ព័រទុយហ្គាល់៖ មិត្ដស្រីរបស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Georgina Rodriguez ត្រូវបានហាមមិនឲ្យប្រារព្ធពិធីជប់លៀងនៅផ្ទះរបស់ Ronaldo ឡើយ ព្រោះបុរសកូន១រូបនេះ យល់ឃើញថា អាចនឹងមានសំណាងមិនល្អ បន្ទាប់ពី Real Madrid ទើបតែចាញ់ក្រុមគូប្រជែង Barcelona ក្នុងលទ្ធផល ៣-២ កាលពីចុងសប្ដាហ៍កន្លងទៅនេះ។ 

យោងតាមសារព័ត៌មាន Correio da Manha បានឲ្យដឹងថា មុនការប្រកួតដ៏ធំនេះ មិត្តស្រី Ronaldo អ្នកនាង Rodriguez បានរៀបចំត្រៀមពិធីជប់លៀងជាមុន ដោយរំពឹងថា Real នឹងឈ្នះ Barcelona ប៉ុន្តែនៅពេលលទ្ធផលបញ្ចប់ការប្រកួត ក្រុមអធិរាជសបែរជាទទួលបរាជ័យ ហើយមិត្តប្រុសរបស់នាងខកចិត្តខ្លាំង រួមទាំងមិនបានស៊ុតចូលទីផងនោះ ពិធីជប់លៀងនេះក៏ត្រូវរំសាយចោលតែម្តង។ 

មិនត្រឹមតែប៉ុណ្ណោះ ស្រីស្អាតសញ្ជាតិអេស្ប៉ាញវ័យ២២ឆ្នាំរូបនេះ ក៏ត្រូវ Ronaldo ហាមមិនឲ្យរៀបចំពិធីជប់លៀងនៅផ្ទះ Ronaldo ជារៀងរហូតផងដែរ ព្រោះសង្សារបស់នាងយល់ថានាំឲ្យមានសំណាងមិនល្អ។ 

ក្រុមអធិរាជស Real Madrid អាក់ខានក្នុងការឈ្នះពាន La Liga អស់រយៈពេល៥ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ២០១២ មកម្ល៉េះ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងការព្រួយបារម្ភសាជាថ្មី ក្រោយពីត្រូវក្រុមគូប្រជែង Barcelona យកឈ្នះ ៣-២ កាលពីថៃ្ងអាទិត្យកន្លងទៅ។

គួរឲ្យដឹងទៀតផងដែរថា ជ័យជំនះមួយនេះ ក៏បានធើ្វឲ្យ Barcelona មានទំនុកចិត្ដសាជាថ្មីក្នុងការការពារតំណែងជើងឯកក្នុងរដូវកាលនេះផងដែរ៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]