ភ្នំពេញ៖ ឆាប់ៗខាងមុខនេះ តារាសម្តែងដ៏មានប្រជាប្រិយភាពក្នុងវិស័យសិល្បៈហុងកុង លោក Ruco Chan នឹងមកបង្ហាញខ្លួនសារជាថ្មីនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនក្នុងខ្សែភាពយន្តរឿង «ល្បិចក្នុងវង់ល្បែង» ឬ Burning Hand។

នេះមិនមែនជាលើកទីមួយទេដែលលោកបង្ហាញខ្លួនក្នុងរឿងភាគហុងកុង TVB នៅលើកញ្ចក់ទូរទស្សន៍PNN ពោលគឺលោកធ្លាប់បានសម្តែងក្នុងរឿង «វិថីជីវិត» និងរឿង «កណ្តាប់ដៃជ្រែកជញ្ជាំង» រួចមកហើយនាពេលកន្លងមក។

ដោយឡែករឿង «ល្បិចក្នុងវង់ល្បែង» គឺជារសជាតិថ្មីមួយទៀត ដែលរៀបរាប់ពីការសងសឹក ល្បិចកិចកល ដើម្បីក្លាយជាអ្នកខ្លាំងក្នុងវង់ល្បែង រហូតដល់ថ្នាក់យកជីវិតមកភ្នាល់ដាក់លើតុល្បែង ឈ្នះបានលុយ តែបើចាញ់នឹងត្រូវអស់ជីវិត។

ក្នុងជីវិតពិតរបស់លោក Ruco Chan វិញ លោកគឺជាតារាសម្តែង និងចម្រៀងដែលមានវ័យ ៤០ឆ្នាំហើយ ប៉ុន្តែលោកនៅតែទទួលបានប្រជាប្រិយភាពខ្លាំង។ លោកបានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ១៩៩៤ ពេលដែលលោកមានវ័យ១៧ឆ្នាំ។

តាំងពីចាប់ផ្តើមប្រឡូកចូលក្នុងវិស័យសិល្បៈ លោកទទួលបានភាពជោគជ័យយ៉ាងខ្លាំង។ ខ្សែភាពយន្តដែលលោកធ្លាប់បានសម្តែងភាគច្រើនគឺជាតួឯក។

រឹតតែពិសេស តារាវ័យ៤០ឆ្នាំរូបនេះ ធ្លាប់បានទទួលពានរង្វាន់ My Favorite TVB Actor ក្នុងព្រឹត្តិការណ៍ TVB Star Awards Malaysia រយៈពេលពីរឆ្នាំជាប់គ្នា គឺឆ្នាំ២០១៥ និង ២០១៦។ ក្នុងឆ្នាំ២០១៦ដដែល លោកក៏ទទួលបានពានរង្វាន់មួយទៀតក្នុងព្រឹត្តិការណ៍TVB Anniversary Award for Best Actor ដោយពានរង្វាន់នេះទទួលបានបន្ទាប់ពីលោកសម្តែងរឿង A Fist Within Four Walls។

ស្ថានីយទូរទស្សន៍PNN នឹងផ្លាស់ប្តូរម៉ោងចាក់ផ្សាយខ្សែភាពយន្តភាគ TVB។ ទស្សនិកជននឹងបានទស្សនារឿងTVB ទាំងពីររឿងនាពេលថ្ងៃត្រង់ ពីថ្ងៃច័ន្ទ ដល់សុក្រ ក្នុងនោះចាប់ពីម៉ោង១១ដល់ម៉ោង១២ថ្ងៃត្រង់ ប្រិយមិត្តនឹងបានទស្សនារឿង «អាថ៍កំបាំងមរណៈ» ហើយចាប់ពីម៉ោង ១២ ដល់ម៉ោង១រសៀល ប្រិយមិត្តនឹងបានទស្សនារឿង «ល្បិចក្នុងវង់ល្បែង» ដែលនឹងត្រូវចាក់ផ្សាយនៅថ្ងៃទី១៧ ខែមេសា នេះតទៅ៕

សូមទស្សនាឈុតខ្លីខាងក្រោមនេះ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]