar បានទៅជប់ខ្យល់ជុំវិញផ្ទៃខ្នងរបស់ខ្លួនសឹងតែទាំងអស់ ហើយវិធីសាស្រ្ដបុរាណនេះត្រូវបានគេជឿថា អាចជួយសម្រួលសសៃឈាមឲ្យដើរបានស្រួល និងជួយកាត់បន្ថយភាពស្មុគស្មាញថែមទៀតផង។  

ខណៈពេលនេះ Neymar នៅសល់ការពិន័យចំនួន ២ប្រកួតទៀត ក្រោយពីរូបគេបានប្រើពាក្យសម្ដីមិនសមរម្យទៅលើជំនួយការអាជ្ញាកណ្ដាល ក្នុងការប្រកួតដែល Barcelona ចាញ់ក្នុងទឹកដី Malaga ២-០ កាលពីថៃ្ងទី៨ ខែមេសា កន្លងទៅ។

Neymar ខកខានមិនបានជួយក្រុម ពេលដែល Barcelona បំបាក់ Real Madrid ៣-២ កាលពីសប្ដាហ៍មុន តែទោះយ៉ាងណារូបគេបានបង្ហោះវីដេអូអបអរសាទរដល់មិត្ដរួមក្រុមក្នុងបណ្ដាញសង្គម Instargram ផងដែរ ៕  

ប្រភព៖ dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]