អេស្ប៉ាញ៖ ក្រុមស្តេចស Real Madrid បានចាញ់ក្រោមថ្វីជើងក្រុមអ្នកមានបុណ្យ Barcelona ដោយលទ្ធផល ២-៣ ក្នុងកីឡដ្ឋាន Santiago Bernabeu កាលពីយប់មិញនេះ។

ក្រុមម្ចាស់ផ្ទះ Real Madrid បានរកគ្រាប់បាល់នាំមុខបានមុនដោយខ្សែបម្រើ Casemiro នៅនាទី២៨ តែត្រូវបានតារាឆ្នើមរបស់ក្រុមភ្ញៀវ គឺកីឡាករ Lionel Messi រកបានគ្រាប់បាល់តាមស្មើវិញនៅនាទី៣៣។

ចូលដល់តង់ទីពីរខ្សែបម្រើ Ivan Rakitic រកបានមួយគ្រាប់ទៀតជួយអោយក្រុមភ្ញៀវនាំមុខវិញម្តង ខណៈនាទី៧៧ ខ្សែការពារ Sergio Ramos បានទទួលបានកាតក្រហមដោយសារទាក់ជើង Messi ។

ក្រោយបាត់បង់សមាជិកម្នាក់ Real Madrid នៅតែអាចរកបានមួយគ្រាប់ទៀតនៅនាទី៨៥ដោយកីឡាករ James Rodriguez ដែលប្តូរចូលនៅនាទី៨២។ ជិតចប់ការប្រកួតទៅហើយ ពោលគឺនៅក្នុងម៉ោងបន្ថែម Lionel Messi រកបានគ្រាប់ចុងក្រោយ ហើយក៏ជាគ្រាប់បាល់ទី ៥០០ របស់គេក្នុង La Liga ផងដែរ ដែលជួយអោយក្រុម Barcelona យកឈ្នះ Real Madrid ក្នុងលទ្ធផល ៣-២ ឡើងលើកំពូលតារាងវិញម្ដង ដោយមានពិន្ទុស្មើនឹង Real Madrid តែឈ្នះគ្រាប់ស៊ុត ខណៈ Real នៅសល់១ប្រកួត ក្នុងដៃ៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]