ហូឡង់៖  ថ្មីៗនេះរូបភាពជាច្រើនសន្លឹក របស់ពីឡុតស្រីវ័យក្មេង ស្រស់ស្អាតនិងគួរឲ្យស្រលាញ់ សញ្ជាតិហូឡង់ម្នាក់ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកនិយមប្រើប្រាស់បណ្តាញសង្គមអីុនស្តាក្រាម  បន្ទាប់ពីនាងបានចែករំលែក ពីជីវិតដ៏រីករាយរបស់នាងឲ្យគ្រប់គ្នាបានដឹង។

នាង Michelle Gooris អាយុ២៥ឆ្នាំ មកពីទីក្រុង Amsterdam ប្រទេសហូឡង់។ នាងបានក្លាយខ្លួនជាពីឡុត (អ្នកបើកយន្តហោះ) ប្រចាំក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Ryanair បានរយៈពេល៤ឆ្នាំមកហើយ បន្ទាប់ពីនាងបានឆ្លងកាត់វគ្គបណ្តុះបណ្តាល ដោយជោគជ័យដែលចំណាយពេលអស់២ឆ្នាំ។

កាលពីអាយុ១៧ឆ្នាំ Michelle ថា នាងពិតជាមានចំណង់ចំណូលចិត្ត ទៅលើការហោះហើរយ៉ាងខ្លាំង និងចង់ក្លាយខ្លួនជាពីឡុតខ្លាំងណាស់ បន្ទាប់ពីលោកតារបស់នាង បានឲ្យអាជ្ញាប័ណ្ណគាត់មកឲ្យនាង និងបានសួរនាងថា តើនាងពិតជាចង់បានអាជ្ញាប័ណ្ណ ជាពីឡុតបើកបរយន្តហោះដូចរូបគាត់ដែរឬទេ? ហើយក៏ជាហេតុជំរុញទឹកចិត្តមួយធ្វើឲ្យ Michelle សម្រេចចិត្ត ចាប់យកអាជីពមួយនេះ ដូចលោកតារបស់នាងតែម្តងទៅ។

Michelle និយាយថា នាងពិតជារីករាយនិងពេញចិត្ត ការហោះហើរយ៉ាងខ្លាំង ជាងពេលវេលាដើររំហែលកាយទៅទៀត។  រូបភាពជាច្រើនសន្លឹក នៃការហោះហើរច្រើនកន្លែងរបស់នាង នៅជុំវិញពិភពលោក ដែលបានថតបង្ហោះចែកចាយលើបណ្តាញសង្គម ទទួលបានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង។

ពីឡុតស្រីដ៏គួរឲ្យស្រលាញ់ នៃក្រុមហ៊ុនអាកាសចរណ៍ Ryanair នេះ បានចាប់ផ្តើមចូលរៀននៅសាលាអាកាសចរណ៍ CAE Aviation Academy ពេលដែលនាងមានអាយុ១៩ឆ្នាំ។ ២ឆ្នាំក្រោយមក នៅអាយុ២១ឆ្នាំ នាងក៏ទទួលបានអាជ្ញាប័ណ្ណជាពីឡុតពេញសិទ្ធិតែម្តង។ ចាប់តាំងពីពេលនោះមក ការងារដ៏ល្អមួយនេះ បាននាំនាងហោះហើរទៅកាន់ទីក្រុង និងប្រទេសជាច្រើននៅជុំវិញពិភពលោក ដូចជា អេស្ប៉ាញ ទីក្រុង Marrakech (ប្រទេសម៉ារ៉ុក) កោះ Canary Island (អេស្ប៉ាញ) ប្រទេសប៉ូឡូញ ប្រទេសអីុតាលី និងតំបន់ទីតាំងដ៏អស្ចារ្យជាច្រើនផ្សេងៗទៀតផងដែរ។

នាង Michellee និយាយថា «លោកតារបស់ខ្ញុំ បានឲ្យអាជ្ញាប័ណ្ណពីឡុតមកខ្ញុំ កាលគាត់នៅអាយុ៧៤ឆ្នាំ ហើយខ្ញុំក៏បានគិតថា ប្រសិនបើគាត់អាចធ្វើវាបាន ដូច្នេះខ្ញុំក៏អាចធ្វើវាបានដែរ។ ខ្ញុំបានចំណាយពេល២ឆ្នាំ ក្នុងវគ្គបណ្តុះបណ្តាល ពិតជាយូរខ្លាំងណាស់សម្រាប់ការរង់ចាំ ដើម្បីទទួលបានលទ្ធផលដ៏គួរឲ្យរំភើបនេះ។ ខ្ញុំចាំបានថា ជើងហោះហើរដំបូងរបស់ខ្ញុំ គឺប្រភេទយន្តហោះ Boeing B737 ចេញដំណើរពីទីក្រុង Barcelona ឆ្ពោះទៅកាន់ដែនកោះ Ibiza (ប្រទេសអេស្ប៉ាញ) វាពិតជាមានរយៈពេលខ្លីណាស់សម្រាប់ការហោះហើរ ត្រឹមតែ៣៣នាទីតែប៉ុណ្ណោះ»

អ្វីដែលពិសេសជាងនេះទៅទៀតនោះ ការងារមួយនេះបានបង្រៀនឲ្យនាង ជំរុញលើកទឹកចិត្តដល់សុភាពនារីគ្រប់រូប ឲ្យមានភាពក្លាហានចាប់យកអាជីពដ៏អស្ចារ្យមួយនេះដូចជារូបនាងផងដែរ។  Michella ថាកាលពីតូចនាងមិនដែលដឹងសោះថា នារីៗក៏អាចធ្វើជាពីឡុតបានដែរសោះ។ ប៉ុន្តែនៅពេលដែលមានការ ពន្យល់ណែនាំពីលោកតារបស់នាង ទើបនាងដឹងកាន់តែច្បាស់។

នាងថាមិនមែនពិភពលោកមួយនេះ មានតែមនុស្សប្រុសទើបអាចធ្វើជាពីឡុតបាននោះទេ។ ព្រោះថាបច្ចុប្បន្នមនុស្សស្រីជាច្រើន ក៏បានក្លាយខ្លួនជាពីឡុតដែរ។ យើងត្រូវតែបង្ហាញប្រាប់មនុស្សប្រុសបានឲ្យដឹង នារីៗក៏មានសមត្ថភាពមិនចាញ់បុរសដែរ៕ 

ប្រភព៖ ដេលីម៉ែល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]