នារីៗដែលមានមាឌតូចល្អិត មានគុណសម្បត្តិពិសេសមួយ គឺមើលទៅក្មេងជាងអាយុពិតជានិច្ច។ ប៉ុន្តែបើនិយាយពីគុណវិបត្តិវិញគឺ ពិបាកជ្រើសរើសសម្លៀកបំពាក់ តុបតែងខ្លួនណាស់ ពីព្រោះតែខ្លួនតូចហើយដៃជើងក៏ខ្លីថែមទៀត។

ប៉ុន្តែសូមកុំបារម្ភអី! ថ្ងៃនេះយើងនឹងបង្ហាញពីតិចនិច និងរបៀបរៀបចំខ្លួនមួយចំនួន សម្រាប់នារីៗមាឌល្អិតជាពិសេស ដើម្បីឲ្យមើលទៅឃើញខ្ពស់ និងស្លីមស្អាត ដូចខាងក្រោមនេះ ៖

១. អាវ និងសំពត់

អ្នកត្រូវចៀសវាងការពាក់អាវរលុងទម្លាក់ចុះមកត្រគាក ពីព្រោះវាធ្វើឲ្យខ្លួនមួយកំណាត់លើរបស់អ្នក មើលទៅធំ និងវែង ព្រមទាំងបណ្តាលឲ្យ ជើងមើលទៅខ្លី។ ហេតុនេះ អ្នកគួរតែដាក់អាវចូលសំពត់ ទើបអាចជួយឲ្យមើលឃើញត្រគាកច្បាស់ និងឃើញជើងវែង ជាងមុន ជាពិសេស មើលទៅមានរាងស្គមស្តើងស្អាត។

២. ខ្សែក្រវ៉ាត់ និងស្បែកជើង

ប្រសិនបើអ្នកចូលចិត្តពាក់ស្បែកជើង មានក្រវ៉ាត់ត្រង់កជើង អ្នកត្រូវជ្រើសរើសស្បែកជើង ដែលមានពណ៌ស្រដៀងនឹងពណ៌ស្បែករបស់អ្នក ពីព្រោះពណ៌ឆើតពេក អាចធ្វើឲ្យជើងមើលទៅកាន់តែខ្លី។ មួយវិញទៀត អ្នកគួរចៀសវាងខ្សែក្រវ៉ាត់ធំៗ ពីព្រោះវាបែរជាធ្វើឲ្យទទឹងខ្លួនមានភាពធំជាងមុន។

៣. អាវធំ ឬអាវក្រៅ

នារីមាឌតូច មិនគួរពាក់អាវធំ អាវក្រៅ ឬឈុត ដែលមានទំហំធំជាងខ្លួនពេកនោះទេ ពីព្រោះវាមើលទៅធ្វើឲ្យជើងខ្លី ហេតុនេះ អ្នកគួរជ្រើសយកអាវ ដែលមានទំហំតូចល្មម និងមិនវែងហួសត្រគាក ទើបជាការប្រសើរ។

បើនិយាយពីរបៀបរើសកាបូបស្ពាយវិញ គឺកុំឲ្យទទឹងលើសពី ២៥ ទៅ ២៧ សង់ទីម៉ែត្រ។ បើកាតាបស្ពាយពីក្រោយវិញ គួរជ្រើសយករាងកាបូប បែបត្រីកោណ ទើបសក្តិសម។ 

៤. អាវចាក់វែង

ជាក់ស្តែងអាវចាក់វែង ជាអាវដែលជួយឲ្យនារីៗមានមាឌតូចល្អិត មើលទៅខ្ពស់ ដោយសារតែប្រវែងវែងរបស់វា។ ប៉ុន្តែអ្នកត្រូវចងចាំថា មិនត្រូវជ្រើសរើសអាវចាក់វែង ដែលមាន ក អាវធំពេក ឬដូចជាតុបតែងសំពីងសំពោង (ឧទាហរណ៍ ហោប៉ៅច្រើន) ពេកនោះទេ ពីព្រោះវាអាចបំផ្លាញរូបរាងស្តើង ខ្ពស់របស់អ្នកបាន។

៥. រ៉ូប

រ៉ូបធំៗគឺបានតែនារីៗមានរាងខ្ពស់ស្រាប់ទេ ទើបស្លៀកស្អាត ពីព្រោះសម្រាប់អ្នកមានមាឌតូច វាធ្វើឲ្យមើលទៅមិនស្អាត ហើយឃើញជើងខ្លីទៀត។ ហេតុនេះ អ្នកគួរជ្រើសរើសរ៉ូបរឹបតាមចង្កេះ និងត្រគាក ទើបសក្តិសមឥតខ្ចោះ។

៦. ពណ៌សម្លៀកបំពាក់

ពណ៌សម្លៀកបំពាក់ ដែលខុសគ្នាខ្លាំង (ដូចជា អាវពណ៌ភ្លឺ ជាមួយនឹងខោពណ៌ងងឹត) អាចមើលទៅដូចជាចែកខ្លួនអ្នកជា ២ យ៉ាងអ៊ីចឹង រហូតធ្វើឲ្យឃើញប្រវែងជើងខ្លីរបស់អ្នកបានយ៉ាងច្បាស់ ជាពិសេស សម្លៀកបំពាក់ពណ៌ភ្លឺ អាចបណ្តាលឲ្យមើលឃើញរាងកាន់តែរីកធំ។ ហេតុនេះ អ្នកគួរជ្រើសរើស អាវពណ៌បែប ស ខ្មៅ ឬប្រផេះ ស្រដៀងទៅនឹងខោ ទើបស៊ីគ្នា។ 

៧. អាវ និងខោខូវប៊យ

អាវខើច ជាអាវដែលសក្តិសមបំផុត សម្រាប់នារីតូចល្អិត។ ជាពិសេស បើបានស្លៀកជាមួយនឹងខោខូវប៊យ ចង្កេះវែង គឺកាន់តែស្រស់ស្អាត ហើយសំខាន់បំផុត គឺឃើញជើងវែង។ ជាក់ស្តែងអ្នកអាចពាក់អាវខើច ជាមួយនឹងសំពត់ក៏បានដែរ។ ជឿទេថា អ្នកនឹងភ្ញាក់ផ្អើលពីភាពខុសប្លែក ជាក់ជាមិនខាន៕ 

ប្រភព៖ Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]