ចិន៖ ហេតុការណ៍ដ៏កម្រមួយបានកើតឡើង ធ្វើឲ្យមហាជនជាច្រើន មានភាពភ្ញាក់ផ្អើលនិងរន្ធត់ចិត្តយ៉ាងខ្លាំង ដោយសារតែកុមារាអាយុទើបតែ៧ឆ្នាំម្នាក់ អាចរួចជីវិតពីសេចក្តីស្លាប់បាន បន្ទាប់ពីក្មេងប្រុសរូបនេះ បានលោតទម្លាក់ខ្លួនពីលើអគារកម្ពស់១០ជាន់ កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ ក្នុងទីក្រុង Suzhou ភាគខាងត្បូងខេត្ត Jiangsu ប្រទេសចិន។

យោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍រន្ធត់នេះ បានកើតឡើង បន្ទាប់ពីកុមារារងគ្រោះបានមើលរឿងតុក្កតាច្រើនពេក ដោយឃើញតួអង្គសម្តែងក្នុងគំនូរជីវចល កាន់ឆ័ត្រយោងលោតទម្លាក់ខ្លួនពីលើទីខ្ពស់ ធ្លាក់មកដល់ដីបានដោយសុវត្ថិភាព និងគ្មានគ្រោះថ្នាក់ប៉ះពាល់ដល់អាយុអាជីវិត ទើបបណ្តោយចិត្តឲ្យក្មេងប្រុសខាងលើនេះ ព្យាយាមសាកល្បងធ្វើត្រាប់តាម ដោយកាន់ឆ័ត្ររបស់គេ លោតទម្លាក់ខ្លួនពីលើអគារតាមតែម្តងទៅ។

ជាសំណាងល្អ ដែលកុមារារងគ្រោះអាចនៅរស់រានមានជីវិត បន្ទាប់ពីឆត្ររបស់គេបានធ្លាក់ទាក់ ទៅប៉ះនឹងខ្សែភ្លើងអគ្គីសនី នៅទីសាធារណៈក្នុងទីក្រុង ជាហេតុធ្វើឲ្យបង្អង់ល្បឿននៃការធ្លាក់ ប៉ុន្តែទោះបីជាយ៉ាងណាក្តី កុមារារងគ្រោះនៅតែទទួលរងរបួសធ្ងន់។

ក្រោយកើតហេតុកុមារារងគ្រោះ ក៏ត្រូវបានគេប្រញាប់ប្រញាល់ ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ។ ឆ្លងតាមរយៈការពិនិត្យយ៉ាងយកចិត្តទុកដាក់ ខាងក្រុមគ្រូពេទ្យបានឲ្យដឹងថា ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរ ជីវិតរបស់កុមារារងគ្រោះខាងលើនេះ គឺស្ថិតក្រោមការគំរាមកំហែងខ្លាំង ឬអាចនឹងបាត់បង់ជីវិតក៏ថាបាន ៕

ប្រភព៖ Shanghaiist

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]