ហ្ស៊ីមបាវ៉េ៖ យោងតាមវីដេអូមួយ ដែលត្រូវបង្ហោះដោយសារព័ត៌មាន BBC កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ បានបង្ហាញថា ការចងដៃជាសាច់ប្រាក់ នៅពិធីអាពាហ៍ពិពាហ៍ ក្នុងប្រទេសហ្ស៊ីមបាវ៉េ បានវិវត្តន៍ទៅមុខខ្លាំងមែនទែន ដោយប្រើកាត អេធីអឹម ជំនួសវិញ។

រាល់ភ្ញៀវដែលទៅចូលរួមពិធីមង្គលការ មិនចាំបាច់យកសាច់ប្រាក់ ទៅតាមខ្លួនទៀតឡើង ឲ្យតែមានកាត អេធីអឹមមួយគឺគ្រប់គ្រាន់ ចង់ចងដៃប៉ុន្មាន ឆូតតែមួយខ្វាច់ ជាការស្រេច។

ភ្ញៀវដែលទៅចូលរួមពិធីមង្គលការម្នាក់ បាននិយាយថា “ខ្ញុំមិនបានយកប្រាក់មកទេ ប៉ុន្តែខ្ញុំមានកាត អេធីអឹម នៅជាប់ខ្លួន។ វាពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលណាស់នៅពេលដែលខ្ញុំបានឃើញម៉ាស៊ីនឆូតកាត នៅក្នុងរោងការបែបនេះ”៕

តោះមកមើលវីដេអូខាងក្រោមនេះ៖ 

ដោយឡែកព័ត៌មានគួូរឲ្យចាប់អារម្មណ៍មួយទៀត៖ 

ប្រទះឃើញក្មេងស្រី ដូចក្នុងរឿងម៉ៅឃ្លី ដើរជើងបួន និយាយភាសាសត្វ និងរស់នៅជាមួយសត្វស្វា

សារព័ត៌មានដេលីម៉ែល បានចុះផ្សាយកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ថា ក្មេងស្រីអាយុ ០៨ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញ កំពុងរស់នៅជាមួយសត្វស្វាជាច្រើនក្បាល នៅក្នុងប្រទេសឥណ្ឌា ហើយនាងថែមទាំងមិនចេះដើរ ឬក៏និយាយដូចជាមនុស្សទេ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីដែលនិយាយភាសាស្តាប់មិនបានមួយម៉ាត់ តាមរយៈការបន្លឺសម្លេងដើម្បីប្រាស្រ័យទាក់ទង និងដើរជើង៤នេះ ត្រូវបានប៉ូលិសមួយក្រុមប្រទះឃើញ នៅក្នុងព្រៃដ៏ដាច់ស្រយ៉ាលមួយ ស្ថិតក្នុងទីក្រុង Bahraich ភាគខាងជើងប្រទេសឥណ្ឌា។

ក្រោយពីបានរកឃើញ មនុស្សម្នាបានហៅនាងថា “ក្មេងស្រីម៉ៅឃ្លី (Mowgli Girl)” ដោយសារតែនាងមានសភាពស្រដៀងទៅនឹងតួអង្គនៅក្នុងរឿង ”The Jungle Book” ដ៏ល្បីល្បាញ គឺក្មេងប្រុសម៉ៅឃ្លី ដែលរស់នៅក្នុងព្រៃ ក្រោមការចិញ្ចឹមបីបាច់របស់ហ្វូងចចក។

អាជ្ញាធរក្នុងតំបន់បានប្រាប់ឲ្យដឹងថា ក្មេងស្រីចម្លែកនេះ ហាក់បីដូចជារស់នៅចុះសម្រុង និងមានក្តីសុខណាស់ ជាមួយហ្វូងសត្វស្វា នៅដែនជម្រកសត្វព្រៃ Katarniaghat Wildlife Sanctuary ក្បែរព្រំដែនប្រទេសនេប៉ាល់។ ខណៈពួកគេកំពុងព្យាយាមស្វែងចម្លើយថា នាងតូចនេះជាអ្នកណាឲ្យពិតប្រាកដ នាងមកពីណា ហើយនាងបានរស់នៅក្នុងព្រៃ តាំងពីពេលណា។

យោងតាមកាសែត Times of India បានឲ្យដឹងថា នាងតូចនេះ ត្រូវបានក្រុមអ្នកដើរកាប់អុសក្នុងព្រៃប្រទះឃើញ មុនពេលដែលលោកអនុអធិការ Suresh Yadav ដែលកំពុងដើរល្បាតតាមទម្លាប់ នៅទីតាំងជិតនោះបានដឹង ហើយក៏បានបញ្ជូននាងទៅមន្ទីរពេទ្យ។

លោកវេជ្ជបណ្ឌិត D.K. Singh ប្រធានអគ្គនាយកនៃមន្ទីរពេទ្យវេជ្ជសាស្រ្តដែលគ្រប់គ្រងដោយរដ្ឋាភិបាល បានឲ្យដឹងថា ដំបូងឡើយនាងបានបញ្ចេញកាយវិការដូចសត្វ ហើយរត់ដោយប្រើដៃជើងទាំង៤ មិនតែប៉ុណ្ណោះថែមទាំងប្រើមាត់ញ៉ាំអាហារនៅលើដីថែមទៀតផង។ តែយ៉ាងណាមិញ បន្ទាប់ពីទទួលបានការព្យាបាល នាងចាប់ផ្តើមដើរធម្មតា និងប្រើដៃញ៉ាំអាហារវិញហើយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]