ឥណ្ឌា៖ វីដេអូមួយត្រូវបានគេអះអាងថា មានក្មេងស្រីកំព្រា និងកើតជំងឺអេដស៍ម្នាក់ ត្រូវបានគេបង្ខំឲ្យចុះស្តារលូទឹកស្អុយ ដោយដៃទទេរបស់នាង កំពុងត្រូវបានគេចែកចាយខ្លាំងពាសពេញបណ្តាញសង្គម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានដេលីម៉ែល។

ក្មេងស្រីនោះគេដឹងថារស់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាមួយកន្លែងក្នុងទីក្រុង Hyderabad  ហើយតាមរយៈវីដេអូគេឃើញនាងកំពុងឈរក្នុងរណ្តៅលូទឹកស្អុយមួយ និងធ្វើការដងយកទឹកស្អុយចេញ ដោយដៃទទេ ដោយប្រើផ្តិលជ័រមួយប៉ុណ្ណោះ។ នៅក្នុងវីដេអូគេឃើញក្មេងស្រីរងគ្រោះស្តារលូទឹកស្អុយបណ្តើរ និងមានស្រ្តីយ៉ាងហោចណាស់៥នាក់ មានពាក់ស្រោមដៃ និងម៉ាស់ផង ឈរនៅជុំវិញក៏បានចូលរួមជួយស្តារបន្តិចៗដែរ។

យោងតាមកាសែត Hindustan Times បានចុះផ្សាយថា ក្មេងស្រីរូបនេះ រស់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រា Ambassadors of Goodwill for AIDS Patients Everywhere (AGAPE) ជាទីស្នាក់នៅរបស់ក្មេងៗជាង២០០នាក់ផ្សេងទៀត ដែលកើតជំងឺអេដស៍ ហើយត្រូវឪេពុកម្តាយបោះបង់ចោល។ 

ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកយាម និងស្រ្តីអ្នកមើលការខុសត្រូវនៅក្នុងមជ្ឈមណ្ឌលកុមារកំព្រានោះ ត្រូវបានប៉ូលិសក្រុង Hyderabad ឃាត់ខ្លួនកាលពីថ្ងៃសៅរ៍ កន្លងទៅ និងបញ្ជូនទៅមន្ទីរឃុំឃាំង  បន្ទាប់ពីវីដេអូមួយទទួលបានការយកចិត្តទុកដាក់ ពីអាជ្ញាធរ និងក្រុមសកម្មជនសិទ្ធិកុមារ។

លោកស្នងការ Mahesh Bhagwath បានថ្លែងថា ករណីនេះល្មើសនឹងមាត្រា១៤ នៃច្បាប់ស្តីពីពលកម្មកុមារ ឆ្នាំ១៩៨៦។ ស្រ្តីដែលត្រូវបានឃាត់ខ្លួនខាងលើ តែងតែប្រើក្មេងៗឲ្យធ្វើការងារប្រចាំថ្ងៃជាច្រើន និងការងារសម្អាតបំពង់បង្ហូរទឹកស្អុយទៀតផង។

ក្រោយកើតមានរឿងទាំងនេះ នៅថ្ងៃចន្ទ ទី២៤ ខែមេសា សមាគមន៍សិទ្ធិកុមារ Andhra Pradesh (CRA) បានធ្វើការកោះហៅគណៈកម្មាធិការជាតិដើម្បីការពារសិទ្ធិកុមារ (NCPCR) ដើម្បីចាត់វិធានការប្រឆាំងនឹងមជ្ឈមណ្ឌលកុមារកំព្រានោះផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]