អេស្ប៉ាញ៖ នៅយប់ថៃ្ងអាទិត្យ ក្លឹបធំជាងគេលើលោកចំនួន២ នឹងត្រូវជួបប្រកួតគ្នា ហើយការប្រកួតនេះ ក៏អាចសម្រេចជោគវាសនា ថាតើក្រុមណានឹងអាចលើកពានលីកកំពូល La Liga ក្នុងរដូវកាលនេះផងដែរ។

ក្រុមអ្នកមានបុណ្យ FC Barcelona ដែលតាមពីក្រោយ ៣ពិន្ទុ ពីក្រុមកំពូលតារាង Real Madrid នឹងខិតខំប្រឹងប្រែងធើ្វយ៉ាងណាដើម្បីឈ្នះការប្រកួតមួយនេះ ស្របពេលដែលក្រុមអធិរាជស Real Madrid ក៏នឹងព្យាយាមយ៉ាងណា រក្សាតំណែងកំពូលតារាងរបស់ខ្លួន ដោយត្រូវយកឈ្នះនូវការប្រកួតទល់នឹងក្រុមគូប្រជែងធំបំផុតរបស់ខ្លួន ហើយសង្ឃឹមនឹងលើកពានលីក ដែលខ្លួនខកខានតាំងពីឆ្នាំ២០១២។

យ៉ាងណាក៏ដោយ ការកាត់សេចក្ដីពីសំណាក់អាជ្ញាកណ្ដាល ក៏ជារឿងសំខាន់ផងដែរ ក្នុងការប្រកួត ដោយនៅប៉ុន្មានប្រកួតចុងក្រោយ នារដូវកាលនេះ គឺមានភាពចម្រូងចម្រាស់គ្នាយ៉ាងខ្លាំងជុំវិញការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាលលើទីលាន។ 

លោក Alejandro Hernandez Hernandez ដែលនឹងត្រូវកាត់ក្ដីក្នុងជំនួបដ៏ធំមូយនេះ បានឲ្យដឹងថា «វាពិតជាមិនមានភាពងាយស្រួលនោះទេ ក្នុងយប់ដែលខ្ញុំធើ្វការកាត់សេចក្ដីនៃការប្រកួតនោះ»

គួរបញ្ជាក់ផងដែរថា ក្លឹបទាំងពីរ ពោលគឺក្លឹប Real Madrid នឹង Barcelona គឹមានភាពមិនប្រក្រតី ជុំវិញអាជ្ញាកណ្ដាលកាត់សេចក្ដី ដោយសារតែ កាលពីប្រកួតរវាង Barcelona នឹង PSG មនុស្សជាច្រើនបានយល់ថា អាជ្ញាកណ្ដាលគឺលំអៀងទៅ Barcelona ស្របពេលដែលកាលពីប្រកួតរវាង Real Madrid ទល់នឹង Bayern Munich មនុស្សជាច្រើនក៏យល់ឃើញថា អាជ្ញាកណ្តាលហាក់ដូចជាលំអៀងទៅលើក្រុម Real Madrid។

លោក Hernandez ដែលនឹងក្លាយជាអាជ្ញាកណ្ដាលកាត់សេចក្ដីក្នុងជំនួប El Clasico នាចុងសប្ដាហ៍នេះ បានបញ្ជាក់ថា រូបលោកនឹងកាត់សេចក្ដីធម្មតា ដូចការប្រកួតដែលលោកធ្លាប់ធើ្វរាល់ដង។  

រូបលោកបាននិយាយទៅកាន់សារព័ត៌មាន Marca របស់អេស្ប៉ាញបន្ថែមទៀតថា «ខ្ញុំនឹងកាត់សេចក្ដីចំពោះកីឡាករ ដូចដែលខ្ញុំធ្លាប់ធើ្វរាល់ការប្រកួតពីមុនៗចឹង ហើយខ្ញុំក៏ធ្លាប់កាត់សេចក្ដីការប្រកួត El Clasico ម្ដងរួចមកហើយ ហើយឥឡូវ ខ្ញុំបានរៀបចំរួចអស់ហើយ ក្នុងការកាត់សេចក្ដីម្ដងទៀតសម្រាប់ការប្រកួតនេះ ហើយខ្ញុំនឹងធើ្វឲ្យបានល្អបំផុតសម្រាប់ការប្រកួតដ៏ធំនេះ»។

ក្រុមអធិរាជស Real Madrid នឹងត្រូវបើកទ្វារកីឡដ្ឋាន Santiago Bernabéu របស់ខ្លួន ស្វាគមន៍ក្រុមគូប្រជែង FC Barcelona នៅយប់ថៃ្ងអាទិត្យ ឈានចូលថៃ្ងច័ន្ទ វេលាម៉ោង ១:៤៥នាទី រំលងអាធ្រាត ក្នុងក្របខណ្ឌ La Liga របស់អេស្ប៉ាញ៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]