រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនៃក្រុមអន្តរាគមន៍បង្រ្កាបបទ ល្មើសសត្វព្រៃនៃរដ្ឋបាលព្រៃឈើ សហការជាមួយ  កងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងមានការចូលរួមពីអង្គ ការសម្ព័ន្ធមិត្តសត្វព្រៃផង កាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី៣ តុលា បានឆ្មក់ចូលហាងយីហោស្រីពៅ នៅតាមបណ្តោយផ្លូវទ្រុងមាន់ ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ប្រមូលបានសាច់សត្វព្រៃជាច្រើនប្រភេទ ដែលម្ចាស់ហាងយកទៅលាក់ទុកនៅធុងទឹកកកក្នុងផ្ទះបាយ ។ប្រភពព័ត៌មានពីមន្ត្រីរដ្ឋបាលព្រៃឈើដែលចុះប្រតិបត្តិការ ខាងលើឲ្យដឹងថា ឆ្លងតាមការស្រាវជ្រាវជាច្រើនថ្ងៃ នៅហាងយីហោស្រីពៅ ដែលសង្ស័យថា មានលក់សាច់សត្វព្រៃខុសច្បាប់ជាច្រើនប្រភេទ ទើបនៅ វេលាម៉ោងជាង១០ព្រឹកថ្ងៃនោះ សមត្ថកិច្ចបានឆ្មក់ចូល ដើម្បីឆែកឆេរនិងរុករកឃើញសាច់សត្វព្រៃជា ច្រើនប្រភេទ ក្នុងនោះមានសាច់ជ្រូកព្រៃចំនួន០,៩គីឡូក្រាម សាច់ត្រកួត ស្រស់ចំនួន០,២គីឡូក្រាម ទន្សាយគល់១ក្បាល ទម្ងន់១,៣០គីឡូក្រាម និងសាច់ឈ្លូសចំនួន០,២គីឡូក្រាម ។ក្នុងប្រតិបត្តិការនេះ ស្រី្តឈ្មោះឈួន ស្រីពៅ អាយុ២៦ឆ្នាំ ជាម្ចាស់ហាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួចនាំទៅការិយាល័យ ដើម្បីសួរនាំ ។ មន្ត្រីសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា សាច់សត្វព្រៃខាងលើត្រូវបានសមត្ថកិច្ចពិន័យជាប្រាក់១គុណនឹង៣ក្នុងតម្លៃទីផ្សារសត្វព្រៃ ពោលគឺសត្វព្រៃខាងលើអាចពិន័យរហូតដល់ជាង១លានរៀល តែបើម្ចាស់ហាងមិនព្រមឲ្យផាកពិន័យទេ សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។គួរបញ្ជាក់ថា ម្ចាស់ហាងយីហោស្រីពៅនេះជាកូនស្រីបង្កើតរបស់តាស្រមូមដែលជាមេឈ្មួញរកស៊ីជួញដូរសត្វព្រៃ នៅក្នុងរាជធានីភ្នំពេញ ហើយកាលពីប៉ុន្មានខែមុន ក៏ត្រូវសមត្ថកិច្ចចុះបង្ក្រាបបានសាច់សត្វព្រៃជាច្រើនប្រភេទជិត៨០គីឡូក្រាមដែរ ។ នៅរាជធានីភ្នំពេញ ក៏មានហាងជាច្រើនទៀតកំពុងតែធ្វើអាជីវកម្មលក់សាច់សត្វព្រៃ ហើយក៏មិនទាន់ឃើញសមត្ថកិច្ចចុះទៅបង្ក្រាបនៅឡើយ ៕   

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]