(ភ្នំពេញ)៖ ជំនួបជើងទី២ នៃវគ្គជម្រុះពូលF ពានរង្វាន់ក្លឹបបាល់ទាត់ជើងឯកអាស៊ី AFC Cup 2017 រវាងក្រុមបឹងកេតអង្គររបស់កម្ពុជា និងក្រុមខ្លាំងម៉ាឡេស៊ី Johor Darul Ta'zim បានបញ្ចប់ជាស្ថាពរហើយ ដោយក្រុមភ្ញៀវ Johor DT បានយកឈ្នះក្រុមម្ចាស់ផ្ទះបឹងកេត ដោយលទ្ធផល ៣-០ ដើម្បីរក្សាកៅអីចំណាត់ថ្នាក់លេខ២ ក្នុងពូល និងមាន ១០ពិន្ទុក្នុងដៃ ។

គ្រាប់បាល់ជ័យជម្នះរបស់ក្រុម Johor DT គឺធ្វើសម្រេចដោយកីឡាករ Safawi Bin Rasid នៅនាទីទី៨ និងកីឡាករ Nazmi នៅនាទីទី២៦ ។ មិនតែប៉ុណ្ណោះ នៅចុងតង់ទីដដែល កីឡាករក្រុម Johor DT ក៏មានឱកាសស៊ុតបាល់ពិន័យ ១១ម៉ែត្រផងដែរ តែធ្វើមិនបានសម្រេច ក្រោយការរារាំងពីអ្នកចាំទីរបស់បឹងកេត ស៊ូ យ៉ាទី ។ តែគួរឲ្យស្ដាយចង់ទី២ កីឡាករក្រុម Johor DT បានបន្ថែម ១គ្រាប់ទៀត ដើម្បីផ្ដល់ការបរាជ័យដល់ក្រុមបឹងកេត ៣-០ ដូចកាលពីជួបគ្នាជើងទី១ ដែរ ។

ការបរាជ័យជាលើកទី២ ក្រោមថ្វីជើងក្រុម Johor DT នេះ បានធ្វើឲ្យក្រុមបឹងកេតអង្គរ ជ្រុះចេញពីការប្រកួតពានរង្វាន់ AFC Cup 2017 ទៅហើយ បន្ទាប់ពីឆ្លងកាត់ ៥ប្រកួតឈ្នះ១ ស្មើ១ និងចាញ់៣ មាន ៤ពិន្ទុ ។ ចំណែកការបន្ថែម ៣ពិន្ទុរបស់ក្រុម Johor DT បានធ្វើឲ្យអតីតក្រុមជើងឯកឆ្នាំ២០១៥នេះ បន្ដតាមពីក្រោយក្រុម Global FC របស់ហ្វីលីពីន ដោយឈរចំណាត់ថ្នាក់លេខ២ និងមាន ១០ពិន្ទុ ខណៈក្រុម Global ឈរកំពូលតារាង និងមាន ១២ពិន្ទុ ។

ដូច្នេះក្រុមត្រូវឡើងវគ្គបន្ដ នៅមិនទាន់ច្បាស់ជាក្រុម Global ឬក្រុម Johor DT នោះទេ ដោយសារក្រុមទាំងពីរនៅសល់មួយប្រកួតក្នុងដៃ និងមានពិន្ទុប្រកៀកប្រកិតគ្នានៅឡើយ ។ សម្រាប់មួយប្រកួតចុងក្រោយរបស់ក្រុម Global គឺត្រូវជួបក្រុមបឹងកេតអង្គរ នៅលើទឹកដីរបស់ខ្លួន ខណៈក្រុម Johor DT ត្រូវបើកទ្វារទទួលក្រុម Magwe របស់មីយ៉ាន់ម៉ា ។ ការប្រកួតនេះក្រុម Global និង Johor សុទ្ធតែត្រូវការឈ្នះដាច់ខាត ដើម្បីឡើងវគ្គបន្ដដោយស្វ័យប្រវត្តិ បើក្រុមណាចាញ់ នឹងត្រូវលេងវគ្គជម្រុះជាមួយក្រុមលេខ២ តាមពូលផ្សេងៗ ជាថ្មី ៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]